ក្រុមហ៊ុន​ស៊ូកាគូ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់

ក្រុម​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​លំនៅឋាន​របស់​ពួកគាត់​ចំនួន ៣០​ខ្នង ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​ទាំង​មិន​ទាន់​មាន​ដំណោះស្រាយ ដើម្បី​យក​តំបន់​នេះ​ធ្វើការ​អភិវឌ្ឍន៍​សាងសង់​អគារ​ទំនើបៗ។

0:00 / 0:00

ពលរដ្ឋ​រងគ្រោះ​រស់​នៅ​តំបន់​បឹងកក់ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​និយាយ​​រៀបរាប់​ក្នុង​សំឡេង​អួល​ដើម​ក​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ថា ទុក្ខ​កង្វល់​ពី​ការ​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួកគាត់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬ​ក៏​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​យក​ភ្នែក​មើល និង​ជួយ​ដល់​ពលរដ្ឋ​ឡើយ បើ​ទោះ​ជា​ពួកគាត់​ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ជា​​ច្រើន​លើក​ច្រើន​សា​បែប​ណា​ក្ដី។ យ៉ាង​នេះ​ក្ដី ពលរដ្ឋ​នៅ​តំបន់​បឹងកក់ នៅ​តែ​មាន​ជំនឿ​ថា បញ្ហា​នេះ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាច​ជួយ​ដល់​ពួក​គាត់​បាន។

ស្ត្រី​ម្នាក់​ឈ្មោះ ទី ពិសី រស់​នៅ​ភូមិ​២៤ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​អំពាវនាវ​ជា​ថ្មី​​​ទៀត​ទៅ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​ទប់​ស្កាត់​សកម្មភាព​បូម​ខ្សាច់​លុប​ផ្ទះ​ពួកគាត់​ជា​បន្ទាន់ និង​ងាក​ទៅ​​រក​ការ​ចរចា​ផ្ដល់​​សំណង​សមរម្យ​ជូន​ពួកគាត់​វិញ ៖ «សម្ដេច​ទាំង​បី សូម​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ដល់​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹងកក់​ផង ព្រោះ​អី​ប្រជាពលរដ្ឋ​ពួកគាត់​កំពុង​តែ​លិចលង់​ហើយ»

ស្ត្រី​វ័យ​ចំណាស់​មួយ​រូប​ទៀត ឈ្មោះ ឈឹម ណាវី បាន​សម្ដែង​ពី​ទុក្ខ​កង្វល់ និង​បាន​អំពាវនាវ​ដូច្នេះ ៖ «សម្ដេច ហ៊ុន សែន ជួយ​កូន​ចៅ​ផង ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​មក ប្រជាពលរដ្ឋ​គេ​ទៅ​ហើយ​គេ​មិន​នៅ​ទេ ឲ្យ​ពលរដ្ឋ​សមរម្យ​មក​ឲ្យ​បាន​​ទិញ​ផ្ទះ​នៅ»

ពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត​បាន​អំពាវនាវ​បន្ថែម ៖ «ត្រូវ​មាន​គណៈកម្មការ​មួយ​ធ្វើការ​ដោះស្រាយ​មួយ មិន​មែន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ស្រេច​​តែ​ចិត្ត​ទេ។ ពី​មុន​ថា ក្នុង​ទឹក​ដោះស្រាយ​ផ្សេង លើ​គោក​ដោះស្រាយ​ផ្សេង តែ​ឥឡូវ​ចង់​ឲ្យ​លើ​គោក និង​ក្នុង​ទឹក​ដោះស្រាយ​ដូច​គ្នា គឺ​ទៅ​មិន​រួច​ទេ»

ពលរដ្ឋ​ឲ្យ​ដឹង​ថា សកម្មភាព​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​របស់​ក្រុមហ៊ុន​ស៊ូកាគូ កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា មិន​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល​ចុះ​ជួប​ប្រជាពលរដ្ឋ ឬ​ក៏​មក​ផ្អាក​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឡើយ។ ពលរដ្ឋ​រង​គ្រោះ​ថ្លែង​ថា ពួក​គាត់​​​បាន​​ត្រឹម​តែ​​ឈរ​អោប​ដៃ​​មើល​ផ្ទះសម្បែង​​ដែល​លិចលង់​ប៉ុណ្ណោះ ព្រោះ​មិន​អាច​ធ្វើ​អ្វី​បាន ដោយសារ​ក្រុមហ៊ុន​បាន​ដាក់​​កម្លាំង​​​​ប្រដាប់​អាវុធ​​ជា​ច្រើន​នាក់​ឈរ​យាមកាម​សកម្មភាព​បូម​ខ្សាច់​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទំនាក់ទំនង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​អំពី​ការ​បូម​ខ្សាច់​លុប​ផ្ទះ​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​បាន​ទេ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក គង់ ចំរើន តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​​ថា កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៨ លោក​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ ដោះស្រាយ​គោលនយោបាយ​ជូន​ពលរដ្ឋ ដែល​មាន​ខ្នង​ផ្ទះ​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកក់​ពិត​ប្រាកដ ដោយ​ផ្ដល់​នូវ​ជម្រើស​ចំនួន​៣ សម្រាប់​​ឲ្យ​​ពលរដ្ឋ​ជ្រើស​រើស។

លោក គង់ ចំរើន មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «កត្តា​បី​ហ្នឹង គឺ​ទី​១ យក​ផ្ទះ​ដែល​សង់​ស្រេច ទី​២ យក​ប្រាក់ ៨​ពាន់​ដុល្លារ និង​២​លាន​រៀល និង​ទី​៣ នៅ​នឹង​កន្លែង​ហ្នឹង ដើម្បី​យក​ផ្ទះ​នៅ​នឹង​កន្លែង​ហ្នឹង។ ការ​បូម​ខ្សាច់​បូម​អី បើ​មិន​បូម​គឺ​អត់​ធ្វើ​អី​បាន​ទេ គឺ​អត់​កែ​​ប្រែ​តំបន់​ហ្នឹង​បាន​ទេ»

លោក អ៊ូច ឡេង មន្ត្រី​កម្មវិធី​ដីធ្លី​សមាគម​អាដហុក ដែល​ចុះ​ឃ្លាំមើល​សកម្មភាព​បូម​ខ្សាច់​ ចាក់​លុប​លំនៅឋាន​​ពលរដ្ឋ​នៅ​តំបន់​បឹងកក់ របស់​ក្រុមហ៊ុន​ស៊ូកាគូ បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ការ​រំលោភ​ដល់​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ។

លោក​ថ្លែង​បន្ថែម ៖ «ប្រទេស​យើង​មាន​ច្បាប់​ល្អ​ណាស់ ប៉ុន្តែ​រដ្ឋាភិបាល​គាត់​មាន​ចេតនា​មួយ គឺ​គាត់​មិន​គោរព​ច្បាប់​ទាល់​តែ​សោះ គឺ​គាត់​ទាត់​ចោល​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ឆ្ងាយ​ពី​ទីក្រុង ធ្វើ​ម៉េច​ឲ្យ​គាត់​សម្រេច​ផែនការ​ទៅ​ខាង​ក្រុមហ៊ុន​បាន ១០០% តែ​ប៉ុណ្ណឹង​ឯង»

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៧ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជួល​ដី​បឹងកក់ ទំហំ ១៣៣​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ ក្នុង​រយៈ​ពេល ៩៩​ឆ្នាំ។ គម្រោង​អភិវឌ្ឍន៍​​​​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង ៣.០០០​គ្រួសារ​ត្រូវ​បាត់បង់​លំនៅឋាន​ និង​ត្រូវ​ជម្លៀស​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ៕