មានប្រសាសន៍ក្នុងពិធីរំឭកខួបគម្រប់៥ឆ្នាំថ្ងៃដែលលោក ជា វិជ្ជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន គឺលោក ជា មុនី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានធ្វើការទាមទារយ៉ាងទទូចឲ្យរាជរដ្ឋាភិបាលវែកមុខឃាតករដៃដល់ដើម្បីផ្តល់យុត្តិធម៌ចំពោះវិញ្ញាណក្ខន្ធបងប្រុសរបស់លោក។
លោក ជា មុនី បានមានប្រសាសន៍ថា ៖ «លោក ហេង ពៅ កាលគាត់នៅជាស្នងការរងបានដឹងរឿងនៃឃាតកម្មនេះច្បាស់។ លោកឆ្លើយនៅមុខតុលាការក្រុងភ្នំពេញថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករទេ។ អ៊ីចឹងមានន័យថា ឃាតករនៅមានសេរីភាពនៅឡើយ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បន្ថែមថា ៖ «យើងសង្ឃឹមថាស្មារតីនៃការគោរពវិញ្ញាណក្ខន្ធថ្ងៃនេះនឹងជំរុញឲ្យអាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជាសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតសាជាថ្មីបន្ទាន់ដើម្បីវែករកមុខឃាតករពិតនិងអ្នកនៅក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់»។
ប្រធានបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជា គឺលោក សម រង្ស៊ី អំពាវនាវឲ្យប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកជួយក្នុងការវែកមុខឃាតករ ដោយលោកបានផ្តោតការមន្ទិលចំពោះឃាតកម្មលើលោក ជា វិជ្ជា ថាអាចនឹងមានជនដែលមានឥទ្ធិពលនិងអំណាចខ្លាំងក្នុងសង្គមកម្ពុជាបច្ចុប្បន្នជាអ្នកនៅពីក្រោយ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «សូមឲ្យលោកប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា ជួយប្រជារាស្ត្រខ្មែរវែកមុខជនឧក្រិដ្ឋឲ្យទាល់តែបានដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ ខៀវ សុភ័គ បំភ្លឺចំពោះការទាមទារខាងលើនេះថា រាជរដ្ឋាភិបាលកំពុងរង់ចាំការសម្រេចជាស្ថាពររបស់តុលាការសិនមុននឹងចាត់វិធានការណាមួយចំពោះបញ្ហានេះ។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានមានប្រសាសន៍ថា ៖ «លោក ប៊ន សំណាង និង សុខ សំអឿន នេះ ត្រូវបានតុលាការកំពូលលោកធ្វើការដោះលែងជាបណ្ដោះអាសន្ន។ ពាក្យថា បណ្ដោះអាសន្ន មិនទាន់ជាស្ថាពរនៅឡើយទេ ដូច្នេះសមត្ថកិច្ចរបស់យើងនៅរង់ចាំសេចក្ដីសម្រេចស្ថាពររបស់តុលាការសិន មុននឹងចាត់វិធានការអ្វីផ្សេងមួយទៀត»។
គួរបញ្ជាក់ដែរថា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃ២២ មករា ឆ្នាំ២០០៤ នៅពេលដែលលោកកំពុងអានកាសែតនៅមុខតូបលក់កាសែតមួយក្បែរវត្តលង្កា។ ក្រោយការបាញ់សម្លាប់នេះ លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទចោទប្រកាន់ថាជាឃាតករ។
ថ្មីៗនេះតុលាការកំពូលបានសម្រេចដោះលែងជនជាប់ចោទទាំងពីររូបនេះជាបណ្តោះអាសន្ន តែឃាតករពិតពុំទាន់រកឃើញនៅឡើយ។ ជនជាប់សង្ស័យ ប៊ន សំណាង ក៏មានវត្តមាននៅក្នុងឱកាសនេះផងដែរ៕
