បញ្ហា​បរិស្ថាន​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែត

ក្រុម​អ្នក​ដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរ​ជាតិ​បាន​រអ៊ូ​រទាំ​ជុំវិញ​ការ​បំពុល​បរិស្ថាន​នៅ​ច្រក​ទ្វារ​អន្តរ​​ជាតិ​ប៉ោយ​ប៉ែត។ ការ​បំពុល​បរិស្ថាន​នេះ គឺ​បាន​បង្ក​ឡើង​ដោយ​សារ​ការ​បង្ហូរ​ទឹក​សំអុយ​ចេញ​តាម​លូ​របស់​អគារ​​កាស៊ីណូ​ជា​ច្រើន​កន្លែង នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

0:00 / 0:00

ក្លិន​ទឹក​ស្អុយ​ក្នុង​ដង​អូរ​តំបន់​ច្រក​ទ្វារ​ឆ្លង​កាត់​ព្រំដែន បាន​សាយ​ភាយ​ពាស​ពេញ​ទី​ប្រជុំ​ជន នៅ​ក្នុង​បរិវេណ​គល់​ស្ពាន​មិត្ត​ភាព​កម្ពុជា​ថៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ កំពុង​បំពុល​បរិស្ថាន ព្រម​ទាំង​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរ​ជាតិ ដែល​​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​នៅ​ទី​នោះ។

នៅ​តាម​មាត់​អូរ​ជាប់​គល់​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ គេ​សង្កេត​ឃើញ​សំរាម​ថង់​ផ្លាសស្ទីក ត្រូវ​បាន​គេ​យក​បោះ​គរ​ចោល​នៅ​ក្នុង​អូរ និង​មាន​មុខ​លូ​បង្ហូរ​ទឹក​ស្អុយ​ជា​ច្រើន​កន្លែង​របស់​អគារ​កាស៊ីណូ​នៅ​ក្នុង​ទី​ប្រជុំ​ជន​ក្រុង​ប៉ោយ​ប៉ែត។

លោក ខៀវ បូរី រស់​នៅ​ក្រុង​ប៉ោយ​ប៉ែត​បាន​មាន​ប្រសាសន៍​ថា ក្លិន​ទឹក​ស្អុយ ដែល​សាយ​ភាយ​ចេញ​ពី​​ក្នុង​អូរ បាន​បង្ក​ឲ្យ​មាន​បរិយាកាស​មិន​ល្អ​ទាល់​តែ​សោះ ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ប្រើ​ប្រាស់​ទឹក​អូរ​នោះ ជា​ពិសេស ចំពោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិ ដែល​បាន​ឆ្លង​​កាត់​​ច្រក​​ទ្វារ​​អន្តរ​​ជាតិ​ប៉ោយ​ប៉ែត ៖ «ទឹក​ស្អុយ​មាន​ផល​ប៉ះ​ពាល់​ទី​១ មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន ទី​២​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​គាត់​ឆ្លង​កាត់​តាម​ហ្នឹង​មួយ​ថ្ងៃ​ៗ»

អគារ​កាស៊ីណូ​ជា​ច្រើន នៅ​ក្នុង​ទី​ប្រជុំ​ជន​ក្រុង​ប៉ោយ​ប៉ែត បាន​បង្ហូរ​ទឹក​ស្អុយ​ចូល​ក្នុង​អូរ​ទាំង​អស់ ជាក់​ស្តែង គេ​សង្កេត​ឃើញ​មាន​លូ​បង្ហូរ​ទឹក​ស្អុយ​ទាំង​នោះ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ចំ​ក្បែរ​គល់​ស្ពាន់ ជាប់​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត បាន​ជះ​ក្លិន​ស្អុយ​នៅ​ទី​នោះ។

ក្រុម​អ្នក​ដំណើរ និង​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ពេល​ធំ​ក្លិន​ស្អុយ បាន​រៀប​រាប់​ថា ក្លិន​ស្អុយ​បាន​ធ្វើ​អាប់​អូរ​បរិយាកាស​នៅ​ទី​នោះ និង​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​យ៉ាង​ខ្លាំង ៖ «និយាយ​មិន​ស្អុយ​ម៉េច អា​ហ្នឹង​ទឹក​កាស៊ីណូ​វា ទឹក​ស្អុយ​ៗ អី​ក៏​ហូរ​មក​តាម​ហ្នឹង​ដែរ»

លោក សៅ សារិទ្ឋ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គល់​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ បាន​បន្ថែម​ថា ក្លិន​ស្អុយ​បាន​រំខាន​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មក​ទឹក​ដី​ប្រទេស​កម្ពុជា ៖ «អូរ​ក្លិន​ស្អុយ​ជះ​ពេញ​ទាំង​អស់ អ្នក​ធ្វើ​ដំណើរ​គ្រប់​គ្នា​គេ​ធុន​ទ្រាន់ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច មិន​ដឹង​ឲ្យ​ខាង​ណា​គេ​ចាត់​វិធាន​ការ​រឿង​ហ្នឹង ទី​កន្លែង​នោះ​គឺ​ជា​ទី​កន្លែង​ដែល​ភ្ញៀវ​អន្តរ​ជាតិ​ចេញ​ចូល​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ យើង​វា​អត់​សម​មាន​ប្រភព​អ៊ីចឹង​កើត​ឡើង​ទេ ព្រោះ​ស្អុយ​ណាស់ អ៊ីចឹង​គួរ​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ណា​មួយ ដើម្បី​ទប់​ស្កាត់​បញ្ហា​ស្អុយ​ហ្នឹង»

ក្រុម​អ្នក​ដំណើរ​ខ្លះ ដែល​ឈាន​ជើង​ចូល​ដល់​គល់​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ បាន​រិះគន់​ថា ការ​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​ថែ​ទាំ​បរិស្ថាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខ​មាត់​ប្រទេស​ជាតិ ព្រោះ​ថា​កន្លែង​បំពុល​បរិស្ថាន​នោះ គឺ​ជា​ច្រក​ទ្វារ​អន្តរ​ជាតិ​មួយ​របស់​ប្រទេស​កម្ពុជា ៖ «ប៉ះ​ពាល់​បរិស្ថាន រំខាន​ការ​ប្រើ​ប្រាស់​ទឹក ហូរ​ទឹក​ពី​កាស៊ីណូ​មក និយាយ​រួម​ដង​អូរ​ហ្នឹង នេសាទ​បាន​ត្រី​តែ​ហូប​អត់​កើត មិន​ត្រឹម​តែ​ប៉ុណ្ណឹង វា​ទៅ​ដល់​អា​អូរ​ខៃ​ណន និយាយ​រួម​ដល់​ស្ទឹង​សែ​សិន»

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​វិធាន​ការ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​ទេ ក្នុង​ការ​កែ​លម្អ​បរិស្ថាន​នៅ​ទី​នោះ ជា​ពិសេស​ទៅ​លើ​បញ្ហា​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​បង្ហូរ​ទឹក​ស្អុយ។ លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​ជុំវិញ​បញ្ហា​ខាង​លើ​នេះ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​នឹង​ចាត់​វិធានការ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​គិត​គូរ​ជុំវិញ​ការ​បំពុល​បរិស្ថាន​នេះ ៖ «ចាំ​មើល​ខ្ញុំ​ឲ្យ​អភិបាល​ក្រុង គេ​រាយ​ការណ៍​ឲ្យ​ខ្ញុំ​សិន»

ចៅ​សង្កាត់​ប៉ោយ​ប៉ែត លោក សាន ស៊ាន​ហូ បាន​អះ​អាង​ថា ដើម្បី​លុប​បំបាត់​ការ​បំពុល​បរិស្ថាន ដែល​បង្ករ​ឡើង​ដោយ​ការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​កាស៊ីណូ ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​តម្រូវ​ឲ្យ​ម្ចាស់​កាស៊ីណូ​ទាំង​នោះ រៀបចំ​អាង​ស្តុក​ចម្រោះ​ទឹក​ស្អុយ នៅ​តាម​អគារ​កាស៊ីណូ​នីមួយៗ ៖ «យើង​នឹង​ធ្វើ​ទៅ​មុខ​ទៀត យើង​នឹង​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ​មិន​នឹង​ធ្លាក់​ចូល​ទៅ​អូរ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន ក៏​គេ​មាន​ធ្វើ​ដែរ​កន្លង​មក អាង​ចម្រោះ​មុន​នឹង​ទឹក​កង្វក់​ធ្លាក់​ចូល​ទៅ​ក្នុង​អូរ គេ​បាន​ធ្វើ ប៉ុន្តែ​មាន​ក្រុម​ហ៊ុន​ខ្លះ គេ​អត់​ទាន់​បាន​អនុវត្ត​នូវ​គោល​ការណ៍​ហ្នឹង​ទេ ខ្ញុំ​បាន​ធ្វើ​ការ​ណែនាំ​រួច​ហើយ»

នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​ព្រំដែន​ប្រទេស​ថៃ គេ​សង្កេត​ឃើញ​មាន​កាស៊ីណូ​ចំនួន​៧​កន្លែង ប៉ុន្តែ​គ្រប់​អគារ​កាស៊ីណូ​ទាំង​អស់ និង​សំណង់​ផ្សេងៗ បាន​សាង​សង់​លូ​បង្ហូរ​ទឹក​ចូល​ទៅ​ក្នុង​ដង​អូរ​ប៉ោយប៉ែត​ទាំង​អស់ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន និង​បញ្ហា​សុខភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​ពួក​គាត់​បាន​យក​ទឹក​នោះ​ទៅ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

អភិបាល​ក្រុង​ប៉ោយ​ប៉ែត លោក ទ្រី ណារិន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​កន្លង​ទៅ​នេះ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជា​ច្រើន​ដង​ដែរ ដើម្បី​ជជែក​គ្នា​ជុំវិញ​បញ្ហា​បរិស្ថាន ប៉ុន្តែ​នៅ​មិន​ទាន់​មាន​វិធានការ​ជាក់​លាក់​ណា​មួយ​ត្រូវ​បាន​ដាក់​ចេញ​នៅ​ឡើយ​ទេ ៖ «ឥឡូវ​យើង​កំពុង​ជជែក​គ្នា​អំពី​អូរ​ព្រំដែន​ហ្នឹង ដើម្បី​យើង​ដោះ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​បរិស្ថាន​យើង​ល្អ​ឡើង​វិញ ព្រោះ​កន្លង​មក ទាំង​ភាគី​យើង ទាំង​ខាង​ភាគី​ថៃ តែង​តែ​យក​អូរ​ហ្នឹង ទី​១ បោះ​សំរាម​ចូល​ក្នុង​អូរ ទី​២ បង្ហូរ​ទឹក​លូ​ចូល​ក្នុង​អូរ»

លោក ទ្រី ណារិន បាន​បន្ត​ថា បច្ចុប្បន្ន​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ កំពុង​បង្កើន​នូវ​យន្តការ​មួយ ដើម្បី​ចុះ​ទៅ​កើប​សំរាម​ចេញ​ពី​ក្នុង​អូរ​នោះ ៖ «អ៊ីចឹង​ខ្ញុំ​កំពុង​គិត​គូរ​បញ្ហា​ទាំង​អស់​ហ្នឹង​ហើយ ចាំ​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ក្រោយ។ កាល​ពី​មុន​យើង​ទៅ​ប្រជុំ​មិន​បាន​សម្រេច​អី​ទេ ឥឡូវ​យើង​ដាក់​ប្រជុំ​មួយ​ខែ​ម្ដង​ៗ សហ​ប្រតិបត្តិការ​រវាង​បរិស្ថាន ការ​ងារ​សន្តិសុខ ការ​ជួញ​ដូរ»

ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​លំនៅឋាន​នៅ​តាម​ដង​អូរ​បាន​ថ្លែង​ថា បញ្ហា​បំពុល​បរិស្ថាន​នៅ​ក្នុង​ទឹក​អូរ ដោយ​សារ​ការ​បោះ​ចោល​សំរាម និង​ការ​ដាក់​លូ​បង្ហូរ​ទឹក​ស្អុយ​របស់​អគារ​កាស៊ីណូ កំពុង​គំរាម​កំហែង​ដល់​សុខ​មាល​ភាព​របស់​អ្នក​ភូមិ​ថែម​ទៀត ៖ «កសិករ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​នៅ​តាម​ដង​អូរ ប្រើ​ត្រី​លែង​កើត​ត្រី​ហ្នឹង ធំ​ក្លិន​សាប៊ូ ត្រី​ច្រើន​មែន​ទែន​មួយ​សំណាញ់​សឹង​តែ​លើក​មិន​រួច​ទេ ប៉ុន្តែ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​អូរ​ហ្នឹង ទី​មួយ​គាត់​ស្អុយ ហើយ​ទី​២​គាត់​គឺ​គាត់​ទទួល​ផល​ហូប​ត្រី​អត់​កើត ត្រី​ដែល​នៅ​ក្នុង​អូរ​ក្លាយ​ជា​ត្រី​ដែល​ធំ​ក្លិន​ស្អុយ»

ប្រភព​ទឹក​ស្អុយ​ដែល​គេ​បង្ហូរ​ចេញ​ពី​អគារ​កាស៊ីណូ ក្នុង​ទី​ប្រជុំ​ជន​ក្រុង​ប៉ោយ​ប៉ែត ចូល​ទៅ​ក្នុង​អូរ​ក្រវាត់ ព្រំដែន​កម្ពុជា-ថៃ គឺ​បាន​ហូរ​កាត់​តាម​ភូមិ​ឃុំ​នានា នៅ​តាម​ព្រំដែន ដូច​ជា​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ បន្ត​ចូល​ទៅ​ស្ទឹង​សែសិន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ភ្ជាប់​ទៅ​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្ត​បាត់ដំបង៕