ហ៊ុន​សែន​បញ្ជា​ឲ្យ​កង​ទ័ព​ត្រៀម​ការពារ​ទឹក​ដី​កុំ​ឲ្យ​ថៃ​ឈ្លានពាន

ក្នុង​ឱកាស​ចុះ​សួរ​សុខទុក្ខ​កង​ទ័ព​នៅ​តាម​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កង​ទ័ព​ខ្មែរ​ត្រូវតែ​ការពារ​ទឹក​ដី បើ​សិន​ជា​ទាហាន​ថៃ​នៅតែ​រុល​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ។

នៅ​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ គឺ​ជា​ថ្ងៃ​ទី​៤​ហើយ​ដែល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចុះ​ទៅ​សម្ពោធ​សមិទ្ធិផល​នានា​ដែល​ទើប​បាន​កសាង​ឲ្យ​កង​ទ័ព និង​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ខេត្ត​តំបន់​ព្រំដែន​ជាប់​ប្រទេស​ថៃ រួម​មាន​តំបន់​ប្រាសាទ​ព្រះវិហារ តំបន់​មុំបី​នៅ​ខេត្ត​ឧត្តរមានជ័យ តំបន់​ប្រាសាទ​តាមាន់ និង​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​វរសេនា​តូច​លេខ​១៤៣ នៅ​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

ក្នុង​ពេល​មាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​នាយ​ទាហាន ពល​ទាហាន នៅ​ត្រពាំង​ប្រាសាទ​នេះ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​បដិសេធ​ពី​បញ្ហា​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​ប្រទេស​ថៃ​ទាមទារ​ថា​ជា​ដី​របស់​គេ តាម​ផែនទី​ឯកតោ​ភាគី​ដែល​គូស​វាស​ដោយ​ប្រទេស​ថៃ។ លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​លើក​យក​បញ្ហា​ទំនាស់​តាម​ព្រំដែន​រវាង​ខ្មែរ​និង​ថៃ​នេះ​ទៅ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​ខុស​ត្រូវ​ឲ្យ បើសិន​ជា​ថៃ​មិន​សុខ​ចិត្ត។

លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជា​ទៅ​កង​ទ័ព​នៅ​ថ្ងៃ​ទី​៩ កុម្ភៈ​នេះ ក្នុង​ពេល​សំណេះ​សំណាល​ជាមួយ​នាយ​ទាហាន ពល​ទាហាន នៅ​ខេត្ត​ឧត្តរមានជ័យ ថា បើសិន​ជា​ទាហាន​ថៃ​នៅតែ​រុល​ចូល​មក កង​ទ័ព​កម្ពុជា​ត្រូវតែ​បាញ់ កុំ​ឲ្យ​ទាហាន​ថៃ​មក​ទៀត។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ៖ «អស់​លោក​ការពារ​ទឹក​ដី​ឲ្យ​បាន បើ​ឲ្យ​គេ​មក​យក​ហើយ គេ​ហ៊ាន​ប្រកាស​ដូច​ខ្ញុំ​ប្រកាស​ពី​ម្សិល​ហើយ​តើ! ការ​ដែល​លោក ហ៊ុន សែន អះអាង​ថា ការ​ទន្ទ្រាន​របស់​ថៃ​មាន​ន័យ​ថា ជា​ការ​ទទួល​ស្គាល់​ថា​ដី​ហ្នឹង ដី​ថៃ​ស្រេច​ទៅ​ហើយ! អ៊ីចឹង​មាន​ន័យ​ថា គេ​ឈ្លានពាន​យើង​ដល់​ណា គេ​ចាត់ទុក​ដី​គេ​ដល់​ហ្នុង។ អ៊ីចឹង​ទេ​សុំ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​បញ្ហា​ហ្នឹង រឿង​អធិបតេយ្យ​ជាតិ​មិនមែន​រឿង​លេច​សើច​ទេ! អ៊ីចឹង​បាន ជា តារា ទទួល​ទិស​ហ្នឹង មើល​ឲ្យ​ច្បាស់ៗ អត់​មាន​ឲ្យ​រញ៉េ​រញ៉ៃ​មក​ច្រាន​ទ្រូង​ច្រាន​អី​ទេ! អត់​ទេ! អ្នក​ឯង​មាន​កាំភ្លើង ខ្ញុំ​ក៏​មាន​កាំភ្លើង បើ​អ្នក​ឯង​ចង់​ចរចា បើ​អ្នក​ឯង​រុល​ទ័ព​មក ខ្ញុំ​ត្រូវតែ​ដាក់​ហើយ ជំពាក់​ត្រូវ​ដាក់​អ៊ីចឹង​តែម្ដង! ព្រោះ​អ្នក​ឯង​ឈ្លានពាន»

ទាក់ទង​ជាមួយ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ដែល​ទទួល​ស្គាល់​ថា ផែនទី​ឯកតោ​ភាគី​ដែល​គូរ​ដោយ​ថៃ​អះអាង​ថា មាន​ដី​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ​ជា​របស់​ទេ ហើយ​បើ​ថៃ​មិន​យល់ព្រម កម្ពុជា​ត្រៀម​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ម្តង​ទៀត និង​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។

លោក​នាយក​រដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា ៖ «ដី​គេ​សោះ! ហើយ​កុំ​មក​ទៀត អត់​បាន​ទេ! តិច​ថា​កម្ពុជា​កាច កាច​តែ​ក្នុង​ទឹក​ដី​ខ្លួន​ទេ កម្ពុជា​មិន​ចូល​ដី​ថៃ​ទេ។ ខ្លួន​សុំ​តែ​ប្រើប្រាស់​ផែនទី​ដែល​អន្តរជាតិ​ទទួល​ស្គាល់ ឲ្យ​ថៃ​ទទួល​ស្គាល់​ខ្លួន​ឯង មើល​ប្រវត្តិសាស្ត្រ​ទៅ អ្នក​វង្វេង​ប្រវត្តិសាស្ត្រ ថត​រូប​ជាមួយ​បារាំង​យ៉ាង​ម៉េច! អី​យ៉ាង​ម៉េច! ឆ្នាំ​ប៉ុន្មាន​អ្នក​ណា​មក​ប្រាសាទ​ព្រះវិហារ ហើយ​សម័យ​នោះ​សម័យ​គេ​ដាក់​ទង់ជាតិ​បារាំង ឲ្យ​វា​ច្បាស់​លើ​រឿង​នេះ។ ខ្ញុំ​បញ្ជាក់​ប៉ុណ្ណឹង​ទៅ​ចុះ! អត់​មាន​តំបន់​ត្រួត​គ្នា ៤,៦ ទេ ព្រោះ​កម្ពុជា​មិន​បាន​ទទួល​ស្គាល់​ផែនទី​ជា​ឯកតោ​ភាគី​ដែល​អ្នក​ឯង​គូស​ដោយ​ខ្លួន​ឯង ហើយ​បើ​ចង់​ដោះស្រាយ និយាយ​គ្នា​លែង​កើត គឺ​ត្រូវ​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ឡើង​វិញ ហើយ​ក៏​ត្រៀម​ខ្លួន​ដើម្បី​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សា​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​មុន​នេះ​គ្រាន់តែ​ផ្អាក​សិន​ហ្នឹង រឿង​នេះ​មិន​ទាន់​ចប់​ទេៗ»

លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​រំឭក​អំពី​ការ​រំលោភ​របស់​ថៃ​មក​លើ​កម្ពុជា​ក្នុង​ការ​ទាមទារ​ឲ្យ​គណៈ​ប្រតិភូ​អង្គការ​យូណេស្កូ​សុំ​ទិដ្ឋាការ​ពី​ថៃ​ក្នុង​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​ឆ្លង​កាត់​តំបន់​ដែល​ថៃ ​អះអាង​ថា​ជា​របស់​ខ្លួន​ទៀត​ផង។

ការ​រិះគន់​ទៅ​លើ​ប្រទេស​ថៃ និង​អ្នក​ដឹកនាំ​ថៃ​ដោយ​ពាក្យ​សម្ដី​ធ្ងន់ៗ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ពេល​លោក​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា​ចុះ​ទៅ​បំពេញ​តាម​ព្រំដែន ហើយ​ប្រភព​ព័ត៌មាន​ពី​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយក​រដ្ឋមន្រ្តី​ថៃ នៅតែ​ទាមទារ​ថា ដី​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ ហើយ​សាលក្រម​របស់​តុលាការ​ក្រុង​ឡាអេ​បាន​កាត់​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​មែន តែ​ដី​នៅ​ក្បែរ​ប្រាសាទ​មិន​មែន​ជា​របស់​ខ្មែរ​ទេ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា​ជាមួយ​កង​ទ័ព​ថៃ​បាន​កើត​មាន​តាំង​ពី​កម្ពុជា​បាន​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​កង​ទ័ព​ថៃ​បាន​លើក​មក​លុកលុយ​តំបន់​វត្ត​កែវសិក្ខាគិរីស្វារៈ​របស់​ខ្មែរ នា​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨​កន្លង​មក៕