ក្រសួងការបរទេសកម្ពុជា បានពន្យារពេលការបិទជំរំជនភៀសខ្លួនជនជាតិភាគតិចវៀតណាម ឈ្មោះម៉ុងតាញ៉ា (Montagnards) នៅក្នុងប្រទេសកម្ពុជា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខ ក្រោយពីមានសំណើរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) កន្លងទៅថ្មីៗនេះ។
គម្រោងដើមរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការបរទេសកម្ពុជា គ្រោងនឹងបិទជំរំនេះនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១១ ដោយសារដល់ពេលវេលាត្រូវបិទ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថៃ្ងទី១៧ ខែធ្នូថា កម្ពុជានឹងបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ចំពោះជនណាដែលមិនត្រូវបានទទួលស្គាល់ដោយអង្គការ UNHCR។
លោកបន្តថា ៖ «យើងក៏អនុគ្រោះ សម្ដេចតេជោលោកបានសម្រេចឲ្យដល់ពាក់កណ្ដាលខែ២ ពាក់កណ្ដាលខែកុម្ភៈ ដូច្នេះឯកឧត្ដម ទ្បុង វិសាលោ នឹងជួបជាមួយតំណាង UNHCR នៅភ្នំពេញនេះ ដើម្បីប្រាប់គេថា យើងឲ្យត្រឹមតែថ្ងៃទី១៥ ខែ២ នឹងបិទទៀត វាមិនត្រូវមាន»។
មន្ត្រីអ្នកនាំពាក្យនៃអង្គការ UNHCR ប្រចាំនៅក្នុងតំបន់អាស៊ី លោកស្រី ឃីតធី ម៉ាកឃីនហ្ស៊ី (Kitty McKinsey) បានមានប្រសាសន៍ថា លោកស្រីនៅមិនទាន់បានព័ត៌មានជាផ្លូវការនៅឡើយទេ អំពីការពន្យារពេលបិទជំរំនេះ។ បើសិនណានេះជាព័ត៌មានពិត លោកស្រីយល់ថា ជាដំណឹងល្អ ហើយលោកស្រីនឹងស្វែងរកការបញ្ជាក់ជាផ្លូវការលើព័ត៌មាននេះ។
លោកស្រីបានបញ្ជាក់ថា ក្រុមជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ចំនួន ៦២នាក់ នៅក្នុងជំរំជនភៀសខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅក្នុងចំណោមចំនួនសរុប ៧៥នាក់ ត្រូវបានការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជា បានទទួលស្គាល់ ដើម្បីទៅកាន់ប្រទេសទី៣ ដែលប្រភពមួយចំនួនបានឲ្យដឹងថា ប្រទេសទី៣នោះ គឺប្រទេសកាណាដា។
អ្នកទាំងនេះបានរត់គេចខ្លួនមកសុំសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅកម្ពុជា តាំងពីឆ្នាំ២០០១ កន្លងមក ដើម្បីទៅកាន់ប្រទេសទីបី ដោយសំអាងថា អាជ្ញាធរវៀតណាម ស្វែងរកចាប់ខ្លួន ក្រោយពីបានងើបតវ៉ាទាមទារដីស្រែចម្ការ និងតវ៉ាទាមទារជំនឿសាសនាគ្រឹះនៅក្នុងប្រទេសវៀតណាម៕