ហង្ស ចក្រា សរសេរ​លិខិត​សុំ​ទោស សុខ អាន

ប្រភព​ពី​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ដែល​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​ព្រៃស​បាន​សរសេរ​លិខិត​ផ្ទាល់​ខ្លួន​មួយ​ច្បាប់​សុំ​ទោស​លោក សុខ អាន ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​រូប​លោក​មាន​សេរីភាព​វិញ​នា​ពេល​ខាង​មុខ​នេះ។

0:00 / 0:00

លោក ខៀវ កាញារីទ្ធ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ផងដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ទទួល​លិខិត​ពី​លោក ហង្ស ចក្រា កាល​ពី​ថៃ្ង​អង្គារ ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ព្រៃស។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​បាន​ជម្រាប​រឿង​នេះ​ជូន​លោក សុខ អាន ហើយ ព្រម​ទាំង​សមាគម​អ្នក​កាសែត​ចំនួន​៥​ទៀត​ជុំវិញ​រឿង​នេះ ហើយ​លោក​រំពឹង​ទុក​ថា នឹង​មាន​នីតិ​វិធី​មួយ​ទៀត​សម្រាប់​ការ​លើកលែង​ការ​ចោទ​ប្រកាន់​និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ប៉ុន្តែ​វា​ស៊ី​ពេល​យូរ​បន្តិច​ដោយសារ​ភាព​សាំញ៉ាំ​នៅ​ក្នុង​ដៃ​តុលាការ​ទៅ​ហើយ។

លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា លីកាដូ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ថា ៖ «សង្ឃឹម​ថា លោក ហង្ស ចក្រា នឹង​មាន​សេរីភាព​ដើម្បី​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ឡើង​វិញ»

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ លោក ជូង ជូងី ជា​មេធាវី​របស់​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​នោះ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ​ទេ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ដែរ គ្រាន់​តែ​ពេល​នេះ​ខ្ញុំ​ឮ​អ្នក​សារព័ត៌មាន​មួយចំនួន​និយាយ​រឿង​ហ្នឹង»

នៅ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ និង​ក្រុម​គ្រួសារ​របស់​លោក ហង្ស ចក្រា មាន​គម្រោងការ​ចូល​ជួប​រួម​គ្នា​សួរ​សុខ​ទុក្ខ លោក ហង្ស ចក្រា នៅ​ក្នុង​គុក​ព្រៃស នៅ​ថៃ្ង​ព្រហស្បតិ៍ ទី​១០ ខែ​កញ្ញា ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​សុខភាព​របស់​គាត់។

សូម​ជម្រាប​ថា លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​គាំទ្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាធានី​ភ្នំពេញ​ផ្តន្ទា​ទោស​កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា​កន្លង​ទៅ ឲ្យ​ជាប់​គុក​ចំនួន​រយៈពេល​១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​របស់​លោក​បាន​ចេញ​ផ្សាយ​ព័ត៌មាន​មួយចំនួន​កាល​ពី​ខែ​មេសា​និង​ខែ​ឧសភា​កន្លង​ទៅ ក្រោម​ចំណងជើង​ថា "លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បំបែក​សំបុក​មន្រ្តី​អាក្រក់​និង​មន្ត្រី​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន" និង​អត្ថបទ​ព័ត៌មាន​មួយ​ទៀត​សរសេរ​ថា "មន្រ្តី​និយម​លោក សុខ អាន ប្រឈម​មុខ​នឹង​ការ​ដក​ចេញ​ពី​ដំណែង​ជា​ច្រើន​នាក់"។

កាល​ពី​ថៃ្ង​ទី​១១ ខែ​សីហា​កន្លង​ទៅ​នេះ តុលាការ​សាលា​ឧទ្ធរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​ខាង​លើ​នេះ​ចាត់​ទុក​ថា​ជា​បាន​ការ ហើយ​បាន​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​លោក ហង្ស ចក្រា ក្នុង​គុក​ព្រៃស​ជា​បន្ត​ទៀត។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​ក្រុម​អ្នក​នយោបាយ​ជំទាស់​បាន​ហៅ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ដាក់​គុក​នោះ ថា​ជា​ការ​បំបិទ​សំឡេង​រិះគន់​និង​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ៕