អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា លោក ឃិន ពិសី មានប្រសាសន៍នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១១ ថា តួលេខប៉ាន់ប្រមាណ ឬហៅថា ព្យាករណ៍ក្នុង ៤ខែ ដើមឆ្នាំ២០១១ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១០ ឃើញថា វិស័យនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា កើនដល់ ៤៤%។
លោកមានប្រសាសន៍បន្ថែមដូច្នេះ «ដោយឡែកឆ្នាំ២០១១ យើងព្យាករ កាលពីមុនយើងដាក់ ៧% ដោយសារកាលនោះយើងឃើញថា វិស័យកាត់ដេរវាកើនលឿនហើយមិនរំពឹងថា វានឹងកើនលឿនជាងហ្នឹងទៀត។ ដល់ពេលយើងបានតួលេខ ៤ខែដើមឆ្នាំ យើងឃើញថា វិស័យកាត់ដេរហ្នឹងវាស្ទុះឡើងតែម្ដង ដោយសារតែវាស្ទុះឡើងហ្នឹងហើយ បានធ្វើឲ្យ ផសស (ផលទុនក្នុងស្រុកសរុប) កំណើនរបស់យើងអាផលិតផលក្នុងស្រុកសរុបដែលលុយស្រុកខ្មែររកបានហ្នឹង វាស្ទុះឡើងដែរ អ៊ីចឹងយើងលើកអាការព្យាកររបស់យើងពី ៧% ទៅ ៨,៧% សម្រាប់ ២០១១»។
លោកឲ្យដឹងទៀតថា វិស័យដទៃទៀត ដូចជាកសិឧស្សាហកម្ម មានកៅស៊ូ ដំឡូង ម្រេច ទេសចរណ៍ជាដើម មិនមានកំណើនស្ទុះលឿនរហ័សដូចវិស័យកាត់ដេរ និងវាយនភណ្ឌនេះទេ។
លោកអះអាងថា ដោយសារតែការព្យាករ ៤ខែដើមឆ្នាំ២០១១ វិស័យកាត់ដេរ និងវាយនភណ្ឌមានកំណើននៅដើមឆ្នាំ វានឹងកើនបន្ថែមទៀតនៅចុងឆ្នាំ២០១១។
លោកថា តែចំពោះវិស័យកាត់ដេរកើនបាន ២១,១% និងកើនច្រើនទ្វេដង នៅចុងឆ្នាំ ៖ «៤ខែដើមឆ្នាំវាកើនបាន ៤៤% ហើយយើងមើលមេគុណរដូវកាល ពីហ្នឹងទល់ទៅដាច់ឆ្នាំវាអាចកើនបន្ថែមទៀត។ អ៊ីចឹងបានន័យថា ជាសេចក្ដីសរុប គឺថា កំណើនសម្រាប់ឆ្នាំ២០១១ នឹងអាចខ្ពស់ជាងឆ្នាំ២០១០ ទៀត។ ហេតុដូច្នេះហើយ បានយើងព្យាករកំណើន ២០១១ កំណើនអត្រាពិតសម្រាប់វិស័យកាត់ដេរ ដូចជា ២១,១% ជាកំណើនពិតរបស់វិស័យវាយនភណ្ឌ ហើយនិងសម្លៀកបំពាក់»។
លោកឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់កសិដ្ឋានកសិឧស្សាហកម្មដ៏ធំមួយក៏បានអះអាងដែរថា ការលក់ ប្រេងឆៅដែលចម្រាញ់ពីគ្រាប់ដូងប្រេងរបស់កសិដ្ឋាននោះ បានលក់ទៅបរទេសទទួលចំណូលច្រើនជាងរាល់ឆ្នាំ ពិសេសទៅទៀត កំពង់ផែម៉ុង បានទប់ស្កាត់ការនាំចូលជ្រូកពីបរទេសមិនឲ្យដឹកចូលមកកម្ពុជា ៖ «នាំចេញអានេះជាប្រេងឆៅ ប្រេងយើងផលិតដូចគ្នា ប្រេងឆៅ មានប្រេងឆៅក្រោមដី អានេះប្រេងឆៅលើដី ជាអាហារ ជាប្រេងចាក់ឡាន មានទាំងអស់ជាង ២០០មុខ»។
លោក ឃិន ពិសី ឲ្យដឹងទៀតថា វិស័យជលផល សំណង់ និងអចលនវត្ថុ តាមការព្យាករអាចកើនបានចំនួនតិចតួចណាស់ បើធៀបនឹងវិស័យកាត់ដេរ និងវាយនភណ្ឌ។
កាលពីឆ្នាំទៅ រដ្ឋាភិបាលកម្ពុជាបានព្យាករថា ផលទុនក្នុងស្រុកសរុប សម្រាប់ឆ្នាំ២០១១ គឺកើនប្រមាណ ៦% ប៉ុណ្ណោះ។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា នឹងកើនដល់ ៦,៥% សម្រាប់ប្រទេសកម្ពុជា៕