ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​វិនិយោគ​ដោយ​សារ​តែ​កម្ពុជា មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ តម្លៃ​ពលកម្ម​ថោក និង​ភាព​លៃលក​ទទួល​បាន​ធនធាន​ធម្មជាតិ​ជាដើម។
ដោយ អាន ស៊ីថាវ
2013-01-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចិន កោះកុង ៣០៥
៣១-ធ្នូ-២០១២៖ តំណាង​ក្រុមហ៊ុន​ចិន ២ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ពី​កោះកុង​ទៅ​ព្រះវិហារ និង​សាងសង់​រោងចក្រ​ស្ល​ដែក​នៅ​ខេត្ត​ព្រះវិហារ នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន នេះ នឹង​មិន​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ឡើយ ទោះ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​ការ​វិនិយោគ​ចិន បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ទន្ទឹម​នឹង​ប្រទេស​បាន​ដាក់​លក្ខខ័ណ្ឌ​លម្អិត​ជាង​មុន ដែល​ត្រូវ​សិក្សា​មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​នៅ​កម្ពុជា។

ប្រទេស​ចិន ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ជិត​ពាក់​កណ្ដាល​នៃ​ការ​វិនិយោគ​បរទេស​សរុប។ ការ​វិនិយោគ​ដោយ​ផ្នែក​របស់​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ផ្ដោត​លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រេង ការ​រុក​រក​រ៉ែ ថាមពល ឬ​ការ​កសាង​រោងចក្រ​វារីអគ្គិសនី។

ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ប្រកាស​ថា​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់​បាន​អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ជា​កត្តា​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន ជា​ច្រើន​បាន​មក​កម្ពុជា ដូច​ជា​ការ​រុក​រក​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទាក់​ទាញ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត​ដើម្បី​វិនិយោគ​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

ជាក់​ស្ដែង ក្រុមហ៊ុន​របស់​ប្រទេស​ចិន នោះ​បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ទោះ​បី​ជា​ការ​វិនិយោគ​ចិន មាន​គុណ​សម្បត្តិ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដោយ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា ការ​វិនិយោគ​ចិន នេះ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា ដែរ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា តែង​តែ​បំផ្លើស​តួលេខ​ចំណាយ ហើយ​តម្លៃ​ខ្ពស់ និង​គ្មាន​គុណភាព។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នានា និង​ការ​ទទួល​ផល​ប្រយោជន៍​មិន​ស្មើ​ភាព​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ​នៅ​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា មួយ​ហើយ​មួយ​ទៀត ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​មូល។

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ការ​វិនិយោគ​ចិន ឬ​ជំនួយ​របស់​ចិន តែង​តែ​មាន​បំណង ហើយ​បំណង​នោះ​គឺ​ប្រាក់​ចំណេញ​ជា​កត្តា​ចម្បង និង​បំភ្លេច​ចោល​នូវ​ការ​ថែ​រក្សា​បរិស្ថាន។ ជាក់​ស្ដែង ប្រទេស​ចិន ខ្លួន​ឯង មិន​បាន​គិត​ពី​ការ​ថែ​រក្សា​បរិស្ថាន​របស់​ប្រទេស​ខ្លួន​ឡើយ មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ណា​មួយ​នោះ នឹង​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​បរិស្ថាន​ដល់​ប្រទេស​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​គិត​ថា​ប្រទេស​ចិន សម្លឹង​ឃើញ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ជាង​បរិស្ថាន​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គេ ប៉ុន្តែ​ការ​វិនិយោគ​នានា គឺ​មាន​ការ​ស្រាវ​ស្រាវ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម ហើយ​ការ​វិនិយោគ​តែង​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ដាក់​លក្ខខ័ណ្ឌ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​កិច្ច ហើយ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​លក្ខខ័ណ្ឌ​ខ្ពស់​ក្នុង​ការ​ធានា​ការ​វិនិយោគ​នោះ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ចិរភាព ទាំង​បរិស្ថាន សង្គមកិច្ច និង​ទាំង​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា កន្លង​មក គឺ​ជាង ៩៩% នៃ​ការ​វិនិយោគ​សរុប​ផ្ដោត​លើ​វិស័យ​ប្រេង ជាង ៩១% ផ្ដោត​លើ​ការ​រុក​រក​រ៉ែ​និង​ជាង ៨៥% ផ្ដោត​លើ​វិស័យ​ថាមពល។

ប៉ុន្តែ របាយការណ៍​របស់​ស៊ី.ឌី.អរ.អាយ (CDRI) ផល​ប៉ះពាល់​វិនិយោគ​របស់​ចិន ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ស្ថាប័ន បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​អ្នក​វិនិយោគ​ចិន។ ម៉្យាង​វិញ​ទៀត ការ​លេច​ឡើង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ ការ​ស្វែង​រក​ទីផ្សារ ការ​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក ភាព​ទទួល​បាន និង​តម្លៃ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (16)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

We had sacrifics 2.000.000 lifes to passed cold war century of invasion from China & Vietnam but finaly the world is facing economy crisis and political streses,China has poured out big cash with political influent to Cambodia make Khmer rouge's courthouse become invalidated,nonesenseles,no one dare to cares Tibet immolation,please close up Mr: Sok An,Tea Bahn,Chorm Prasith,Kieb Chhoun and his coleaques are blocking western investors,sowing Chinese crops in every important khmer's sector because those are journey the same direction with China main land,if we all careles or not racism acts,someday you will be close the doors and beat the dogs again.

Jan 05, 2013 07:19 PM

សនសុឃោទ័យ

ពី ឡូវែល

សំបូរមាស ហៅសៀង ស័កហៅជា លោកដឹងច្បាស់ណាស់ពីមុនលោកជាអតីតខ្មែរក្រហមនៅកំពង់សោម រឿងដឹកអង្ករទៅស្រុកចិន។

Jan 05, 2013 03:58 PM

អ្នក​អាន​អនាមិក

មានគេជួយគ្រាន់ជាងអត់អ្នកជួយ!​ អាមេរិចស្អីបំណុលតាងពី លន ណល់ មិនខ្វល់ផង នាំវិនិយោគនោះដឹង ម៉េច!​ កុំអោយក្លាយជាកូរ៉េទី២ ទៅ មានត្បូង មាន​ជើង នោះ!

Jan 05, 2013 06:51 AM

អ្នក​អាន​អនាមិក

បើមិនអោយវិនិយោគជាមួយចិន តើអោយចាំវិនិយោគជាមួយអាមេរិក? អាមេរិក សុខចិតចោលថៃ និងយួន ហើយងាកមករកខ្មែរ? ឆ្លើយសំនួរងាយៗទាំងពីរនេះបាន សុន ឆយ អាចធ្វើដំណាងរាស្ត្រល្អជាងមុន។ ការរកសុីនរណាមិនចង់ចំណេញ មិនមែនតែចិននោះទេ។

Jan 04, 2013 07:56 PM

មាស សំ​​បូ

ពី ូសហរ

បងប្អូនខ្មែរអើយ
តើអ្នកនៅចាំបានខ្លះដែរឬទេ នៅពេលដែលចិនជួយខ្មែរក្រហមនោះ តើបានចំរើនអ្វីទេ?
ពេលដែលពលរដ្ធខ្មែរស្លាប់គរលើគ្នា​ ដែលហៅថាវាលពិឃាតនោះ តើមិតចិនបានមើលឃើញដែរ ឬទេ?​ សូមពួកសមិត្តឆ្លើយមើល ថាតើយ៉ាងមេចដែរ?​
សូមឆ្លើយបន្តិចថាចិនបានដឹកស្រូវអង្ករចេញអស់ ឲ្យខ្មែរអត់បាយស្លាប់ ។

Jan 04, 2013 05:47 PM

មើល​មតិ​ទាំង​អស់.