ការកាប់បំផ្លាញព្រៃឡង់ពីសំណាក់ក្រុមហ៊ុនមួយចំនួនដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលនៅក្នុងខែត្រចំនួន ៤ បានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅតំបន់ព្រៃឡង់ បានសម្ដែងក្ដីកង្វល់អំពីការប្រែប្រួលអាកាសធាតុ បញ្ហាជីវភាពប្រចាំថ្ងៃដែលពឹងអាស្រ័យលើអនុផលព្រៃឡង់។
ការលើកឡើងរបស់ជនជាតិដើមភាគតិចនេះ ដោយសារតែព្រៃឡង់មានតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជាប្រភពទឹកហូរចូលបឹងទន្លេសាប រក្សាលំនឹងខាងបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងប្រទេស តំបន់ និងពិភពលោកដោយមានប្រសិទ្ធភាព។
សំឡេងច្រៀង ៖ «ឥឡូវរាស្ត្រខ្មែរអ្នកស្រែចម្ការ ចិញ្ចឹមអាត្មាដោយសារធម្មជាតិ ជានិច្ចរួមរស់មិនឲ្យឃ្លៀងឃ្លាត ពឹងលើធម្មជាតិ...»។
ប្រជាសហគមន៍ការពារព្រៃឡង់មកពី ៤ខែត្រនោះ រួមមានខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ ជិត ២០០នាក់ បានមកដង្ហែក្បួន ព្រមទាំងកាន់បដាសរសេរសុំឲ្យប្រមុខរដ្ឋាភិបាលជួយទប់ស្កាត់ក្រុមហ៊ុនកុំឲ្យឈូសឆាយដី និងកាប់ព្រៃឡង់តទៅទៀត។
ស្ត្រីជនជាតិកួយ ឈ្មោះ តី សូ បានរៀបរាប់អំពីផលប៉ះពាល់ដូច្នេះ ៖ «មុខរបរយើងខ្ញុំដូចជាចៀរជ័រ វល្លិ រកអនុផល អត់បានពិបាក។ ផលអនុផលមានដូចជាជ័រទឹក ជ័រចុង មានវល្លិគ្រប់មុខ មានផ្ដៅ មានផ្លែឈើ មើមឈើ ឱសថបុរាណ មានឈើលំនៅឋាន»។

ឯកសារសិក្សាអំពីព្រៃឡង់បានសរសេរថា ព្រៃឡង់ជាព្រៃឈើធំជាងគេបង្អស់ ជាព្រៃស្រោង ហើយមានស្លឹកគ្រប់រដូវកាលដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា និងឧបទ្វីបឥណ្ឌូចិន។ ព្រៃឡង់មានផ្ទៃដីទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា គ្របដណ្ដប់ព្រៃស្រោង និងតំបន់ស្នូលមានទំហំប្រមាណ ៨ម៉ឺនទៅ១សែនហិកតារ។ ព្រៃនេះរួមមានប្រព័ន្ធបរិស្ថានចំនួន ៧ ដោយឡែកពីគ្នា ព្រៃវាល ល្បាប់ ភក់ ដែលចាស់ជាងគេ ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃរបោះជាដើម។
សហគមន៍ការពារព្រៃឡង់ដែលមកពីចំនួន ៤ខែត្រនេះ ក៏បានដាក់ញត្តិទៅស្ថាប័នដែលពាក់ព័ន្ធមួយចំនួន ដើម្បីសុំឲ្យបញ្ឈប់កាប់ព្រៃឡង់តទៅទៀត ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម និងថាមពល មន្ទីររដ្ឋសភាជាតិ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងញត្តិនោះ ពួកគេបានទាមទារចំនួន ៦ចំណុចសំខាន់ៗ មានដូចជាសុំបញ្ឈប់ការផ្ដល់ដីសម្បទាននានាក្នុងតំបន់ព្រៃឡង់ លុបអាជ្ញាប័ណ្ណគ្រប់វិស័យដែលបានផ្ដល់ឲ្យក្រុមហ៊ុនក្នុងតំបន់ព្រៃឡង់ លុបបំបាត់សកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងព្រៃឡង់ ទុកដីដែលបានឈូសឆាយឲ្យដុះឡើងវិញជាលក្ខណៈធម្មជាតិ សុំឲ្យរដ្ឋាភិបាលគាំទ្រ និងទទួលស្គាល់បណ្ដាញសហគមន៍ព្រៃឡង់ និងសុំឲ្យមានកិច្ចសហការរវាងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាមួយបណ្ដាញព្រៃឡង់ក្នុងកិច្ចការពារ និងថែរក្សាព្រៃឡង់ទាំងមូលឲ្យស្ថិតស្ថេរគង់វង្ស។
ឯកសារដែលទទួលបានពីសហគមន៍ការពារព្រៃឡង់បានបង្ហាញថា នៅក្នុងខែត្រកំពង់ធំ មានក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៩ ក្រុមហ៊ុនចម្ការកៅស៊ូទំរីង ក្រុមហ៊ុន ភី.អិន.ធី (PNT) និងក្រុមហ៊ុនមួយចំនួនទៀតនៅក្នុងខែត្រក្រចេះ ខែត្រស្ទឹងត្រែង និងខែត្រព្រះវិហារ កំពុងកាប់ព្រៃឡង់នេះ ដែលជាក្ដីកង្វល់ពីប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃឡង់។
អភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន បានមានប្រសាសន៍ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដាំដើមកៅស៊ូនៅក្នុងខែត្រកំពង់ធំ នោះ គឺគណៈកម្មការខែត្រសហការនឹងក្រសួងកសិកម្ម បានចុះទៅសិក្សាអំពីផលប៉ះពាល់រួចរាល់ហើយ។
លោក អ៊ុត សំអន បានបញ្ជាក់ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ជាក្រុមហ៊ុនវៀតណាម បានទទួលផ្ទៃដីប្រមាណ ១ម៉ឺនហិកតារ ប៉ុន្តែក្រោយមកឃើញថា ប៉ះពាល់ដល់ព្រៃឈើព្រៃឡង់នេះ គឺរដ្ឋាភិបាលបានកាត់មកនៅជាង ៦ពាន់ហិកតារវិញ។
ទាក់ទងទៅនឹងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជននេះដែរ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ច័ន្ទ តុងអ៊ីវ មិនធ្វើការអធិប្បាយទេ ដោយលោកបង្វែរឲ្យសួរទៅលោក អ៊ិត ណូឌី វិញ។
នៅថ្ងៃទី២៥ ឧសភា វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ិត ណូឌី ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលបានមកដង្ហែក្បួននៅទីលានសេរីភាពនោះ គឺពួកគេបានពាក់អាវពណ៌បៃតងនៅលើផ្ទៃមុខ និងខ្នង គេបានគូររួបស្លឹកឈើ និងរូបដើមឈើ ដែលជាសារមួយផ្ញើទៅរដ្ឋាភិបាលកម្ពុជាថា ពួកគេត្រូវការដើមឈើនៅគង់វង្ស ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស ដូចជាធ្វើឲ្យមានបរិស្ថានយូរអង្វែង សន្តិសុខស្បៀង និងទឹក។
ព្រៃឡង់ក្រៅអំពីការផ្ដល់អនុផលដល់ប្រជាពលរដ្ឋក៏ផ្ដល់ប្រយោជន៍ដល់មច្ឆាជាតិផងដែរ ព្រៃឡង់ គឺជាទីជម្រាលដ៏សំខាន់ដែលសម្រួលទឹក និងកាកសំណល់ដែលហូរចាក់ចូលទៅបឹងទន្លេសាប និងជាទីជម្រកដ៏សំខាន់សម្រាប់ត្រីពង។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានលើកឡើងថា ការកាប់ព្រៃឡង់ ក្រៅពីការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏វាប៉ះពាល់ដល់បរិស្ថានកម្ពុជាដែរ ៖ «ឃើញថា បរិស្ថានស្រុកខ្មែរប្រែប្រួលយ៉ាងខ្លាំង ត្រូវក្ដៅ គឺក្ដៅស្ទើរតែបែកក្បាល ពេលភ្លៀងមានរន្ទះបាញ់ អ៊ីចឹងយើងឃើញថា បញ្ហាគ្រោះធម្មជាតិកំពុងតែញាំញីនៅក្នុងប្រទេសកម្ពុជា»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ម៉ែន សុថាវរិន្រ្ទ បានមានប្រសាសន៍ថា លោកនឹងធ្វើលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដើម្បីឲ្យមានវិធានការការពារព្រៃឡង់ ៖ «អារឿងដឹកឈើហ្នឹង គឺដឹករាល់តែយប់ សុំឲ្យរដ្ឋាភិបាលហ្នឹងគិតរឿងហ្នឹងមែនទែន! ឥឡូវលែងអារឈើនៅក្នុងក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ទៀតហើយ គឺគេដឹកយកទៅអារនៅខែត្រកំពង់ចាម ហើយគេយកទៅយួន»។
ប្រជាសហគមន៍ដែលមកទាំង ៤ខែត្រនេះ បានត្អូញត្អែរក្នុងទឹកមុខស្រពោនថា ប្រសិនបើព្រៃឡង់ត្រូវក្រុមហ៊ុននៅតែកាប់បំផ្លាញបន្តទៀតនោះ វាសនារបស់ពួកគាត់នៅតំបន់ព្រៃឡង់នឹងប្រឈមនឹងការលំបាកផ្នែកជីវភាពជាងការរស់នៅសព្វថ្ងៃទៀត ៖ «ម្យ៉ាងទៀតយើងខ្ញុំមកទីនេះ គឺចង់ឲ្យរាជរដ្ឋាភិបាលហ្នឹងគាត់ទទួលស្គាល់ព្រៃឡង់ ដើម្បីរស់នៅបានស្រួលនៅតំបន់នោះ ព្រោះតំបន់ព្រៃឡង់ជាតំបន់ជនជាតិភាគតិច»។
ឯកសារសិក្សាអំពីព្រៃឡង់ដដែលបានសរសេរថា គិតមកទល់ឆ្នាំ២០១០ កន្លងទៅ រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនជិត ៣០ក្រុមហ៊ុន នៅក្នុងតំបន់ព្រៃឡង់ ដែលនៅចំនួន ៤ខែត្រ គឺខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខែត្រព្រះវិហារ។
ប្រភពចំណូលដ៏សំខាន់របស់សហគមន៍ព្រៃឡង់ បានមកពីដើមច្បោះ ពីព្រោះថា ព្រៃឡង់មានដើមជ័រច្បោះពី ៧០% ទៅ ៧៥% ដែលសហគមន៍ព្រៃឡង់អាស្រ័យផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារគ្រប់រដូវកាល។
គិតពីទសវត្សរ៍ឆ្នាំ១៩៩០ មកទល់ពេលនេះមានដើមច្បោះនៅក្នុងតំបន់ព្រៃឡង់មានជាង ២០ម៉ឺនដើម ដែលត្រូវបានក្រុមហ៊ុន និងអ្នកមានអំណាចកាប់បំផ្លាញ៕