រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ បានប្រកាសថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាមិត្តភាពនោះនៅក្នុងកិច្ចប្រជុំនៃវេទិកាអាស៊ាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ នាវិមានសន្តិភាព។
ការប្រកាសនេះ គឺនៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហោ ណាំហុង បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅឯវិមានសន្តិភាព ដោយមានវត្តមាននៃរដ្ឋមន្ត្រីក្រសួងការបរទេសមកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ប្រទេស មានប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ភូមា ឬ មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍ថា ការចូលរួមនៃចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនៅក្នុងតំបន់៖ «មកដល់ថ្ងៃនេះ ប្រទេសមហាអំណាចទាំង ៥ អ៊ីយូ (EU) ដែលមានប្រទេស ២៧ជាសមាជិក ព្រមទាំងប្រទេសផ្សេងៗទៀតចំនួន ១៤ បានចូលជាសមាជិកសន្ធិសញ្ញារបស់អាស៊ាននេះ»។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ ថា ប្រទេសមហាអំណាចជាច្រើនបានចូលជាសមាជិកនៃសន្ធិសញ្ញានោះដែរកន្លងមក៖ «សារសំខាន់ គឺ TAC ទាក់ទងការទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសការលើកកម្ពស់សន្តិភាព និងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ការមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាផ្សេងៗ រវាងរដ្ឋនិងរដ្ឋ។ នេះជាចំណុចសំខាន់នៅក្នុងសន្ធិសញ្ញា TAC នេះ»។
ក្រៅពីគំរោងការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមអាស៊ាននោះ លោក កៅ គឹមហួន បានមានប្រសាសន៍ថា គំរោងការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ គឺត្រូវបានពន្យារពេលទៅថ្ងៃក្រោយវិញ រហូតដល់អាស៊ានអាចធ្វើការងារឲ្យបានជិតស្និទ្ធជាមួយប្រទេសមហាអំណាចទាំង ៥នោះ។
ប្រទេសមហាអំណាចទាំង ៥ និងជាសមាជិកអចិន្ត្រយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ គឺមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
