រដូវបើកនេសាទត្រីនោះ គឺត្រូវបានអនុញ្ញាតរហូតដល់ដើមឆ្នាំ២០១៣ ក៏ប៉ុន្តែចំនួនផលត្រីឆ្នាំនេះ គឺមិនបានកើនឡើងជាងឆ្នាំមុនទេ។
ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក អះអាងនៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយលោកបានរំពឹងថា ផលត្រីទឹកសាបនៅបឹងទន្លេសាប នៅឆ្នាំ២០១២ នេះ កើនដល់ចំនួនជិត ៥០០ពាន់តោន បូកជាមួយផលត្រីទឹកប្រៃ និងផលត្រីចិញ្ចឹមដែរនោះ កើនដល់ចំនួនជាង ៦០០ពាន់តោន គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១១ កន្លងទៅនេះដែរ។
បច្ចុប្បន្នប្រជានេសាទកំពុងតែបន្តប្រមូលផលត្រី ឬចាប់ត្រីទឹកសាបបានចំនួនជាង ៥០០តោនហើយ នៅក្នុងរយៈពេល ២ខែ ចាប់តាំងពីការបើករដូវនេសាទត្រីកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ រហូតដល់ពេលនេះ។ ចំនួននេះប្រហាក់ប្រហែលនឹងឆ្នាំ២០១១ កន្លងទៅនេះដែរ។
សន្ទុះនិងកំណើនផលត្រីទឹកសាបនៅបឹងទន្លេសាប បានកើនជាងឆ្នាំមុននោះ គឺក្រោយពេលដែលប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានចេញបទបញ្ជាលេខ ០១ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ កន្លងមកនេះ ដើម្បីស្តារបឹងទន្លេសាប ពីការវិនាសហិនហោចមច្ឆាជាតិ។
លោក ណៅ ធួក បានមានប្រសាសន៍ថា ការកើនឡើងនូវផលត្រីទឹកសាបនៅឆ្នាំ២០១២ គឺដោយសារតែរដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទច្រើនជាងឆ្នាំ២០១១ កន្លងទៅនេះ៖ «ក្នុងរដូវបើកនេសាទហ្នឹង គឺមានប្លែកមួយត្រង់ថា ត្រីព្រួលមានវត្តមានមកវិញគួរសម គឺថា សព្វថ្ងៃនៅកំពង់ឆ្នាំង គឺថា មួយថ្ងៃបានចំនួន ៤០០ ឬ ៥០០គីឡូក្រាម។ មួយទម្ងន់រវាង ១ ទៅ ២គីឡូក្រាម។សង្ឃឹមថា ខ្នើតក្រោយ ២០ ឬ ២០ជាង ខែធ្នូ ហ្នឹង មានវត្តមានត្រីព្រួលហ្នឹងចូលដាយហ្នឹងច្រើន ដែលអាចប្រើប្រាស់ធ្វើផ្អកបាន»។
ផ្ទុយពីការអះអាងនេះ នាយកប្រតិបត្តិនៃសម្ពន្ធភាពដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅកម្ពុជា លោក ឱម សាវ៉ាត បានមានប្រសាសន៍ថា ផលត្រីទឹកសាបនៅឆ្នាំ២០១២ នេះ ទំនងតិចជាងឆ្នាំ២០១១ ដោយសារតែទឹកទន្លេសាបនៅឆ្នាំនេះតូចជាងឆ្នាំ២០១១៖ «ជំនន់ឆ្នាំនេះទាបផងអីផង អ៊ីចឹងយើងឃើញថា មិនមានអី ឬកត់សំគាល់ថា វាគ្រាន់បើជាងមុនយ៉ាងណាទេ។ មិនបង្ហាញឲ្យឃើញថា ត្រីសម្បូរឲ្យខ្លាំងក្លា ប៉ុន្តែប្រជានេសាទជាលក្ខណៈគ្រួសារគាត់អាចរកទទួលទានបាន»។
សេចក្ដីរាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា នៅឆ្នាំ២០១២ នេះ រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទចំនួនជិត ៥ពាន់ករណី រហូតមកដល់ពេលនេះ និងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៥០នាក់ ប៉ុន្តែត្រូវបានអប់រំណែនាំ និងបានដោះលែងឲ្យមានសេរីភាពវិញ។
រដ្ឋបាលជលផលបានរឹបអូសឧបករណ៍នេសាទខុសច្បាប់ មានដូចជា អួនស្បៃមុងចំនួនជាង ១លានម៉ែត្រ និងបានរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។ ប្រៀបធៀបឆ្នាំ២០១១ កន្លងទៅនេះ រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទចំនួនជិត ៤ពាន់ករណី និងបានរឹបអូសអួនស្បៃមុងចំនួន ៥ពាន់ម៉ែត្រ។
បច្ចុប្បន្នរដ្ឋបាលជលផលកំពុងតែរក្សាតំបន់អភិរក្សត្រីកម្រជិតផុតពូជនៅបឹងទន្លេសាប សរុបចំនួន ៣១កន្លែង គឺរាប់ទាំងចាស់ និងថ្មី។ តំបន់អភិរក្សថ្មីនៃត្រីកម្រ គឺស្មើនឹងទំហំជាង ៩៧.៥០០ហិកតារ បូកជាមួយតំបន់អភិរក្សចាស់ គឺស្មើនឹងទំហំជាង ២.៥០០ហិកតារទៀត។
ប្រភេទត្រីកម្រដែលកំពុងតែជិតផុតពូជនៅទឹកសាប គឺមានចំនួន ២៨ប្រភេទ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ អណ្ដើកក្បាលធំ កន្ធាយក្បាលអណ្ដើក ត្រីក្របី និងត្រីត្រចៀកដំរីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។