លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១១ បានប្រកាសជាផ្លូវការ គាំទ្រជ័យជម្នះរបស់គណបក្ស ភឿថៃ (Peu Thai Party) ដែលដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ។ លោកសន្យាថា លោកនឹងបន្តដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្នុងស្មារតីសន្តិភាព និងវិជ្ជមានជាមួយរដ្ឋាភិបាលថៃថ្មី ដែលដឹកនាំដោយលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra)។
ការប្រកាសនេះ បានធ្វើឡើងនៅឯពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់មួយ ក្រោមជំនួយរបស់ប្រទេសចិន នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១១ ដែលមានប្រជាពលរដ្ឋចូលរួមជាង ១.០០០ នាក់ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកត្រៀមខ្លួនធ្វើការជាមួយលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ៖ «ហើយសង្ឃឹមថា នឹងធ្វើការជាមួយគ្នា ក្នុងឋានៈក្របខណ្ឌជាដៃគូរក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា-ថៃផង រវាងមហាអនុតំបន់មេគង្គផង និងយន្តការអាមិក (AMEC) ផងដែរ។ ក៏ដូចជាក្របខណ្ឌអាស៊ាន យន្តការដទៃទៀត ដែលយើងមានមកហើយ។ សង្ឃឹមយ៉ាងដូច្នេះ ទាំងកងទ័ព ទាំងប្រជាពលរដ្ឋ នៅតាមព្រំដែន មិនថានៅខាងកម្ពុជា មិនថានៅខាងថៃទេ គឺមានការសប្បាយរីករាយជាមួយនឹងជោគជ័យ ដែលមានរួចមកហើយរបស់គណបក្ស ភឿថៃ»។
លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រ នៅកម្ពុជា មានប្រសាសន៍ថា លោកសង្ឃឹមថា ការគំរាមកំហែងផ្នែកយោធាថៃមកលើកម្ពុជា នៅតាមព្រំដែន អាចនឹងធូរស្រាល ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងល្អជាមួយគណបក្ស ភឿថៃ កន្លងមក។ ប៉ុន្តែ កម្ពុជា និងថៃ នៅមានបញ្ហាធំៗ ជាច្រើន ដើម្បីដោះស្រាយ ដែលបានបន្សល់ទុកដោយលោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់។
លោកបណ្ឌិត រស់ ចន្រ្តាបុត្រ ៖ «ដកខ្លួនជាសមាជិកភាពពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែរឬទេ។ អន្ទាក់ទី២ គឺតុលាការយុត្តិធម៌ទីក្រុង ឡាអេ ដែលសៀមត្រូវតែប្រឈមជាមួយនឹងកម្ពុជា។ ទី៣ ប្រទេសសៀមហ្នឹងត្រូវតែប្រឈមជាមួយនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀត ពីព្រោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្លាប់បានកោះអំពីបញ្ហា សៀមឈ្លានពានមកលើកម្ពុជា ហើយធ្លាប់បានប្រគល់អាណត្តិនេះ ទៅឲ្យឥណ្ឌូណេស៊ី ធ្វើជា គេហៅថា ជាអ្នកសម្របសម្រួលបញ្ហាកម្ពុជា»។
ប្រព័ន្ធឃោសនានៃប្រទេសថៃ ឈ្មោះ ម្កុត (MCOT) ចេញផ្សាយនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១១ បានឲ្យដឹងថា គណបក្ស ភឿថៃ ដឹកនាំដោយប្អូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Sinawatra) គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ បានឈ្នះនៅក្នុងការបោះឆ្នោតសាកល នៅប្រទេសថៃចំនួន ២៦៥ អាសនៈ ប្រៀបធៀបនឹងគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់ គឺទទួលបានចំនួន ១៥៩ អាសនៈ នៅក្នុងចំណោមអាសនៈសរុបនៅសភា ចំនួន ៥០០។
អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់ បានប្រកាសលាចេញពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី ៤ ខែកក្កដាថ្មីៗ នេះ ក្រោយពីចាញ់ក្នុងការបោះឆ្នោតសាកលនោះ។
គណបក្ស ភឿថៃ មិនបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភិស៊ីត នោះទេ។ ប៉ុន្តែ បានប្រកាសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សចំនួន ៤ ទៀត។
ប្រទេសកម្ពុជានឹងរៀបចំប្រារព្ធខួបលើកទី ៤ ឆ្នាំ នៅប្រាសាទព្រះវិហារ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១១ បន្ទាប់ពីប្រទេសកម្ពុជាទទួលជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ មក ដែលញ៉ាំងឲ្យយោធាថៃ បើកការវាយប្រហារនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨៕