កឹមសុខា​ធានា​​ចេញ​ថ្លៃ​មេធាវី​ជំនួស​កសិករ​ជាប់​ឃុំ​២​នាក់​នៅ​ស្វាយរៀង

ប្រធាន​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​អះអាង​ថា លោក​ធានា​ចេញ​ថ្លៃ​ចំណាយ​លើ​មេធាវី​និង​ចិញ្ចឹម​គ្រួសារ​កសិករ​២​នាក់​នៅ​ខេត្ត​ស្វាយរៀង ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ​និង​ពិន័យ​ជា​​ប្រាក់​មួយចំនួន​ទៀត ពី​បទ​បំផ្លាញ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-​វៀតណាម។

0:00 / 0:00

បន្ទាប់​ពី​វិល​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​តាម​រដ្ឋ​ចំនួន​៩​នៅ​សហរដ្ឋ​អាមេរិក លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​កុម្ភៈ​នេះ មាន​ប្រសាសន៍​​ថា រូប​លោក​នឹង​ធានា​ចិញ្ចឹម ចេញ​ថ្លៃ​មេធាវី​និង​បង់​ប្រាក់​ផាក​ពិន័យ​ជំនួស​កសិករ​ពីរ​គ្រួសារ​នៅ​ស្រុក​ចន្ទ្រា ដែល​​​​​​តុលាការ​ចោទ​ប្រកាន់​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​បំផ្លាញ​តម្រុយ​បង្គ្រោល​ព្រំដែន​១៨៥ កម្ពុជា-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង។ លោក កឹម សុខា ឲ្យ​ដឹង​ដូច្នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៥ នា​ទី​ស្នាក់ការ​គណបក្ស​ក្រុង​ភ្នំពេញ។

លោក កឹម សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «ចោទ​ប្រកាន់​ពី​បទ​ដក​(តម្រុយ​បង្គោល)​ព្រំដែន។ ជន​រង​គ្រោះ​ទាំង​ពីរ​នេះ ចំពោះ​ថវិកា​ក្នុង​ការ​ចំណាយ​មេធាវី ចំណាយ​លើ​ការ​បង់​ផាក​ទាំងអស់ គឺ​គណបក្ស​សិទ្ធិ​មនុស្ស​និង​ខ្ញុំ​ផ្ទាល់​អ្នក​ចេញ​ទាំង​អស់ ហើយ​ការ​ចិញ្ចឹម​ជីវភាព​ទាំង​ពីរ​គ្រួសារ​ហ្នឹង រហូត​ទៅ​ដល់​គ្រួសារ​ហ្នឹង​គាត់​បាន​ចេញ​ពី​ពន្ធនាគារ យើង​ជួយ​ចិញ្ចឹម​ទាំង​អស់ ពីព្រោះ​យើង​ឈឺ​ចាប់​ណាស់ គ្នា​គ្រាន់​តែ​ទាមទារ​រឿង​ដីធ្លី​របស់​គ្នា​ទៅ​ចាប់​គ្នា​ដាក់​គុក តើ​មាន​រឿង​អី​ជា​រឿង​នយោបាយ? ជា​រឿង​ផ្ទាល់​ខ្លួន​ជីវភាព​របស់​គ្នា»

ជុំវិញ​សំណុំ​រឿង​ក្តី លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី នេះ​ដែរ លោក កឹម សុខា បាន​ដក​ស្រង់​សម្ដី​ប្រជាពលរដ្ឋ​ដែល​លោក​បាន​ជួប​នៅ​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ការ​កាត់​ទោស​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ទៅ​លើ​កសិករ​ពីរ​រូប​ដែល​តស៊ូ​ការពារ​ខ្លាច​បាត់​បង់​ដី​ស្រែ​របស់​ខ្លួន​បែរ​ជា​ត្រូវ​មាន​ទោស​ទៅ​វិញ​នោះ ជា​រឿង​អយុត្តិធម៌​បំផុត​និង​មិន​គួរ​ឲ្យ​កើត​មាន​បន្ត​នៅ​ក្នុង​សង្គម​កម្ពុជា​ទៀត​ឡើយ។

ទាក់ទង​ស្ថានភាព​ក្នុង​ពន្ធនាគារ​របស់​លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី ត្រូវ​បាន​អ្នកស្រី ឈឿង សារិន ភរិយា​លោក ព្រំ ជា មាន​ប្រសាសន៍​ថា ស្វាមី​របស់​គាត់​បន្ទាប់​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ មន្ត្រី​ពន្ធនាគារ​បាន​បញ្ជូន​រូប​គាត់​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ព្យាបាល​​ដោយ​មាន​ការ​ពង្រឹង​សន្តិសុខ។ ចំណែក​អ្នកស្រី មាស ស្រី ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ​ផង​ដែរ ប៉ុន្តែ​ពុំ​ធ្ងន់ធ្ងរ​ដូច​ប្តី​របស់​គាត់​ឡើយ។ ភរិយា​លោក ព្រំ ជា បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​នេះ ឆ្មាំ​ពន្ធនាគារ​បាន​បញ្ជូន​ប្តី​គាត់​ទៅ​កាន់​ពន្ធនាគារ​វិញ បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា សុខភាព​របស់​គាត់​បាន​ធូរ​ស្រាល​បន្តិច។

អ្នកស្រី ឈឿង សារិន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​នៅ​មន្ទីរពេទ្យ ឥឡូវ​គេ​យក​ទៅ​ពន្ធនាគារ​វិញ​ហើយ​កាល​ពី​ម៉ោង​៨​ព្រឹក។ គាត់​ឈឺ​ក្នុង​ពោះ រាក។ រាក​ហ្នឹង​ប្រហែល​ជា​២០​ថ្ងៃ​ហើយ ទើប​បាន​គេ​ធ្វើ​សំបុត្រ​ធ្វើ​អី​បញ្ជូន​មក​កន្លែង​ពេទ្យ​សម្ដេច​យាយ​នៅ​ខេត្ត​ស្វាយរៀង។ ជើង​គាត់​ក៏​ស្ពឹក​ផង»

តុលាការ​ខេត្ត​ស្វាយរៀង កាល​ពី​ថៃ្ង​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០០៩ ចាប់​ឃុំ​ខ្លួន​លោកស្រី មាស ស្រី និង​លោក ព្រំ ជា ក្រោម​បទ​ចោទ​ថា បាន​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ដោយសារ​តែ​បាន​ចូលរួម​ក្នុង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ រវាង​កម្ពុជា​និង​វៀត​ណាម ជាមួយ​នឹង​លោក សម រង្ស៊ី កាល​ពី​ថៃ្ង​ទី​២៥ ខែ​តុលា ឆ្នាំ​២០០៩ នៅ​ឃុំ​សំរោង ស្រុក​​ចន្រ្ទា ខេត្ត​ស្វាយរៀង។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា កន្លង​ទៅ​លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ។ ចំណែក​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​វិញ​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​ឆ្នាំ​និង​បាន​បង្គាប់​ឲ្យ​អ្នក​ទាំង​៣​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​សរុប​ជាង​៦០​លាន​រៀល៕