បញ្ហា​កុងត្រូល​ជជុះ​នៅ​ខេត្ត​ស្ទឹងត្រែង

នៅ​ខេត្ត​ស្ទឹងត្រែង មាន​កម្លាំង​ប្រដាប់​អាវុធ​ជជុះ​កើត​ឡើង​ជា​ច្រើន​កន្លែង មិន​ត្រឹមតែ​នៅ​លើ​ដង​ផ្លូវ​ជាតិ​នោះ​ទេ សូម្បី​នៅ​តាម​ស្រុក​ខ្លះ​ក៏​មាន​ការ​កើត​ឡើង​នូវ​ក្រុម​ជជុះ​នេះ​ដែរ ដោយ​ធ្វើ​សកម្មភាព​ទាំង​ថ្ងៃ​ទាំង​យប់ ឃាត់​ដំណើរ​ពលរដ្ឋ​ដើម្បី​ឲ្យ​បង់​ប្រាក់​នៅ​តាម​ផ្លូវ​សាធារណៈ។

0:00 / 0:00

នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​ទួល​កកោះ ក្បែរ​ភូមិសាស្ត្រ​អូរពងមាន់ មាន​កង​កម្លាំង​ចម្រុះ​មួយ​ក្រុម​ជា​មេព្រៃ ប៉ូលិស​សេដ្ឋកិច្ច និង​អាវុធហត្ថ បាន​ស្ទាក់​រថយន្ត​ដឹក​អ្នក​ដំណើរ​ឲ្យ​បង់​ប្រាក់​ជា​ប្រចាំ ហើយ​ហួស​ពី​ចំណុច​ទួល​កកោះ គឺ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​អូរចាឡង់ មាន​កម្លាំង​ប៉ូលិស និង​អាវុធហត្ថ​មួយ​ក្រុម​ទៀត បាន​ដាក់​បារាស​ឃាត់​ដំណើរ​ដើម្បី​ត្រួត​ពិនិត្យ​ឲ្យ​បង់​ប្រាក់​ដូច​គ្នា។

ស្ត្រី​អ្នក​រត់​ឡាន​ម្នាក់​បាន​អះអាង​ថា ចំណុច​នោះ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់ ផ្នែក​ខ្លះ ៥​ដុល្លារ និង​ផ្នែក​ខ្លះ ១០​ដុល្លារ នៅ​ពេល​ដែល​ក្រុម​នោះ​ឃាត់​ឡាន​ឃើញ​មាន​ការ​ដឹក​ជញ្ជូន​តុ កៅអី ឬ​ក៏​គ្រែ​ជាដើម ៖ «បើ​ថា យើង​មាន​ដឹក​គ្រែ​មួយ ដឹក​កៅអី​អី​អ៊ីចឹង វា​ទារ ១០​រៀល (១០​ដុល្លារ)។ ១០​រៀល​ហ្នឹង​តា​ម្នាក់ តា​គេ​ឈ្មោះ បូរិន ហ្នឹង​មេ​ព្រៃ​ហ្នឹង។ សេដ្ឋកិច្ច​ហ្នឹង ២​ម៉ឺន បើ​អ្នក​កាសែត​ហ្នឹង​វា​នៅ​ទៅ វា​យក​១​ម៉ឺន​ពីរ​ម៉ឺន​ទៀត ប៉េអឹម ២​ម៉ឺន​ទៀត។ រក​ស៊ី​លែង​កើត​ហើយ»

ក្រៅ​ពី​ក្រុម​ជជុះ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧ នៅ​ឯ​ស្រុក​សៀមប៉ាង​វិញ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក គឺ​លោក ជិន ធីន បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ៥​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ការ​ដាក់​ឈើ​ស្ទាក់​ម៉ូតូ ឡាន ដឹក​របស់​របរ​យក​ប្រាក់​ដូច​គ្នា ដូចជា​នៅ​ចំណុច​វាល​ប៉ារ៉ា មាន​ការ​ដាក់​ឈើ​ដែល​ដំ​ដែកគោល​សម្រាប់​ឃាំង​ផ្លូវ នៅ​ចំណុច​ភូមិសាស្ត្រ​សំរោង ក៏​មាន​ការ​ចេញ​មក​ឃាត់​ដំណើរ​អ្នក​ភូមិ​ដែល​ដឹក​ទំនិញ​បន្តិច​បន្តួច​ឲ្យ​បង់​ប្រាក់។

លោក​បាន​បន្ត​ថា ក្រុម​ប្រឹក្សា​ស្រុក​បាន​ប្រជុំ និង​ស្នើ​ឲ្យ​បញ្ឈប់​ដែរ ប៉ុន្តែ​កម្លាំង​ទាំង​នោះ​ជា​កម្លាំង​មក​ពី​ខេត្ត។ ដូច្នេះ​ថ្នាក់​ស្រុក​មិន​មាន​សមត្ថភាព​បញ្ឈប់​ពួកគេ​បាន។

លោក ជិន ធីន ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​ដាក់​ដោយ​ឡែកៗ​ពី​គ្នា បី​បួន​កន្លែង​ឯ​ណោះ។ កាក់​មនុស្ស​យក​លុយ​ក្នុង​នាម​ថា អ្នក​ខ្លះ​ដឹក​ផ្សិត​អី​ទៅ​លក់​ដប់​ម្ភៃ​គីឡូក្រាម អ៊ីចឹង​គេ​យក​មួយ​ម៉ឺន​ពីរ​ម៉ឺន​ទៅ ហើយ​នរណា​បាន​ស្អី​ទៅ​ខ្លះ​តិច​តួច​ទៅ​ក៏​គេ​យក មួយ​ការុង មួយ​ម៉ឺន​ពីរ​ម៉ឺន​ទៅ។ ដល់​កន្លែង​នេះ ក៏​យក ដល់​មុខ​ទៀត​ក៏​គេ​យក​ទៀត​ទៅ»

នៅ​ក្នុង​ស្រុក​សៀមប៉ាង​មួយ មាន​ក្រុម​ជជុះ​ចំនួន ៣​កន្លែង ហើយ​កន្លែង​នីមួយៗ មាន​កម្លាំង​ដោយ​ឡែកៗ​ពី​គ្នា ដូច​ជា​នៅ​វាល​ប៉ារ៉ា ជា​កម្លាំង​ប៉ូលិស​ខេត្ត នៅ​ភូមិ​សាស្ត្រ​សំរោង ជា​កម្លាំង​ទាហាន និង​ក្បែរ​ប៉ុស្តិ៍​ព្រំដែន ស្រែ​សម្បូរ មាន​កម្លាំង​អាវុធហត្ថ។

នាយក​រដ្ឋមន្ត្រី​ខ្មែរ បាន​ព្រមាន​ជា​ច្រើន​លើក​ហើយ អំពី​ក្រុម​ជជុះ​ថា ជា​ក្រុម​ខុស​ច្បាប់ និង​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ត​នីមួយៗ ទទួល​ខុស​ត្រូវ​បង្ក្រាប​ឲ្យ​បាន មិន​ឲ្យ​ធ្វើ​សកម្មភាព​ឃាត់​ដំណើរ​រថយន្ត និង​ប្រជាពលរដ្ឋ​ទារ​ប្រាក់​នោះ​ទេ ហើយ​បើ​ក្នុង​ករណី​ធ្វើ​មិន​បាន ថ្នាក់​ដឹក​នាំ​ខេត្ត​នោះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដក​តំណែង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «អា​កុងត្រូល​ជជុះ​វា​កើត​ឡើង​វិញ​ហើយ អស់​លោក​ខេត្ត ឲ្យ​មើល​ផ្លូវ អា​រឿង​កុងត្រូល​ជជុះ​ហ្នឹង»

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សូផាត បាន​បញ្ជាក់​បែប​នេះ​ថា ៖ «សួរ​អី បើ​យើង​មិន​ដែល​មាន​បទ​បញ្ជា​ណា​ឲ្យ​ដាក់​ផង ក្រែង​វា​មាន​ត្រង់​ណា​យើង​ចន្លោះ។ កន្លង​ទៅ​ដូច​ជា​អត់​ដែល​មាន​អី​ឲ្យ​ដាក់​ទាហាន ប៉ូលិស​អី​ផង»

ក្រុម​ជជុះ​នៅ​ខេត្ត​ស្ទឹងត្រែង តែង​តែ​ធ្វើ​សកម្មភាព​ប្រដេញ​ក្នុង​រាល់​ពេល​ដែល​រថយន្ត​ឆ្លង​កាត់​មិន​បាន​ឈប់​ឲ្យ​ពួកគេ​ត្រួត​ពិនិត្យ និង​បង់​ប្រាក់​ឲ្យ។

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹងត្រែង បាន​ទទួល​ស្គាល់​ថា ក្រុម​ជជុះ​នៅ​ទួល​កកោះ និង​អូរចាឡង់ បាន​ធ្វើ​សកម្មភាព​ដោយ​ចំហ ដែល​មិន​ពិបាក​ស្រាវជ្រាវ​នោះ​ទេ។ ដូច្នេះ​ថ្នាក់​ដឹក​នាំ​ខេត្ត​គួរ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ទៅ​គ្រប់​កន្លែង​ដែល​មាន​ការ​កើត​ឡើង​ក្រុម​ជជុះ ដូច​ជា​នៅ​ស្រុក​សៀមប៉ាង ជា​ដើម មិន​ត្រូវ​ព្រងើយ​ទៅ​នឹង​បទ​បញ្ជា​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត​ឡើយ៕