FBI អាមេរិក​ជួយ​ពង្រឹង​សមត្ថភាព​កម្លាំង​នគរបាល​ជាតិ​កម្ពុជា

មន្ត្រី​ជាន់​ខ្ពស់​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក (FBI) និង​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​កម្ពុជា ប្ដេជ្ញា​​បន្ត​កិច្ច​​​​សហប្រតិបត្តិការ​រួម​គ្នា​ប្រយុទ្ធ​​​​​ប្រឆាំង​បទ​ល្មើស​ភេរវកម្ម​ឆ្លង​ដែន បទល្មើស​គ្រឿង​ញៀន និង​បទ​ល្មើស​ជួញដូរ​ភេទ​នៅ​កម្ពុជា។

0:00 / 0:00

បន្ទាប់​ពី​បាន​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​ស្ដីពី​បច្ចេកទេស​​ធ្វើ​បទសម្ភាសន៍ ឬ​សួរ​ចម្លើយ​តាម​របៀប​វិទ្យាសាស្ត្រ​ទៅ​លើ​ជនសង្ស័យ​ដល់​មន្ត្រី​នគរបាល​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា រៀបចំ​ដោយ​ការិយាល័យ​សហព័ន្ធ​ស៊ើបការណ៍​​​សម្ងាត់ នា​ទីក្រុង​ភ្នំពេញ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១១ មន្ត្រី FBI ប្រចាំ​កម្ពុជា និង​មន្ត្រី​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ប្ដេជ្ញា​​លុប​បំបាត់​បទ​ល្មើស​​គ្រប់​ប្រភេទ ពិសេស​បទ​ល្មើស​ជួញដូរ​ថ្នាំញៀន បទល្មើស​ភេរវកម្ម និង​បទល្មើស​ផ្លូវ​ភេទ​ជា​ដើម។

លោក​​​ឧត្ដមសេនីយ៍​ឯក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នា​អគ្គស្នងការ​​​នគរបាល​ជាតិ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក បទល្មើស​ធំៗ​មាន​ដូចជា​បទល្មើស​ជួញដូរ​ផ្លូវ​ភេទ គ្រឿង​ញៀន និង​បទ​​​ល្មើស​ភេរវកម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ត្រូវ​សមត្ថកិច្ច​បំបែក​សំណុំ​រឿង​បាន​ជា​ច្រើន​ករណី បន្ទាប់​ពី​មាន​កិច្ច​សហការ​ជិតស្និទ្ធ​ជាមួយ​ FBI សហរដ្ឋ​អាមេរិក​រួច​មក។

លោក សុខ ផល មាន​ជំនឿ​ថា បន្ទាប់​ពី​មាន​កិច្ច​សហការ​ល្អ​រវាង​នគរបាល​ជាតិ​ជាមួយ FBI អាមេរិក​ប្រចាំ​​កម្ពុជា បទល្មើស​​គ្រប់​​​ប្រភេទ ពិសេស​បទល្មើស​ជួញដូរ​ថ្នាំ​ញៀន ទេសចរណ៍​ផ្លូវ​ភេទ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នឹង​ត្រូវ​លុបបំបាត់​មក​កម្រិត​ទាប ហើយ​ថា បច្ចុប្បន្ន​មាន​បទល្មើស​ធំៗ​ច្រើន​ករណី​ដែល​សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម​កម្ពុជា និង FBI កំពុង​បើក​ការ​ស៊ើប​អង្កេត​ឈាន​ដល់​បំបែក​សំណុំ​រឿង។

លោក​​ឧត្ដមសេនីយ៍​ឯក សុខ ផល បន្ថែម​ដូច្នេះ ៖ «ការ​ចាប់​បញ្ជូន​ឧក្រិដ្ឋជន​អាមេរិក​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ការ​ទប់ស្កាត់​ទេសចរណ៍​ផ្លូវ​ភេទ​ជាមួយ FBI ក្រៅ​ពី​នោះ​បទល្មើស​ករណី​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជាមួយ FBI»

យ៉ាង​នេះ​ក្ដី លោក​​ឧត្ដមសេនីយ៍​ឯក សុខ ផល មិន​បាន​បញ្ជាក់​ពី​ចំនួន​បទល្មើស​ធំៗ មាន​ដូចជា​បទល្មើស​ជួញដូរ​គ្រឿង​ញៀន បទ​​ល្មើស​ភេរវកម្ម និង​បទល្មើស​ជួញដូរ​ស្ត្រី ឬ​ផ្លូវ​ភេទ ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​មាន​ចំនួន​ប៉ុន្មាន​ករណី​នោះ​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​​ថា សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​បទល្មើស​ភេរវកម្ម​ឆ្លង​ដែន បទល្មើស​ជួញដូរ​ភេទ ការ​ផលិត​គ្រឿង​ញៀន និង​ថ្មីៗ​នេះ សមត្ថកិច្ច​កម្ពុជា ដោយ​មាន​កិច្ច​សហការ​ជាមួយ FBI អាមេរិក​បង្ក្រាប​បាន​បទល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ប្រទេស​​តៃវ៉ាន់​មក​​​កម្ពុជា ចាប់​បាន​ជនល្មើស និង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន ១៨​គីឡូក្រាម បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស។

សហរដ្ឋ​អាមេរិក​បាន​បើក​ការិយាល័យ​អនុព័ន្ធ​ច្បាប់ FBI ជា​អចិន្ត្រៃយ៍​ផ្លូវការ​ទី​៦០ នៅ​ប្រទេស​កម្ពុជា នា​បរិវេណ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​ទីក្រុង​ភ្នំពេញ កាល​ឆ្នាំ​២០០៨។

លោក ផាធ្រិក ហ្គីបន (Patrick Gibbons) ប្រធាន​ការិយាល័យ​សហព័ន្ធ​ស៊ើបការណ៍​សម្ងាត់ FBI ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​២០ ខែ​ឧសភា ឲ្យ​ដឹង​ដែរ​ថា ទាំង​មុន និង​បន្ទាប់​ពី FBI បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ FBI បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ស៊ើប​អង្កេត​ប្រឆាំង​បទល្មើស​ជួញដូរ​ភេទ ថ្នាំ​ញៀន និង​បទល្មើស​ភេរវកម្ម​ដល់​សមត្ថកិច្ច​កម្ពុជា បាន​ជា​ច្រើន​វគ្គ។

ប្រធាន FBI ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពិភពលោក​កាន់​តែ​រួម​តូច​ចង្អៀត​សម្រាប់​ជន​អាក្រក់ ឬ​ជន​ល្មើស​ច្បាប់ ដែល​ប៉ុនប៉ង​បង្ក​បទល្មើស​ផ្សេងៗ។ ដោយ​ឡែក​នៅ​កម្ពុជា ក៏​ដូច្នេះ​ដែរ បទល្មើស​គ្រប់​ប្រភេទ​ក៏​នឹង​ត្រូវ​លុបបំបាត់ ព្រោះ​កម្ពុជា មិន​មែន​ជា​ទីតាំង​សម្រាប់​ឲ្យ​ជន​អាក្រក់​ស្នាក់​នៅ​​នោះ​ទេ។

​លោក ផាធ្រិក ហ្គីបន មាន​ប្រសាសន៍​បន្ថែម ៖ "ហើយ​ចំពោះ​ជនជាតិ​អាមេរិក​ដែល​គាត់​មាន​បំណង​មក​ស្រុក​ខ្មែរ ដែល​ចង់​មក​ប្រព្រឹត្ត​បទល្មើស​អី គឺ​គួរ​តែ​ដឹង​ហើយ​ថា ពេល​នេះ​ដោយសារ​តែ​មាន​ការ​សហការ​ដ៏​ល្អ​រវាង​កង​កម្លាំង​នគរបាល​ជាតិ​កម្ពុជា ហើយ​និង​ស្ថាប័ន​​ស៊ើប​អង្កេត​សហព័ន្ធ FBI គឺ​ពួកគេ​មិន​អាច​មក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅ​ស្រុក​ខ្មែរ​បាន​ទេ"

គួរ​រំឭក​ថា សមត្ថកិច្ច​នគរបាល​កម្ពុជា ធ្លាប់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រាប់​សិប​នាក់​នៃ​ក្រុម​ចលនា​កងទ័ព​សេរី​កម្ពុជា ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CFF ដឹក​នាំ​ដោយ​លោក ឈុន យ៉ាសិទ្ធិ កាល​ពី​ឆ្នាំ​២០០០ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​មិន​បាន​សម្រេច។ ​ក្រោយ​មក​នៅ​ឆ្នាំ​២០០១ សមត្ថកិច្ច​កម្ពុជា ដោយ​មាន​កិច្ច​សហការ​ជាមួយ FBI អាមេរិក បាន​បំបែក​សម្បុក​ភេរវកម្ម​អន្តរជាតិ​​ឆ្លង​ដែន​ខុស​ច្បាប់​បាន ១​ករណី បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ថែម​ទៀត។

របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ៩​ខែ​ ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ត្រី​ជំនាញ​អន្តរជាតិ អាជ្ញាធរ​នេះ​​​បង្ក្រាប​បាន​បទល្មើស​គ្រឿង​ញៀន​ចំនួន ២៧៥​ករណី និង​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ៥៣៩​នាក់ បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​មាន​ជន​បរទេស​ចំនួន ៥៨​នាក់។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​​បទល្មើស​គ្រឿង​ញៀន សមត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​ញៀន អា.តេ.អេស (ATS) ជាង ៨​ម៉ឺន​គ្រាប់ មេតំហ្វេតាមីន​ទឹក​កក​​​ជាង ៧​គីឡូក្រាម ប្រេង​ម្រះព្រៅ​ភ្នំ​ជាង ២​តោន ថ្នាំ​ញៀន​អ៊ិចស្តាស៊ី​ជាង ១​ពាន់​គ្រាប់ និង​ឱសថ​​​មាន​សារធាតុ​គ្រឿង​ញៀន​​​ជិត ១៣​ លាន​​គ្រាប់ ដែល​គេ​អាច​ផលិត​ជា​ថ្នាំ​មេតំហ្វេតាមីន​គ្រាប់​បាន​ចំនួន​ជិត ៧០០​គីឡូ​ក្រាម៕