លោកស្រី ពួន ប៉ុក ដែលជាមន្រ្តីព័ត៌មានរបស់ការិយាល័យសហគមន៍អឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២២ កក្កដា ថា ប្រាក់សម្រាប់ចំណាយលើការងារការពារគ្រោះមហន្តរាយនៅកម្ពុជាប្រមាណ២លានអឺរ៉ូនោះគឺជាចំណែកមួយនៃប្រាក់សម្រាប់ចំណាយការពារគ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន១០លានអឺរ៉ូរបស់សហគមន៍អឺរ៉ុប។
លោកស្រី ពួន ប៉ុក បានឲ្យដឹងថា ៖ «លទ្ធផលនៃការពិគ្រោះយោបល់ថ្ងៃហ្នឹង លទ្ធផលបានមកហ្នឹង គេនឹងចងក្រងដើម្បី allocate លុយ មកធ្វើការខាងហ្នឹង។ ហើយគាត់ថា ប្រហែលជាយើងសង្ឃឹមថា លុយសម្រាប់ស្រុកខ្មែរយើងហ្នឹងប្រហែលជាខ្ទង់២លានយូរ៉ូយកមកធ្វើការងារហ្នឹង ហើយការងារហ្នឹងមិនមែនធ្វើតែសម្រាប់ស្រុកខ្មែរទេ គឺធ្វើនៅអាស៊ីអាគ្នេយ៍ ហើយលុយសរុបនៅអាស៊ីអាគ្នេយ៍ហ្នឹងខ្ទង់ប្រហែលជា១០លានយូរ៉ូ»។
លោកស្រី មីសែលឡាបឺ (Michelle Labeeu) អ្នកដឹកនាំការិយាល័យសហគមន៍អឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើវិធីការពារគ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍របស់សហគមន៍អឺរ៉ុបថា ការងារការពារគ្រោះមហន្តរាយរបស់សហគមន៍អឺរ៉ុបបានដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៨មក ហើយបច្ចុប្បន្ននេះដោយសារការងារនោះដំណើរការបានល្អ និងមានការយល់ព្រមអនុម័តប្រាក់របស់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបក្នុងការការពារគ្រោះមហន្តរាយកាលពីខែឧសភា ឆ្នាំ២០០៩ កន្លងមកផងនោះ បានជំរុញឲ្យសហគមន៍អឺរ៉ុបបានរៀបចំគម្រោងនឹងពង្រឹងការការពារគ្រោះមហន្តរាយនៅតំបន់អាស៊ីអាគ្នេយ៍និងកម្ពុជា។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើវិធីការពារគ្រោះមហន្តរាយថា គ្រោះមហន្តរាយដោយធម្មជាតិនៅកម្ពុជា ដូចជាទឹកជំនន់ ការរាំងស្ងួត បានប៉ះពាល់ដល់ផលិតផលកសិកម្មដែលជាប្រភពស្បៀង។ ការផ្ទុះឡើងជំងឺផ្តាសាយបក្សីនិងផ្តាសាយដោយមេរោគ A(H1N1) បានគំរាមកំហែងដល់ជីវិតបសុសត្វនិងប្រជាពលរដ្ឋ។ ដូច្នេះការកសាងឲ្យសហគមន៍មានសុវត្ថិភាពនិងមានសមត្ថភាពទប់ទល់បានជាមួយគ្រោះមហន្តរាយគឺនៅតែមានសារសំខាន់ ហើយការកាត់បន្ថយគ្រោះមហន្តរាយនៅតាមមូលដ្ឋាននៅតែជាបញ្ហាចម្បងចំពោះមុខ។ ដូច្នេះលោកសូមអំពាវនាវឲ្យសហគមន៍អឺរ៉ុបបន្តជួយកម្ពុជាលើការការពារគ្រោះមហន្តរាយជាបន្តទៅទៀត។
លោកស្រី មីសែលឡាបឺ អ្នកដឹកនាំការិយាល័យសហគមន៍អឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន សហគមន៍អឺរ៉ុបបានជួយការងារការពារគ្រោះមហន្តរាយនៅកម្ពុជាលើសកម្មភាពចំនួន៤០ និងបានចំណាយប្រាក់ប្រមាណ៨លានអឺរ៉ូ៕