កសិករ​ម្នាក់​ជំរុញ​ឲ្យ​តុលាការ​ជម្រះ​ក្ដី​​លើ​សំណុំ​រឿង​​មន្ត្រី​ពុករលួយ

មេធាវី​របស់​កសិករ​ម្នាក់​ជំរុញ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ កំណត់​ថ្ងៃ​បើក​ការ​ជម្រះ​ក្ដី​ជា​ថ្មី​ទៀត លើ​សំណុំ​រឿង​អាស្រូវ​ពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ ដោយសារ​តែ​តុលាការ​នេះ​បាន​លើក​ពេល​វេលា​រួច​ម្ដង​ទៅ​ហើយ ប៉ុន្តែ​ស្ងាត់​គ្មាន​ដំណឹង​អ្វី​ទៀត តាំង​ពី​ខែ​កក្កដា​មក។

0:00 / 0:00

មេធាវី​ការពារ​ក្តី​ឲ្យ​កសិករ​ដែល​រង​ការ​រឹប​យក​ដីធ្លី​មិន​បាន​សម្រេច និង​ក្លែង​បន្លំ​ឯកសារ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច និង​ឈ្មួញ​ដីធ្លី​នោះ បាន​ទទូច​សុំ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ កំណត់​កាល​បរិច្ឆេទ​ថ្មី​ឲ្យ​បាន​ឆាប់ ដើម្បី​បើក​សវនាការ​កាត់​ទោស​ជន​ជាប់​ចោទ ២​នាក់ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ី​សំណូក និង​សូក​ប៉ាន់​ទឹក​ប្រាក់​ចំនួន​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​បាន​ដាក់​សំណើ​នេះ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ថ្មីៗ​នេះ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​នេះ។

ចៅក្រម​ជម្រះ​ក្តី​លើ​សំណុំ​រឿង​នេះ​លោក ជ័យ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​លិខិត​សំណើ​នោះ​ហើយ។ លោក​គ្រោង​នឹង​ដាក់​កម្មវិធី​ជម្រះ​សំណុំ​រឿង​នេះ​នៅ​ខែ​ក្រោយ ពីព្រោះ​លោក​មាន​កិច្ចការពារ​មមាញឹក​នៅ​ពេល​នេះ។

កាល​ពី​ថៃ្ង​ទី​២២ ខែ​កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​បើក​ការ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​អាស្រូវ​ពុករលួយ​នេះ​ម្តង​ទៅ​ហើយ ប៉ុន្តែ​បាន​ប្រកាស​លើក​ពេល​វិញ ដោយសារ​តែ​ជន​ជាប់​ចោទ និង​មេធាវី​ឈ្មួញ​ដីធ្លី​បាន​អវត្តមាន និង​បាន​ស្នើ​ពន្យារ​ពេល។

មេធាវី​ការពារ​ក្តី​ឲ្យ​កសិករ​រង​គ្រោះ​លោកស្រី ហួត សារុំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ព្រោះ​រឿង​ហ្នឹង​មាន​ភស្តុតាង មាន​គ្រប់គ្រាន់ ហើយ​អត់​មាន​អី ឬ​មូលដ្ឋាន​ណា​ត្រូវ​លើក​ពន្យារ​ពេល​ហ្នឹង​ទេ»

ជន​ជាប់​ចោទ​ចំនួន​ពីរ​នាក់​នោះ មាន​ឈ្មោះ សេង យៀន ជា​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​របស់​ក្រសួង​អធិការកិច្ច បាន​រង​ការ​ចោទ​តាម​មាត្រា​ទី​៣៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់ ដោយសារ​តែ​លោក​បាន​ទទួល​ប្រាក់​សំណូក ២០​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ធ្វើ​របាយការណ៍​ក្លែង​បន្លំ ដើម្បី​រឹប​យក​ដីធ្លី​ជាង ៥​ហិកតា​​ពី​កសិករ​ខ្មែរ ឈ្មោះ ហួត សារុំ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​ប្រគល់​ឲ្យ​ឈ្មួញ​ដីធ្លី​ម្នាក់​ឈ្មោះ​លោកស្រី ឌី ព្រឹម។

ឈ្មួញ​ដីធ្លី​ឈ្មោះ​លោកស្រី ឌី ព្រឹម បាន​រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៥៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់ ក្រោម​បទ​សូក​ប៉ាន់​ប្រាក់ ២០ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​លោក សេង យៀន នោះ។

ការ​ធ្វើ​របាយការណ៍​ភូត​កុហក​នោះ នៅ​គ្រា​ដែល​ដីធ្លី​ជាង ៥​ហិកតា​របស់​កសិករ​ឈ្មោះ ហួត សារុំ នោះ មាន​គេ​ចង់​ទិញ​ក្នុង​តម្លៃ​ជាង ៧​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​រោងចក្រ។

ក្រសួង​អធិការកិច្ច​គឺ​បាន​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​លើ​សំណុំ​រឿង​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក ខៀវ សុផល ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក សេង យៀន នោះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក ច័ន្ទ វិចិត្រ ជា​មេធាវី​ការពារ​ក្តី​ឲ្យ​ឈ្មួញ​ដីធ្លី លោកស្រី ឌី ព្រឹម បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​នៅ​តែ​គិត​ថា គាត់​អត់​មាន​កំហុស​រឿង​ហ្នឹង»

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន បាន​មាន​ប្រសាសន៍​ថា ៖ «មិន​គួរ​ឲ្យ​អ្នក​ប្រព្រឹត្ត អ្នក​ទទួល​សំណូក និង​អ្នក​សូក​ប៉ាន់​រួច​គេច​ពី​ផ្លូវ​ច្បាប់​ទេ»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា កន្លង​ទៅ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ឱម យ៉ិនទៀង បាន​ប្រកាស​ថា មុខ​សញ្ញា​ចំនួន​ជាង ១០​ម៉ឺន​នាក់ នឹង​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១០​នេះ​ត​ទៅ ក្នុង​នោះ​មាន​មន្ត្រី​យោធា នគរបាល មន្ត្រី​រាជការ ស៊ីវិល​ដែល​មាន​តួនាទី​តែងតាំង​ដោយ​អនុក្រឹត្យ និង​ព្រះរាជ​ក្រឹត្យ​ទ្បើង​ទៅ។ ក្រៅ​ពី​នេះ មាន​មេ​ដឹក​នាំ​រដ្ឋាភិបាល សមាជិក​រដ្ឋាភិបាល សមាជិក​សភា សមាជិក​ព្រឹទ្ធ​សភា និង​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា៕