ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ថ្លែង​របស់ ស៊ូយ៉ា ស៊ូប៊ែឌី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​​នឹង​ការ​ថ្លែង​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូយ៉ា ស៊ូប៊ែឌី នៅ​មុន​ពេល​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​ដែល​ថា មាន​ការ​ខក​ចិត្ត​ព្រោះ​មិន​បាន​ជួប​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ មិថុនា​នេះ បាន​សម្ដែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​លោក ស៊ូយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ថ្លែង​មុន​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ថា លោក​មាន​ការ​ខក​ចិត្ត​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ផ្ដល់​ឱកាស​ឲ្យ​លោក​ចូល​ជួប​ពិភាក្សា​ពី​ការងារ​មួយ​ចំនួន ស្ដីពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​តាម​ការ​គ្រោង​ទុក​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ការ​ថ្លែង​របស់​លោក ស៊ូប៊ែឌី បែប​នេះ គឺ​បង្ហាញ​ថា ជា​ការ​មិន​គោរព​សិទ្ធិ​ម្ចាស់​ផ្ទះ និង​ជា​ការ​ប្រមាថ​ដល់​មេ​ដឹកនាំ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ ក៏​ដូច​ជា​ប្រមាថ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា ៖ «នែ​ថ្ងៃ​ក្រោយ កុំ​របៀប​បាន​មក​ស្រុក​ខ្មែរ បាន​មក​ធ្វើ​អាណានិគម​វិញ! ហើយ​ខ្ញុំ​ផ្ដាំ ផ្ដាំ​ទី​១ ថា ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែល​លោក​បាន​ប្រើ​ពាក្យ​ថា ខកចិត្ត! គួរតែ​និយាយ​គួរសម​ជាង​នេះ គោរព​ដល់​អ្នក​ជំងឺ ព្រោះ​ខ្ញុំ​កំពុង​តែ​ឈឺ ឈឺ​មិន​ទាន់​ឈប់​ផង​មក​ដល់​ឥឡូវ​នេះ។ ទី​២ ខ្ញុំ​សូម​ផ្ដាំ​ទៅ​លោក សូម​កុំ​ព្យាយាម​ទម្លាយ​ទ្វារ​នៅ​ពេល​ដែល​ទ្វារ​បើក​ចំហ ហើយ​សូម​កុំ​ប្រាប់​ខ្ញុំ​ថា ភ្លៀង​កំពុង​តែ​ធ្លាក់ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង! មាន​ន័យ​ថា កិច្ចការ​ទាំង​ឡាយ​ដែល​លោក​គិត ខ្ញុំ​គិត​លើស​លោក ១០០​ដង ១.០០០​ដង! ពិភពលោក​នេះ​គ្មាន​អ្នក​ណា​ស្រឡាញ់​ជាតិ​ឯង​ជាង​ជាតិ​ឯង​ទេ!»។

លោក​ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​អង្គ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា និង​ខួប​ទី​៣ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​២១ មិថុនា ក្នុង​ទីក្រុង​ភ្នំពេញ។

មន្ត្រី​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​បដិសេធ​ថា មិន​មាន​ការ​ចាំបាច់​ធ្វើ​ការ​ឆ្លើយ​ឆ្លង​អ្វី​ឡើយ តប​នឹង​ការ​ថ្លែង​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ​ទេ។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស លីការដូ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ថ្លែង​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី នោះ លោក​ស្រី​យល់​ថា មិន​មែន​ជា​ការ​ប្រមាថ​មើលងាយ​អ្វី​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ការ​ខិតខំ​របស់​លោក ស៊ូយ៉ា ស៊ូប៊ែឌី គឺ​បង្ហាញ​ថា ជា​កិច្ចការ​មួយ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ។

លោក​ស្រី ពុង ឈីវកេក បាន​បញ្ជាក់​ថា ៖ «អ្នក​ដែល​គេ​ចូល​មក​ប្រទេស​យើង គឺ​គេ​មាន​បំណង​ជួយ​ប្រទេស​យើង ព្រោះ​អត់​មាន​ផល​ចំណេញ​អី​ទៅ​គេ​ទេ! ពេល​ដែល​គេ​និយាយ​ពី​ការ​ពិត លើក​រឿង​បញ្ហា​យើង​មក​ទេ! ខ្ញុំ​មិន​យល់​ថា គេ​មើលងាយ​យើង​អី​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​ទាំង​អស់​គ្នា​ហ្នឹង​ស្រឡាញ់​ប្រទេស​ជាតិ​យើង​ហើយ បាន​ជា​គេ​ចង់​ជួយ ចង់​ឲ្យ​យើង​លើក​បញ្ហា​ដែល​យើង​មាន​សល់​ក្នុង​ប្រទេស​យើង មក​ដាក់​លើ​តុ​ទៅ ជជែក​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល ហើយ​និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ រក​មធ្យោបាយ​ទាំង​ពីរ​ភាគី​ហ្នឹង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន​រិះគន់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ចំនួន ១០​ថ្ងៃ​របស់​លោក ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ប្រជា​ពលរដ្ឋ​ដែល​គេ​មិន​សូវ​គិតគូរ​ដល់។

លោក ស៊ូយ៉ា ស៊ូប៊ែឌី គ្រោង​នឹង​ដាក់​របាយការណ៍​របស់​លោក ដែល​មាន​អនុសាសន៍​ពិស្ដារ​របស់​លោក និយាយ​អំពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​វិធាន​មួយ​ចំនួន​ទៀត ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្ស៉ឺណែវ នៅ​ខែ​កញ្ញា ឆ្នាំ​២០១០​នេះ៕