រដ្ឋាភិបាល​បដិសេធ​របាយការណ៍​របស់​អ.ស.ប.​ស្ដីពី​សិទ្ធិ​មនុស្ស

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​ស្ដី​អំពី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ប្រចាំ​កម្ពុជា ដែល​​ថា ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា នៅ​មាន​កម្រិត និង​ថា រដ្ឋាភិបាល​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​គំរាម​កំហែង និង​ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​លើ​ជន​ពាក់ព័ន្ធ​ដែល​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ។

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា បាន​មាន​ប្រតិកម្ម​ថា ជា​រឿង​បំផ្លើស និង​លាប​ពណ៌​ដល់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ថា កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ។

លោក ផៃ ស៊ីផាន ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ព្រោះ​ថា រដ្ឋាភិបាល​បើក​ឲ្យ​មាន​ស្ថាប័ន​ទូរទស្សន៍ វិទ្យុ សារ​ព័ត៌មាន​ផ្សេងៗ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​បញ្ចេញ​មតិ​គ្រប់​ពេល ប៉ុន្តែ​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​របាយការណ៍​នេះ​ថា ជា​រឿង​មិន​ពិត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ត​ថា ៖ «រាល់​ករណី​ដែល​ចូល​ទៅ​តុលាការ​ហ្នឹង សុទ្ធ​តែ​មាន​អង្គហេតុ និង​អង្គ​ច្បាប់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​បំផុត ដូច្នេះ​ការ​និយាយ​ហ្នឹង គ្រាន់​តែ​ជា​ការ​លាប​ពណ៌​រដ្ឋាភិបាល ជា​ពិសេស​ប្រព័ន្ធ​តុលាការ​ហ្នឹង​ឯង»

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​ថា នៅ​កម្ពុជា ច្បាប់​ស្ដីពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដោយ​មាន​លក្ខណៈ​លម្អៀង​ចំពោះ​អ្នក​សារ​ព័ត៌មាន សកម្មជន​សិទ្ធិ​មនុស្ស និង​មេ​ដឹក​នាំ​នយោបាយ ហើយ​តុលាការ​ហាក់​បី​ដូច​ជា​មិន​បក​ស្រាយ​ច្បាប់​នេះ និង​ការ​កំណត់​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ឲ្យ​បាន​ច្បាស់ ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទេ។

ដូច​ជា​កាល​ពី​ឆ្នាំ​២០០៩ សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​ចំនួន ៣​រូប គឺ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី លោក ហូ វ៉ាន់ លោកស្រី មូរ សុខហួរ និង​អ្នក​កាសែត​ចំនួន​ពីរ​រូប​ទៀត លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ត្រូវ​បាន​គេ​ចោទ​ប្រកាន់​អំពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ អង្គការ​ធ្វើការ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ជា​ច្រើន បាន​ចេញ​របាយការណ៍​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ករណី​រំលោភ​ដីធ្លី និង​ការ​បំបិទ​មាត់​ក្នុង​ការ​បញ្ចេញ​មតិ​តាម​រយៈ​រដ្ឋាភិបាល បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជាដើម។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា របាយការណ៍​ទាំង​នេះ​គឺ​ជា​កត្តា​សំខាន់​​ណាស់ ក្នុង​ការ​ផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​របាយការណ៍​ទាំង​នេះ ៖ «ជា​ការ​សោកស្ដាយ​ដែរ ជា​ទូទៅ​រដ្ឋាភិបាល​បាន​ប្រតិកម្ម​បែប​នេះ ប្រតិកម្ម​បែប​គ្រប​ដណ្ដប់ ដោយ​មិន​បាន​មើល​ខ្លឹមសារ​នៃ​របាយការណ៍ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​​យក​ចិត្ត​ទុក​ដាក់​ខ្លឹមសារ​នៃ​របាយការណ៍ ដែល​រដ្ឋាភិបាល​តែងតែ​ថា ចង់​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ​ធ្វើការ​រិះគន់​ដោយ​វិជ្ជមាន ឬ​ក៏​ផ្ដល់​អនុសាសន៍​ចំៗ»

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ដដែល បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​គួរ​មាន​ការ​អត់ធ្មត់​ចំពោះ​ពាក្យ​រិះគន់ ជា​ជាង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​ទាំង​នោះ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​សុខភាព​ប្រជាធិបតេយ្យ ហើយ​រដ្ឋាភិបាល​គួរ​តែ​ចាត់​ឲ្យ​អ្នក​នាំ​ពាក្យ​ឆ្លើយ​តប ឬ​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​គោលនយោបាយ​របស់​ខ្លួន​ជា​ជាង​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ ដោយ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍​នោះ៕