សមត្ថកិច្ច​ខេត្ត​សៀមរាប​ចាប់​ខ្លួន​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាង​៦០​នាក់

ប្រជា​នេសាទ​នៅ​ក្នុង​ឃុំ​កំពង់ឃ្លាំង បាន​ឱ្យ​ដឹង​ថា ការ​ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​កំពុង​កើត​មាន​យ៉ាង​ខ្លាំង នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប ដែល​ពួក​គេ​រស់នៅ។
ដោយ ហង្ស សាវយុត
2013.02.16

សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក ការ​អូស​អួន​ដែល​មាន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ដើម្បី​ចាប់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​ជាដើម។

ប្រជា​នេសាទ​ខ្លះ បាន​រិះគន់​ថា បើ​ទោះ​បី​ជា​មាន​បទ​ល្មើស​នេសាទ​កើត​ឡើង​នៅ​ក្នុង​បឹង​ទន្លេសាប ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ក៏ដោយ ក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូច​ជា​រដ្ឋបាល​ជលផល​ជាដើម មាន​ការ​បង្ក្រាប​តិចតួច។

ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​បាន​ចាប់​ខ្លួន​អ្នក​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ប្រមាណ​ជាង ៦០​នាក់ ព្រម​ទាំង​ឃាត់​ទុក​កាណូត​ធំៗ​ចំនួន ១៦​គ្រឿង​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ។

ការ​ចាប់​ខ្លួន​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ និង​ឃាត់​ទុក​កាណូត​ជាច្រើន​គ្រឿង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ជាច្រើន បាន​បញ្ជូន​ឱ្យ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​បឹង​ទន្លេសាប រយៈពេល​ពេញ​មួយ​យប់​មក។

លោក​ឧត្តម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី១៦ ខែ​កុម្ភៈ ថា បន្ទាប់​ពី​មាន​បញ្ជា​ផ្ទាល់​ពី​ប្រធាន​គណៈកម្មាធិការ​នៃ​អធិការ​កិច្ច​បឹង​ទន្លេសាប និង​ពី​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​លោក​បាន​បញ្ជូន​កម្លាំង​ជាច្រើន​ចុះ​ប្រតិបត្តិការ​ក្នុង​បឹង​ទន្លេសាប ត្រង់​ចំណុច​នៃ​អតីត​ឡូត៍​នេសាទ​លេខ​៤ និង​តំបន់​ដែន​នេសាទ​បម្រុង​ទុក​ឱ្យ​ត្រី​ពង​កូន ហើយ​បាន​ប្រទះ​ឃើញ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជាច្រើន​នៅ​ទីនោះ។

ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​នោះ មាន​ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក ការ​អូស​អួន​ប្រវែង​រាប់​ពាន់​ម៉ែត្រ ដោយ​ប្រើ​ម៉ាស៊ីន​ដើម្បី​ចាប់​ត្រី​ជាដើម៖ «ការងារ​នេះ គឺ​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​យប់​មិញ រហូត​ដល់​ភ្លឺ ហើយ​យើង​ក៏​បាន​រឹប​អូស​សម្ភារៈ​ដែល​បង្ក​បទ​ល្មើស​នៅ​ក្នុង​ដែន​ឡូត៍​នេសាទ ហាម​ឃាត់​ហ្នឹង គឺ​មាន​កាណូត​ទាំង​អស់ ១៦​កាណូត ហើយ​និង​ប្រជាពលរដ្ឋ​ទាំង​អស់​ជាង ៦០​នាក់។ នេះ​មិន​មែន​ជា​ប្រតិបត្តិការ​ជា​លើក​ដំបូង​ទេ គឺ​ជា​ប្រតិបត្តិការ យើង​ធ្វើ​បន្តបន្ទាប់​កន្លង​មក​ហើយ ក៏ប៉ុន្តែ​លើក​នេះ គឺ​យើង​ប្រើ​ទ្រង់ទ្រាយ​ធំ​បន្តិច»

ទី​បញ្ជាការ​កង​រាជ​អាវុធហត្ថ​កំពុង​កសាង​សំណុំ​រឿង​ក្រុម​អ្នក​នេសាទ​ទាំង​ជាង ៦០​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាណូត​ផង ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​នា​ពេល​ឆាប់ៗ។

មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​កង​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​នោះ គឺ​គេ​ដឹង​ថា មាន​បទ​ល្មើស​នេសាទ​ជាច្រើន​កំពុង​កើត​មាន​នៅ​ក្នុង​បឹង​ទន្លេសាប ក៏ប៉ុន្តែ​ការ​បង្ក្រាប​មិន​ទាន់​អាច​ទប់ស្កាត់​បាន​ទាំង​ស្រុង​នៅ​ឡើយ។

ទោះ​យ៉ាង​ណា មន្ត្រី​រដ្ឋបាល​ជលផល​មិន​បាន​អធិប្បាយ​ជុំវិញ​ប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ពេល​នេះ​ទេ។

លោក ព្រិន សាវិន ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាង​ជើង​បឹង​ទន្លេសាប បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​ដឹង​ថា​កង​រាជ​អាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​នោះ ក៏ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ទាក់​ទង​នឹង​មូលហេតុ​អ្វី​បាន​ជា​បទ​ល្មើស​នេសាទ​នៅ​តែ​កើត​មាន​នោះ​ទេ។

ក្រុម​ប្រជា​នេសាទ​ខ្លះ​នៅ​ឃុំ​កំពង់ឃ្លាំង នៃ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា បទ​ល្មើស​នេសាទ​កំពុង​កើត​មាន​យ៉ាង​ខ្លាំង នៅ​ក្នុង​បឹង​ទន្លេសាប ជិត​តំបន់​ពួក​គេ​រស់នៅ។ បទ​ល្មើស​ទាំង​នោះ​មាន​ដូច​ជា​ការ​ប្រើ​អួន​ក្រឡា​ញឹក និង​ការ​អូស​អួន​ប្រវែង ១​ពាន់ ឬ ២​ពាន់​ម៉ែត្រ ដើម្បី​ចាប់​យក​ត្រី​ជាដើម។ ក្រៅ​ពី​ការ​នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ គឺ​អ្នក​មាន​លុយ​ខ្លះ​បាន​សូកប៉ាន់​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឃុបឃិត​គ្នា​ចូល​ទៅ​នេសាទ​នៅ​ក្នុង​តំបន់​ឡូត៍​បម្រុង​ដែល​រក្សា​ទុក​ឱ្យ​ត្រី​ពង​កូន​ទៀត​ផង។

ប្រជា​នេសាទ​បាន​គាំទ្រ​ចំពោះ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ដែល​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​នេសាទ​នេះ៖ «ខ្ញុំ​គាំទ្រ ១០០% ចុះ​ទៅ​បង្ក្រាប​នោះ ព្រោះ​អា​ដាក់​អួន​អូស​លើ​មង​នេះ គឺ​ទាញ​ដាច់​អស់​របស់​អ្នក​នេសាទ​តូចតាច ហើយ​តំបន់​ដែល​ហាម​ឃាត់​នៅ​ក្នុង​បឹង​ទន្លេសាប​យើង ឡូត៍​បម្រុង​ទុក​ឱ្យ​ត្រី​ពង​កូន។ ឥឡូវ​ឡូត៍​បម្រុង​នោះ វា​អស់​ទៅ​ហើយ ដូច​ពួក​អួន​អី​ឱ្យ​គេ​ចូល​ទៅ​រុញ​ស៊ីប​នៅ​ក្នុង​នោះ​អស់​ទៅ​ហើយ គ្មាន​អី​ត​ពូជ​ទៀត​ទេ»

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នៅ​តែ​បញ្ជូន​កម្លាំង​ឱ្យ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​បឹង​ទន្លេសាប ត​ទៅ​ទៀត ដើម្បី​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ឱ្យ​បាន​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។