ការបង្ហាញពីគោលការណ៍គ្រប់គ្រង និងចាត់ចែងនេះ បានអនុលោមទៅតាមសារាចរណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ ដែលតម្រូវឲ្យសមត្ថកិច្ចជំនាញ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នាគ្រប់គ្រងឡូត៍ទាំងនោះឲ្យបានល្អ ដើម្បីការពារធនធានជលផលព្រៃលិចទឹក និងជីវចម្រុះនៅបឹងទន្លេសាបឲ្យសម្បូរណ៍ឡើងវិញ។
អាជ្ញាធរបឹងទន្លេសាបនឹងបញ្ចប់ការសិក្សាលើឡូត៍នេសាទទាំង ៣៥ ដែលទើបដកហូតពីឯកជននៅតំបន់បឹងទន្លេសាប និងឡូត៍នៅទន្លេសាប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ក្នុងរយៈពេលប្រមាណជា ៣ខែខាងមុខទៀតនេះ។
នាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាប លោក ចាន់ យុត្ថា មានប្រសាសន៍នៅថ្ងៃអង្គារ ទី៣០ ខែសីហា ថា នៅក្រោយការសិក្សា អាជ្ញាធរនឹងមានទិន្នន័យមួយច្បាស់លាស់ក្នុងការវាយតម្លៃ និងសម្រេចថា នឹងត្រូវបិទឡូត៍ខ្លះចោល និងមួយចំនួនទៀតអាចបង្រួមផ្ទៃក្រឡាឲ្យនៅតូច។
ឡូត៍នេសាទទាំង ៣៥នេះ ក្រោយពេលដកហូតពីថៅកែនឹងបិទមិនឲ្យដំណើរការរហូតដល់ឆ្នាំ២០១៤។
លោកថ្លែងបញ្ជាក់ដែរថា ទិសដៅរបស់អាជ្ញាធរបឹងទន្លេសាប នឹងលុបឡូត៍នេសាទទាំងឡាយណាដែលនៅជាប់នឹងព្រៃលិចទឹកមុនគេ ដើម្បីរក្សាតំបន់នោះជាតំបន់សម្រាប់អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ។
អនុប្រធានសហគមន៍នេសាទ កោះព្រែករាំងទិល ក្នុងខេត្តពោធិ៍សាត់ លោក ឡុង សុចែត បានគាំទ្រចំពោះផែនការអភិរក្សការពារធនធានធម្មជាតិនៅបឹងទន្លេសាបនៅពេលនេះ និងសង្ឃឹមថា ផលត្រីនឹងកើនឡើងវិញនៅពេលខាងមុខ សម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកនៅមានក្តីបារម្ភខ្លះថា តើការបិទនេសាទនៅតំបន់នោះមានប្រសិទ្ធភាព ឬក៏យ៉ាងណា?
លោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលមានច្រើនទៀត ក្នុងការទប់ស្កាត់បទល្មើសនេសាទនៅកន្លែងហាមឃាត់ ដោយមានគម្រោងបំពាក់កាមេរ៉ាស្វ័យប្រវត្តិចាំថតសកម្មភាពជនល្មើសនៅតំបន់ឡូត៍ហាមឃាត់។
ឡូត៍នេសាទទាំង ៣៥នោះ នឹងគ្រប់គ្រងដោយផ្ទាល់ពីគណៈអភិបាលនៃអភិបាលខេត្តទាំង៥ រួមមានខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ដើម្បីការពារកុំឲ្យការជ្រៀតចូលទៅនេសាទនៅតំបន់នោះទៀត។
ចំពោះអាជ្ញាធរបឹងទន្លេសាបក៏មានតួនាទីសំខាន់សម្របសម្រួលដឹកនាំត្រួតពិនិត្យលើសកម្មភាពទាំងនេះ និងមានគណៈកម្មការអធិការកិច្ចដែលបង្កើតឡើងដោយរដ្ឋាបាល ក៏មានតួនាទីចូលរួមត្រួតពិនិត្យដូចគ្នាដែរ ទៅលើសកម្មភាពនៃបទល្មើសនេសាទដែលអាចនឹងកើតមាននៅតំបន់នោះ។
អ្នកនាំពាក្យគណបក្សប្រឆាំង សម រង្ស៊ី លោក យឹម សុវណ្ណ មានប្រសាសន៍រិះគន់សកម្មភាពទប់ស្កាត់បទល្មើសនេសាទនៅកម្ពុជា នៅពេលនេះថា វាហាក់ដូចជាហួសពេលទៅហើយ។
ទោះយ៉ាងនេះក្តី លោក ចាន់ យុត្ថា បានបង្ហាញថា នៅរដូវបើកនេសាទនៅដើមខែតុលា ខាងមុខ ផលត្រីនឹងកើនឡើងជាងពេលមុនៗ ក្រោយពីបិទឡូត៍នេសាទជាលក្ខណៈសិប្បកម្ម និងឧស្សាហកម្មទាំង ៣៥ នេះ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តសៀមរាប បានឲ្យដឹងថា បើទោះបីស្ថិតក្នុងរដូវហាមនេសាទ ហើយរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតឡូត៍នេសាទនៅក្នុងបឹងទន្លេសាបទាំងអស់ពីក្រុមហ៊ុនមកជារបស់រដ្ឋវិញក៏ដោយ ក៏នៅតែមានការលបលួចប្រើឧបករណ៍នេសាទត្រីខុសច្បាប់នៅតាមតំបន់មួយចំនួននោះនៅឡើយ។
អ្នកភូមិមួយចំនួនរស់នៅក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានសម្ដែងការព្រួយបារម្ភថា ការវិនាសហិនហោចនៃពូជត្រីធម្មជាតិនៅក្នុងបឹងទន្លេសាប នៅមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសប្រើឧបករណ៍ល្មើសច្បាប់ដើម្បីចាប់យកត្រីទាំងធំ និងតូចៗស្ទើរតែរៀងរាល់ថ្ងៃ។
អ្នកភូមិឲ្យដឹងថា ចាប់តាំងពីទឹកជំនន់ទន្លេសាបបានឡើងលិចវាលស្រែជិតតំបន់ដែលពួកគាត់រស់នៅមក ជនខិលខូចមួយចំនួនបានលបលួចប្រើស្បៃមុងធំៗដើម្បីចាប់យកកូនត្រីតូចៗទៅលក់ដូរ ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញណាមួយទេ។
ប៉ុន្តែមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានអះអាងថា មន្ត្រីជលផលបានបង្ក្រាបការនេសាទខុសច្បាប់នេះជាញឹកញាប់ និងបានលែងកូនត្រីទៅក្នុងបឹងធម្មជាតិវិញជាបន្តបន្ទាប់ ព្រមទាំងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់ប្រភេទអ៊ុយ នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ជាច្រើន កាលពីពេលថ្មីៗនេះ៕