ក្រុមអ្នកសារព័ត៌មានបង្ហាញថា គេមិនហ៊ាននិយាយការពិត ពីព្រោះអាចប៉ះពាល់សេដ្ឋកិច្ចផ្ទាល់ខ្លួនផង នៅស្ថិតក្រោមគំនាបកម្មសិទ្ធិសារព័ត៌មានផង និងច្បាប់ក្រមព្រហ្មទណ្ឌថ្មីផង។
ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៣០នាក់ និងបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ បានជួបជុំគ្នាពិភាក្សាពីការលំបាកទទួលបានព័ត៌មានពីអ្នកនាំពាក្យ ឯកសារពីរដ្ឋាភិបាល និងសេរីភាពនៃការបញ្ចេញមតិក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ ថ្លែងថា សេរីភាពនៃការបញ្ចេញមតិនៅតែជាបញ្ហារសើបចំពោះអ្នកសារព័ត៌មាន ដែលត្រូវពិភាក្សារកគន្លឹះឲ្យមានការប្រែប្រួលប្រសើរឡើង៖ «នេះជាបញ្ហាដែលសារព័ត៌មានបែបប្រពៃណី កំពុងតែប្រឈមផ្ទុយគ្នាទៅនឹងអ្វីដែលសារព័ត៌មានបែបទំនើប គេដើរស្រាយបានយ៉ាងលឿន។ យើងយកមក មានពេលខ្លះយើងមិនបានឆ្លុះបញ្ចាំងនូវមតិយោបល់របស់អ្នកអាន អ្នកស្ដាប់ អ្នកទស្សនារបស់យើងឲ្យបានពេញលេញ ឲ្យបានសុចរិត យុត្តិធម៌នៅឡើយទេ»។
ប្រធានផ្នែកនយោបាយកាសែតរស្មីកម្ពុជា លោក ងួន សេរ័ត្ន បង្ហាញថា សម្ពាធសេដ្ឋកិច្ច និងប្រាក់ខែទាប រួមទាំងកម្មសិទ្ធិសារព័ត៌មាន បានធ្វើឲ្យអ្នកកាសែតមិនហ៊ានបញ្ចេញមតិដោយសេរីទៅក្នុងវិជ្ជាជីវៈរបស់ខ្លួននោះទេ៖ «អ៊ីចឹងបានន័យថា ការចុះកម្មសិទ្ធិនោះវាមានលក្ខណៈមិនសេរីមួយ។ បានន័យថា វាជាការចាប់ផ្ដើមមួយដែលវាអាចជះឥទ្ធិពលទៅលើសេរីភាពស្រេចទៅហើយ។ ប៉ុន្តែបើយើងសម្លឹងទៅមើលច្បាប់នៃរបបសារព័ត៌មានរបស់ប្រទេសកម្ពុជាយើង តើវាយ៉ាងម៉េច? គឺថា វាមានលក្ខណៈចម្លែកមួយ គឺច្បាប់យើងបានអនុញ្ញាតឲ្យមានកម្មសិទ្ធិជនបរទេសទៅលើសារព័ត៌មាន ១០០%។ នេះជាចំណុចមួយដែលមានលក្ខណៈពិសេស ដែលប្រទេសផ្សេងៗ គឺគេមិនបានផ្ដល់ឲ្យរៀបនេះទេ។ ទី១ វាទាក់ទងទៅនឹងជោគវាសនានៃប្រទេស ពីព្រោះសារព័ត៌មានវាមានលក្ខណៈសំខាន់។ ទី២ វាទាក់ទងទៅដល់សេដ្ឋកិច្ចនៃសារព័ត៌មាននៅក្នុងស្រុក ដែលមានធនធានតិច»។
គ្រូឧទ្ទេសនាមផ្នែកសារព័ត៌មាន និងសារគមនាគមន៍ លោក ឆាយ សុផល បង្ហាញថា អ្នកសារព័ត៌មានមិនអាចបញ្ចេញមតិដោយសេរីបាន ពីព្រោះមានការប្រើប្រាស់បទចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។ តុលាការមិនបានយកច្បាប់ស្ដីពីរបបសារព័ត៌មានមកចោទប្រកាន់អ្នកសារព័ត៌មានឡើយ។
នាយិកាកម្មវិធីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងថា បណ្ដាញទូរទស្សន៍ឯកជនក្នុងស្រុក ហ៊ានផ្សាយព័ត៌មានរសើបតិចតួចនៅពេលបច្ចុប្បន្ន។ អ្នកស្រីបន្តថា សមាគមកាសែតក្រៅប្រទេស (Reporter without border ) បានផ្ដល់ចំណាត់ថ្នាក់សេរីភាពបញ្ចេញមតិដល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាលេខ១១៧ ក្នុងចំណោម ១៧៩ប្រទេស។
និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុក លោក ហង្ស ចក្រា ថ្លែងថា លោកបានរាយការណ៍ព័ត៌មានពិតពាក់ព័ន្ធថ្នាក់ដឹកនាំនៃទីស្ដីការគណៈរដ្ឋមន្ត្រី គាត់ត្រូវតុលាការចាប់ដាក់គុកឆ្នាំ២០០៩។
មន្ត្រីគម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រាមាណា ថ្លែងថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅកម្ពុជា សុទ្ធតែលើកឡើងពីភាពគ្មានសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន។ ក្រុមអ្នកកាសែតក៏បង្ហាញពីច្បាប់បានផាកពិន័យការផ្សាយព័ត៌មានមិនពិតនោះ ខ្ពស់ជាងប្រាក់ខែដែលអ្នកកាសែតទទួលបាន ទើបនាំឲ្យសេរីភាពនៃការបញ្ចេញមតិពិតមិនត្រូវបានផ្សព្វផ្សាយជាដើម។ បញ្ហាលើកឡើងនេះគម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា នឹងយកទៅចងក្រងក្នុងនយោបាយសង្ខេប មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដើម្បីយកទៅតស៊ូមតិជាមួយរដ្ឋាភិបាល សុំឲ្យជួយកែប្រែដែលអាចឲ្យសេរីភាពនៃការបញ្ចេញមតិក្នុងប្រព័ន្ធផ្សព្វផ្សាយអាចឈានទៅរកភាពប្រសើរ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។