សវនាការនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មេសា ឆ្នាំ២០១៣ នៅឯវិមានសន្តិភាពទីក្រុងឡាអេ ប្រទេសហូល្លង់។ តុលាការនឹងបើកឱកាសឲ្យភាគីដើមបណ្ដឹងកម្ពុជា និងចុងចោទថៃ បកស្រាយជាពីរវគ្គដោយឡែកពីគ្នាក្នុងរយៈពេល ៥ថ្ងៃនោះ ប៉ុន្តែតុលាការមិនទាន់ប្រកាសនៃកាលបរិច្ឆេទចេញសាលដីកានៅឡើយទេ។
កម្ពុជា កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០១១ បានដាក់ពាក្យបណ្ដឹងមួយនៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបកស្រាយសាលដីកាតុលាការ កាលពីឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ។ នៅថ្ងៃដដែលនោះ កម្ពុជា ក៏បានស្នើសុំឲ្យតុលាការចេញសេចក្តីសម្រេចវិធានការបណ្ដោះអាសន្ន ឲ្យទាហានថៃ ដកចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលតុលាការបានកំណត់ជាទឹកដីរបស់ខ្មែរ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការបកស្រាយសាលដីកាឆ្នាំ១៩៦២ នឹងគ្មានអ្វីប្រែប្រួលទៅនឹងខ្លឹមសារសាលដីកាតុលាការចេញកាលពីឆ្នាំ១៩៦២ ឡើយ។ លោកបន្តថា ការបកស្រាយចុងក្រោយនឹងជំរុញឲ្យភាគីថៃ គោរពសាលដីកាឆ្នាំ១៩៦២។
ជម្លោះព្រំដែនតំបន់ក្បែរប្រាសាទព្រះវិហារ បានបណ្ដាលឲ្យទាហានកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាដោយអាវុធជាច្រើនលើក នាំឲ្យទាហានទាំងសងខាងស្លាប់ និងរងរបួស។ បច្ចុប្បន្ន ស្ថានភាពតាមព្រំដែនមានភាពធូរស្រាល ហើយកងទ័ពទាំងពីរបានដកចេញពីតំបន់គ្មានយោធាបណ្ដោះអាសន្ន កំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ រង់ចាំការបកស្រាយសាលដីកាស្ដីពីប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។