ទំហំ​ខូចខាត​ដោយ​គ្រោះ​ទឹក​ជំនន់​គិត​ជា​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប៉ាន់​ប្រមាណ​ថា គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ គឺ​មាន​ទំហំ​ខូចខាត និង​ប៉ះពាល់​ប្រហាក់ប្រហែល​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០០០។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ទំហំ​ខូចខាត​សរុប​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ គិត​ជា​ទឹក​ប្រាក់​គឺ​មាន​ចំនួន​ជាង ១០០​លាន​ដុល្លារ​អាមេរិក។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយសារ​ទឹក​ជំនន់ គេ​បាន​រក​ឃើញ​ថា​កើន​ដល់​ចំនួន ២០៧​នាក់​ហើយ គិត​ចាប់​ពី​ដើម​ខែ​សីហា មក​ដល់​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១១។

រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដំណើរការ​លើ​គម្រោង​ស្តារ និង​ជួសជុល​ផ្លូវ​លំ​ជា​ច្រើន​រយ​គីឡូម៉ែត្រ ដែល​ខូចខាត​ដោយសារ​ទឹក​ជំនន់ ដោយ​ប្រើប្រាស់​កម្មវិធី​ស្បៀង​អាហារ​ពលកម្ម​នៅ​ខេត្ត​មួយ​ចំនួន។ កម្មវិធី​ស្បៀង​អាហារ​ពលកម្ម​នេះ​គឺ​ពឹង​ផ្អែក​លើ​ជំនួយ​មនុស្សធម៌ និង​ស្ម័គ្រ​ចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

ខេត្ត​ដែល​លិច​ទឹក​ជំនន់ គឺ​មាន​ចំនួន​សរុប ១៧​ខេត្ត ប៉ុន្តែ​ខេត្ត​ដែល​បាន​លិច​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ចាម។

អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ថា ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ គឺ​មាន​កន្លែង​មួយ​ចំនួន​ខូចខាត​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ កន្លង​ទៅ។

ញឹម វណ្ណដា ៣០៥
អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា។ (RFA)

លោក​ថ្លែង​បន្ថែម​ថា ៖ «ជា​រឿង​គ្មាន​នរណា​គេច​រួច​ទេ។ រឿង​ធម្មជាតិ​កើត​ឡើង​នៅ​ទន្លេ​មេគង្គ និង​ជុំវិញ​ទន្លេ​សាប​នេះ សូម​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង ត្រូវ​ធ្វើ​យ៉ាងម៉េច។ ទឹក​ជំនន់​មិន​មែន​លិច​តែ​គណបក្ស​ប្រជាជន​ណា? គណបក្ស​ណា​ក៏​លិច​ដែរ តែ​គេច​រួច​ងាប់​ដូច​គ្នា​ហ្នឹង»

មេ​ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម លោក ឈិន ឈូយ បាន​មាន​ប្រសាសន៍​ថា ទឹក​ជំនន់​នៅ​តែ​បន្ត​ឡើង​នៅ​ឡើយ​នៅ​ឃុំ​ទំនប់ ៖ «បាទ! បើ​សិន​ជា​ទឹក​ហ្នឹង​នៅ​តែ​ឡើង​ទៀត​ទេ យើង​មិន​អាច​ស្ដារ​វិញ​បាន​ខ្លះ​ទេ ។ បើ​សិន​ជា​ទឹក​នៅ​តែ​ឡើង​ប្រហែល​ជា​ខូច​ទាំង​ស្រុង​នៅ​វាល​ខាង​កើត​នោះ ប្រហែល​ជា ៩០០​ហិកតារ។ បើ​ទឹក​ស្រក យើង​អាច​ស្ដារ​បាន​វិញ​ខ្លះ តែ​បើ​សិន​ជា​ទឹក​នៅ​តែ​ឡើង​ទៀត​ទេ យើង​ខូច​ទាំង​ស្រុង​ហើយ គេ​ហៅ​ថា វាល​ឈូក»

សេចក្ដី​រាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ស្រូវ​ចំនួន​ជាង ៣​សែន​ហិកតារ​រង​ការ​លិចលង់​ដោយសារ​ទឹក​ជំនន់។ ស្រូវ​ចំនួន​ជាង ១០​ម៉ឺន​ហិកតារ​បាន​ខូចខាត​ដោយសារ​ទឹក​ជំនន់។ ផ្លូវ​លំ និង​ផ្លូវ​សហគមន៍​ប្រវែង​ជាង ១.៨០០​គីឡូម៉ែត្រ បាន​ខូចខាត។ ផ្លូវ​ជាតិ​ប្រវែង​ជាង ១០០​គីឡូម៉ែត្រ បាន​ខូចខាត​ដោយសារ​ទឹក​ជំនន់។

លើស​ពី​នេះ​ទៀត សាលារៀន​ចំនួន ១.០៥៣​កន្លែង​បាន​លិច​ទឹក​ជំនន់។ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន ៦០០​ខ្នង បាន​លិច​ទឹក​ជំនន់ បណ្ដាល​ឲ្យ​ខូចខាត​ទាំង​ស្រុង។ ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ចំនួន​ជាង ១៨​ម៉ឺន​ខ្នង​ទៀត បាន​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់ ប៉ុន្តែ​មិន​ខូចខាត​ទេ។ ប្រជាពលរដ្ឋ​ជាង ៧​ម៉ឺន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព។

លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) បាន​សន្យា​ផ្ដល់​អង្ករ​ចំនួន ៥០០​តោន និង​ថវិកា​ជាង ១​លាន​៥​សែន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​បន្ទាន់។

ក្រៅ​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​សន្យា​ផ្ដល់​ថវិកា​ចំនួន ៣​លាន​ដុល្លារ​អាមេរិក និង​ផ្ដល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​បាន​ប្រកាស​ថា លោក​ត្រៀម​អង្ករ​ចំនួន ១.៩០០​តោន​ដើម្បី​សង្គ្រោះ​បន្ទាន់ និង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់​ម្នាក់​ទទួល​បាន​ថវិកា​ចំនួន ២​លាន​រៀល៕