វេទិកា​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​នៅ​ក្រចេះ

មនុស្ស​ប្រមាណ​ជាង​៥០០​នាក់ បាន​មក​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​មួយ នៅ​ស្រុក​ស្នួល ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ សីហា។

0:00 / 0:00

ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រមាណ​៥០០​នាក់ បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​មាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​មក ប្រជា​ពល​រដ្ឋ​អះ​អាង​ថា តែង​ទទួល​ផល​លំបាក​រហូត។ លោក ចាន់ យ៉ុង នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល បាន​លើក​ឡើង​ថា មាន​ដី​នៅ​ភូមិ​ត្រពាំង​ស្បែក រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៨ មាន​ការ​រំលោភ​ពី​ក្រុមហ៊ុន​មួយ ហើយ​បាន​ធ្វើ​លិខិត​តវ៉ា​ដល់​ឃុំ ស្រុក មាន​តែ​ការ​សន្យា​ដោះ​ស្រាយ តែ​ពុំ​ឃើញ​មាន​អ្វី​សោះ។

លោក ស្រ៊ុន នី នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល បាន​លើក​ពី​ការ​លំបាក​របស់​ខ្លួន និង​ពល​រដ្ឋ​នៅ​ទី​នោះ​ជម្រាប​អង្គ​វេទិកា​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បែរ​ជា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ព្រួយ​ទៅ​វិញ។

លោក អ៊ុជ ម៉ាលី តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ហ៊្វុន​ស៊ីន​ប៉ិច ខេត្ត​ព្រៃ​វែង​បាន​មាន​ប្រសាសន៍​អះ​អាង​ឲ្យ​ប្រជា​ពល​រដ្ឋ​លើក​ពី​បញ្ហា​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ឲ្យ​អស់ ងាយ​អ្នក​តំណាង​រាស្ត្រ​ធ្វើ​អន្តរាគមន៍។ លោក ឡុង រី តំណាង​រាស្ត្រ​មណ្ឌល​ក្រចេះ មក​ពី​គណ​បក្ស​សម​រង្ស៊ី បាន​លើក​ឡើង​ថា ក្នុង​ស្រុក​ស្នួល មាន​ក្រុមហ៊ុន​ច្រើន​កំពុង​គ្រប​ដណ្ដប់​ទៅ​លើ​ឃុំ​៥ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ភ័យ​ខ្លាច ហេតុ​នេះ​លោក​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ថ្លែង​ប្រាប់​អំពី​គ្រោះ​ភ័យ​ខ្លាច​ទាំង​នោះ​ឲ្យ​អស់ ដោយ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ផង។

លោក បោង បុប្ផារិទ្ធ អភិបាល​រង​ខេត្ត​ក្រចេះ ដែល​ចូល​រួម​ក្នុង​វេទិកា​នោះ បាន​មាន​ប្រសាសន៍​ថា ដោយ​ផល​លំបាក​ខ្លះ ដែល​អាជ្ញាធរ​បាន​ដឹង​ពី​ផល​លំបាក ដែល​ធ្វើ​ឲ្យ​មាន​ដល់​ប្រជា​ពល​រដ្ឋ អាជ្ញាធរ និង​រដ្ឋាភិបាល​បាន​លប់​ចោល​ក្រុមហ៊ុន​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ខុស​ពី​គោល​ការណ៍​អភិវឌ្ឍ។

លោក ឈឹម សាវុធ មន្ត្រី​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នក​សម្រប​សម្រួល​កម្ម​វិធី បាន​ឲ្យ​ដឹង​ពី​គោល​បំណង នៃ​ការ​រៀបចំ​ជា​វេទិកា​នេះ​ឡើង បន្ទាប់​ពី​សង្កេត​ឃើញ​ថា កន្លង​មក​ទុក​កង្វល់​របស់​ប្រជា​ពល​រដ្ឋ មាន​ត្រឹម​តែ​ការ​សន្យា​ជួយ តែ​ពុំ​មាន​ការ​ដោះ​ស្រាយ​ពិត​ប្រាកដ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទំនាស់​ចេះ​តែ​អូស​បន្លាយ​រហូត​មិន​ចេះ​ចប់៕