ក្នុងសេចក្តីថ្លែងបំភ្លឺចុះថ្ងៃ១០ មីនា ឆ្នាំ២០១០ គណបក្សសិទ្ធិមនុស្សបានបញ្ជាក់ថា ខ្លួនមានបំណងយ៉ាងខ្លាំងចង់ឲ្យមានច្បាប់ប្រឆាំងអំពើពុករលួយដើម្បីអាចចាប់យកជនពុករលួយទៅដាក់ទោសតាមទំហំនៃការបំផ្លាញជាតិរបស់ពួកនោះ ហើយនិងឲ្យជនទាំងនោះសងវិញនូវអ្វីៗដែលគេបានលួចប្លន់ពីពលរដ្ឋខ្មែរនិងប្រទេសជាតិ ហើយថា ការដែលគណបក្សស្នើសុំពន្យារពេលចំនួន ២សប្តាហ៍នោះ គឺសម្រាប់ពិចារណាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ គឺគណបក្សសិទ្ធិមនុស្សគ្មានបំណងឲ្យច្បាប់នេះចេញមិនរួច ដូចដែលអ្នកសារព័ត៌មានខ្លះ និងអ្នកនយោបាយខ្លះចោទប្រកាន់នោះឡើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបារម្ភពីសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយ
ទន្ទឹមគ្នានេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសម្ដែងការយល់ឃើញថា សេចក្តីព្រាងច្បាប់ដោយអាថ៌កំបាំងមិនឆ្លងកាត់ការពិភាក្សាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងពេលវេលាតិចតួច ដែលប្រគល់ឲ្យគណបក្សប្រឆាំងដើម្បីពិចារណាមុនពេលប្រជុំរដ្ឋសភានោះ ត្រូវបានធ្វើឡើងផ្ទុយនឹងស្មារតីតម្លាភាពនៃអភិបាលកិច្ចដែលជាគោលបំណងសំខាន់នៃច្បាប់ប្រឆាំងអំពើពុករលួយ។
ក្នុងលិខិតផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ចុះថ្ងៃ១០ មីនា ២០១០ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនូវចំណុចបារម្ភថា សេចក្តីព្រាងច្បាប់នេះបង្កើតឲ្យមានស្ថាប័នប្រឆាំងអំពើពុករលួយមួយដែលខ្វះនូវការការពារចាំបាច់ដើម្បីធានាឲ្យមានឯករាជភាពពីអំណាចនយោបាយ។ រីឯការបដិសេធមិនឲ្យមានការចូលរួមពីសាធារណជនគឺកង្វះតម្លាភាព។
ជាមួយនេះលិខិតបន្តថា សេចក្តីព្រាងច្បាប់នេះមិនបានផ្តល់ការការពារតាមផ្លូវច្បាប់ ដល់បុគ្គលដែលបានផ្តល់ព័ត៌មានអំពីអំពើពុករលួយដល់អាជ្ញាធរឡើយ៕
