ប្រភពពីអ្នកទទួលខុសត្រូវ និងកម្មករបំពេញការងារនៅកន្លែងសាងសង់អគារ ហ្គោល ថោវអឺ (Gold Tower) បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅថ្ងៃទី១២ កញ្ញា ថា ការងារសាងសង់អគារនេះ បានដល់ជាន់ទី៣១ហើយ ហើយបច្ចុប្បន្នបានផ្អាកការសាងសង់បណ្ដោះអាសន្នសិន។
លោក គីម ជនជាតិកូរ៉េ ដែលជាអ្នកទទួលខុសត្រូវមួយរូប ក្នុងការសាងសង់អគារកម្ពស់៤២ជាន់ របស់ក្រុមហ៊ុនកូរ៉េ បានមានប្រសាសន៍ថា លោកសុំមិននិយាយពីមូលហេតុនៃការផ្អាកសាងសង់បណ្ដោះអាសន្ននេះទេ។
ប្រភពពីកម្មករសំណង់ ដែលបំពេញការងារនៅក្នុងការដ្ឋានសាងសង់អគារកម្ពស់៤២ជាន់នោះ សុំមិនចេញឈ្មោះ ដោយសារខ្លាចគេមិនហៅធ្វើការវិញ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា ការផ្អាកសកម្មភាពសាងសង់នោះ ចាប់ផ្ដើមតាំងពីដើមខែកញ្ញានេះ ហើយពេលវេលាចាប់ផ្ដើមបន្តសាងសង់វិញនោះ អ្នកទទួលខុសត្រូវមិនបានប្រកាសឲ្យដឹងទេ។
អគារកម្ពស់៤២ជាន់ ដែលមានឈ្មោះថា ហ្គោល ថោវអឺ បានចាប់ផ្ដើមប្រកាសបើកការសាងសង់ កាលពីខែមករា ឆ្នាំ២០០៨ ហើយតាមគម្រោង អគារនេះត្រូវសង់ឲ្យចប់រួចរាល់ នៅឆ្នាំ២០១២ ខាងមុខនេះ ដោយគម្រោងចំណាយប្រាក់ចំនួន ២៤០លានដុល្លារអាមេរិក។ ក្រុមហ៊ុនជាម្ចាស់អគារជាក្រុមហ៊ុនរបស់កូរ៉េ មានឈ្មោះថា យន់ វូ (Yon Woo Co.,) ហើយក្រុមហ៊ុនទទួលសាងសង់ជាក្រុមហ៊ុនកូរ៉េដែរ មានឈ្មោះថា ហេនីល អ៊ិនយ៉ីនយរ័រីង អែន កុងស្រាក់ស៊ិន (Hanil Engineering & Construction Co.,)។
បុគ្គលិកក្រុមហ៊ុន យន់ វូ ដែលជាម្ចាស់អគារធ្លាប់បានប្រកាសឲ្យដឹងថា បន្ទប់ចំនួន៦០% នៃគម្រោងសាងសង់អគារ បានលក់ឲ្យអតិថិជនរួចហើយ ហើយអ្នកទិញទាំងនោះ មានសញ្ជាតិខ្មែរ កូរ៉េ ចិន និងអង់គ្លេស ជាដើម៕
