អ្នក​នៅ​ខេត្ត​រតនគិរី​ត្អូញត្អែរ​ពី​បញ្ហា​ទំនិញ​ឡើង​ថ្លៃ

ប្រជាពលរដ្ឋ អាជីវករ មន្ត្រី​រាជការ​នៅ​ខេត្ត​រតនគិរី ត្អូញត្អែរ​ថា ប្រេង​ឥន្ធនៈ អង្ករ ត្រី សាច់ មុខទំនិញ​ឧបភោគ​បរិភោគ​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ។

0:00 / 0:00

ហើយ​បច្ចុប្បន្ន ផ្លូវ​គមនាគមន៏​ដឹកជញ្ជូន​ដ៏​សំខាន់​គឺ​ផ្លូវ​ជាតិ​លេខ​៧៨ ក៏​ត្រូវ​កាត់​ផ្តាច់​ទៀត ដូច្នេះ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​នឹង​រង​ផលប៉ះពាល់​ដោយសារ​ទំនិញ​ឡើង​ថ្លៃ ។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្រីក្រ អ្នក​លក់ដូរ អាជីវករ​នៅ​ក្នុង​ខេត្ត ឲ្យ​ដឹង​ថា ប្រេង​ឥន្ធនៈ មាន​តម្លៃ ៤៨០០ រៀល ក្នុង​មួយ​លីត្រ អង្ករ​លេខ​មួយ ៣៥០០​រៀល ទៅ ៣៧០០​រៀល ក្នុង​មួយ​គីឡូក្រាម អង្ករ​លេខ​ពីរ ២៧០០​រៀល ទៅ ២៨០០​រៀល ក្នុង​មួយ​គីឡូក្រាម អង្ករ​លេខ​បី ២៤០០​រៀល ទៅ ២៥០០​រៀល ក្នុង​មួយ​គីឡូក្រាម ។

ត្រីរ៉ស់ ១៥០០០​រៀល សាច់​គោ ២៥០០០​រៀល សាច់​ជ្រូក ២០០០០ និង អំបិល ១២០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​ជា​តម្លៃ​ខ្ពស់ បើទោះបី​រាជ​រដ្ឋាភិបាល​អះអាងថា នឹង​ចាត់​វិធានការ​ធ្វើ​ឲ្យ​ចុះ​ថ្លៃ​វិញ ក៏ដោយ ។

ប្រជា​ពលរដ្ឋ អ្នក​លក់ដូរ​នំ​ចំណី​នៅ​ផ្សារ​បានលុង បញ្ជាក់ ៖ «កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ចុះ​បន្តិច​ដែរ ប៉ុន្តែ ឥឡូវ ឡើង​វិញ​ហើយ ។ អ្នករកស៊ី​ហ្នឹង វេទនា​ណាស់ ឡើង​ថ្លៃ​ស្ទើរ​មួយ​ជា​ពីរ​ទៅ​ហើយ»

ចំណែក កសិករ​នៅ​ស្រុក​លំផាត់ បញ្ជាក់​ដែរ​ថា ៖«ខ្វះ​អង្ករ​ស៊ី​ខ្លាំង ដូច​អ្នក​មាន​កូន​ចៅ​ច្រើន​ដូច​ខ្ញុំ​អី​ហ្នឹង សព្វថ្ងៃ​ដាំ​បបរ​ស៊ី​ហើយ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មេសា ស្ពាន​ស្រែពក​ដ៏​សំខាន់​សម្រាប់​តភ្ជាប់​ផ្លូវ​ជាតិ​លេខ​៧៨ ខេត្ត​រតនគិរី ទៅ​ទីក្រុង​ភ្នំពេញ​និង​បណ្តា​ខេត្ត​នានា ក្នុង​ការដឹក​ជញ្ជូន​ទំនិញ​សព្វសារពើ ត្រូវ​កាត់​ផ្តាច់​ដោយសារ​រថយន្ត​ដឹកឈើ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្ពាន​ឆ្លងកាត់​ទន្លេ​ស្រែពក​ដ៏​វែង បាន​បាក់ ។

អាជីវករ​នាំ​អង្ករ​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​មក​លក់​នៅ​ខេត្ត​រតនគិរី សម្ដែង​ការព្រួយ​បារម្ភ​ថា ៖ «ពី​ភ្នំពេញ​មក​ខេត្ត​រតនគិរី​មាន​ចម្ងាយ​ឆ្ងាយ ហើយ​ផ្លូវ​ពិបាក ដូច្នេះ ធ្វើ​ឲ្យ​ទំនិញ​កាន់​តែ​ឡើង​ថ្លៃ​ថែម​ទៀត ។ វាប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ពលរដ្ឋ​យើង ។ រដ្ឋាភិបាល​មាន​គោលនយោបាយ​បែប​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?»

បើ​តាម​មន្រ្តី​អាជ្ញាធរ​ខេត្ត​រតនគិរី បញ្ជាក់​ថា ខេត្ត​នេះ​ពុំ​មាន​ស្បៀង​អាហារ​ត្រៀម​បម្រុង​សម្រាប់​ដោះស្រាយ ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ​បាន​ទេ ក្រៅពី​ស្បៀង​សម្រាប់​ការងារ​សង្គមកិច្ច ដែល​មាន​អង្ករ​តិចតួច​ប៉ុណ្ណោះ ។

អនុប្រធាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​ខេត្ត​រតនគិរី លោក យន់ សារឿន បញ្ជាក់​ថា ការស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ទំនិញ​ឡើង​ថ្លៃ​តែ​មួយ​គត់ ដែល​អាជ្ញាធរ​កំពុង​ចាត់​វិធានការ ៖ «កំពុង​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ ពិនិត្យ​មើល​មើល៍ ហេតុ​យ៉ាង​ម៉េច​បាន​ជា​ឡើង​ថ្លៃ»

ចំណែក អនុប្រធាន​មន្ទីរ​គមនាគមន៏​ខេត្ត​ស្ទឹងត្រែង លោក សន នូ បញ្ជាក់​ដែរ​ថា ការចរាចរ​ទំនិញ​ឡើង​វិញ គឺ​ត្រូវ​ចំណាយ​វេលា​ប្រមាណ​ជិត​មួយ​សប្តាហ៏ ដើម្បី​តភ្ជាប់​ស្ពាន​ដែល​បាក់ ៖ «ឥឡូវ​នេះ យើង​កំពុង​ប្រើ​ផ្លូវ​វៀង»

អាជីវករ​ផ្គត់ផ្គង់​លក់​អង្ករ​នៅ​ទីផ្សារ​ខេត្ត​រតនគិរី បញ្ជាក់​ថា សេចក្តី​ត្រូវការ​អង្ករ​សម្រាប់​បរិភោគ​មាន​ប្រមាណ ២០០០​តោន ក្នុង​មួយ​ឆ្នាំ ហើយ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​អង្ករ​តែ​ប្រមាណ ៤០០​តោន ប៉ុណ្ណោះ​ដែល​ប្រមូល​ទិញ​បាន ហើយ​បច្ចុប្បន្ន អង្ករ​ទាំងនោះ​បញ្ចេញ​ទៅ​ទីផ្សារ​អស់​ហើយ ៕