មេដឹកនាំគណបក្សមានឈ្មោះខ្លួនឯងគឺលោក សម រង្ស៊ី បានមានប្រសាសន៍ថា ការចរចាអំពីជម្លោះព្រំដែនជាមួយប្រទេសថៃទ្វេភាគីជាច្រើនលើកមកហើយនោះបានបង្ហាញថា គ្មានលទ្ធផលដូចដែលការរំពឹងទុកនោះទេ ហើយស្ថានការណ៍តានតឹងផ្នែកយោធាក៏មិនបានស្ងប់ដែរ។
លោក សម រង្ស៊ី បានបញ្ជាក់ថា ៖ «យូរខែណាស់មកហើយឃើញថា ការចរចាហ្នឹងដូចជាអត់មានប្រសិទ្ធភាពសោះ ចេះតែកើតរឿងឥតឈប់ឈរ។ ខ្ញុំនៅតែយល់ឃើញថា ទាល់តែយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកប្រើ ពីព្រោះកិច្ចព្រមព្រៀងនេះគឺធានាបូរណភាពទឹកដីប្រទេសកម្ពុជា ប្រទេសដែលជាហត្ថលេខី១៨ប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានសន្យាថា ជួយការពារបូរណភាពទឹកដីប្រទេសកម្ពុជា»។
រីឯលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ក៏បានមានប្រសាសន៍ដែរថា ការចរចាទ្វេភាគីគឺគ្រាន់តែធ្វើឲ្យកម្ពុជាជាអ្នកចាញ់ប្រៀបតែប៉ុណ្ណោះ។
លោក កឹម សុខា បានមានប្រសាសន៍ថា ៖ «ខ្ញុំមើលឃើញថា រឿងវាដដែលៗបញ្ហាព្រះវិហារហ្នឹង គឺថា រដ្ឋាភិបាលយើងគួរតែមិនរត់តាមក្រោយថៃអ៊ីចឹងទេ ព្រោះប្រទេសយើងមានអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី ហើយយើងមានច្បាប់អន្តរជាតិដែរ។ យើងគួរតែព្រមានដល់ថៃឲ្យខ្លាំងជាងហ្នឹងទៀត យើងរកទៅច្បាប់អន្តរជាតិឲ្យមែនទែនទៅ»។
សេចក្តីថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំងទាំងនេះបានកើតឡើងភ្លាមៗដែរក្រោយពេលបញ្ចប់ការចរចារវាងគណៈកម្មការព្រំដែនដីគោកប្រទេសទាំងពីរដែលសាធារណមតិបាននិយាយថា មិនមានលទ្ធផលជាដុំកំភួននោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីខ្មែរបានមានប្រសាសន៍ថា ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងនោះហាក់ដូចជាទុទិដ្ឋិនិយមពេក។ លោកក៏បានបន្ថែមថា ការចរចាទ្វេភាគីកំពុងដំណើរការនិងបានលទ្ធផលដ៏គាប់ប្រសើរ។
លោក ផៃ ស៊ីផាន បានថ្លែងថា ៖ «អ្វីដែលគណៈកម្មការខណ្ឌសីមាដែនគោកចម្រុះកម្ពុជាថៃហ្នឹងជាបច្ចេកទេសសុទ្ធសាធ ដែលយើងនិយាយគ្នាថាត្រូវធ្វើយ៉ាងម៉េចៗ។ គឺគណៈកម្មការហ្នឹងជាគណៈកម្មការបច្ចេកទេស មិនទៅដោះស្រាយនូវទិដ្ឋភាពរបស់កងទ័ពនិងកងទ័ពនោះទេ ក៏ប៉ុន្តែនៅក្នុងហ្នឹងការសន្យាដើម្បីទៅពិនិត្យមើលនិងទៅបោះបង្គោលនៅតំបន់ប្រាសាទព្រះវិហារត្រូវតែអត់មានវត្តមានរបស់កងទ័ពថៃឬកងទ័ពកម្ពុជានៅតំបន់នោះ»។
គួរបញ្ជាក់ថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសនៅតំបន់ក្បែរប្រាសាទព្រះវិហារបានកើតមានឡើងជាបន្តបន្ទាប់ ក្រោយពីប្រទេសកម្ពុជាបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកកាលពីដើមខែកក្កដា ឆ្នាំ២០០៨៕
