សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ខ្វះ​ឯករាជ្យ

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​និយាយ​ថា សមាជិក​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ភាគ​ច្រើន​ជា​សមាជិក​នៃ​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​កំពូល​មួយ​នេះ​ខ្វះ​ឯករាជភាព និង​មាន​ភាព​លំអៀង​ក្នុង​ការ​ពិនិត្យ​ធម្មនុញ្ញភាព​លើ​សេចក្ដីព្រាង​ច្បាប់ ច្បាប់ ឬ​លិខិត​បទដ្ឋាន​ផ្សេងៗ ទៀត។

ក៏​ប៉ុន្តែ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មួយ​ចំនួន បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ ហើយ​អះអាង​ថា ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​​គឺតាម​តែ​នីតិវិធី​ប៉ុណ្ណោះ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ច្បាប់ ឬ​លិខិត​បទដ្ឋាន នានា របស់​រដ្ឋាភិបាល​មាន​លក្ខណៈ​មិន​លំអៀង កម្ពុជា​គួរ​ធ្វើ​ការ​កែ​ទម្រង់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​មាន​ឯករាជ្យ ហើយ​ត្រូវ​ជ្រើស​រើស​បុគ្គលិក​ដែល​ជា​មនុស្ស​មិន​មែន​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច។

លោក បណ្ឌិត ឡៅ ម៉ុង ហៃ ដែល​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្តន៍​រដ្ឋធម្មនុញ្ញ និង​នីតិរដ្ឋ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​ច្បាប់​ស្ដី​ពី​ការ​បង្កើត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​បាន​ចែង​ច្បាស់​លាស់​អំពី​ឯករាជភាព​នៃ​ស្ថាប័ន​នេះ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​នេះ​ជា​មនុស្ស​ចេញ​ពី​គណបក្ស​ផ្សេងៗ។ លោក​បន្ត​ថា ការ​ចាប់​ផ្ដើម​បង្កើត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​កម្ពុជា ធ្វើ​ឡើង​មិន​មាន​ស្តង់ដារ​គ្រប់​គ្រាន់​ទេ។

បណ្ឌិត ឡៅ ម៉ុង ហៃ ៖ «ស្ថាប័ន​កំពូល​អ៊ីចឹងៗ គួរ​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​សមាជិក​ទាំង​ឡាយ​គួរ​លា​ឈប់​ពី​គណបក្ស​នយោបាយ​ប្រសិន​បើ​ខ្លួន​ជា​សមាជិក​គណបក្ស​នយោបាយ ឬ​មិន​មែន​ជា​គណបក្ស​នយោបាយ ហើយ​ស្ថាប័ន​ជ្រើស​តាំង​មិន​ឲ្យ​សារៈសំខាន់​ទៅ​លើ​ជំនាញ​ខាង​ច្បាប់​ឲ្យ​បាន​ខ្លាំង។ ការ​ចាប់​ផ្ដើម​បង្កើត​ស្ថាប័ន​នេះ​ពី​ដំបូង​ឡើង គឺ​ខុស​តែ​ម្ដង​បែប​តែង​តាំង​ជា​លក្ខណៈ​បក្ស​ពួក​នោះ»។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​ស្ថាប័ន​កំពូល​មួយ​ចាប់​ផ្ដើម​ដំណើរ​ការ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ១៩៩៨។ ស្ថាប័ន​សម្រាប់​ការពារ​រដ្ឋធម្មនុញ្ញ បកស្រាយ រដ្ឋធម្មនុញ្ញ និង ច្បាប់​ដែល​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​អនុម័ត ព្រម​ទាំង​បក​ស្រាយ​សម្រេច​អំពី​ករណី​ជម្លោះ​ទាក់ទង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា។

ក្រុម​ប្រឹក្សា​នេះ​មាន​សមាជិក​ចំនួន ៩ រូប។ សមាជិក ៣ រូប​ជ្រើស​តាំង​ដោយ​ព្រះ​មហាក្សត្រ ៣ រូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង ៣រូបទៀតជ្រើស តាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គការ​ចៅក្រម។

សមាជិក​ទាំងអស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាង​តិច ៤៥ ឆ្នាំ មាន​បទ​ពិសោធ​ការងារ​យ៉ាង​តិច ១៥ ឆ្នាំ និង​មាន​សញ្ញាប័ត្រ​ឧត្ដម​សិក្សា​ឡើង​ទៅ​ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង​សេដ្ឋកិច្ច។

បច្ចុប្បន្ន​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាំង ៩ នាក់​នោះ មាន​លោក ឯក សំអុល លោកស្រី ស៊ុំ នីផា លោក ប៉ែន ថុល លោក ឈួរ លាង​ហួត លោក ព្រហ្ម ញាណ​វិចិត្រ លោក មឹន ស៊ាន លោក​ស្រី ចែម វេយ្យរិទ្ធ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់​តារ៉ា​វង្ស និង​ព្រះអង្គ​ម្ចាស់ នរោត្តម សិរិវុឌ្ឍ។

លោក​បណ្ឌិត ឡៅ ម៉ុង ហៃ មាន​ប្រសាសន៍​ថា ប្រសិន​បើ​សមាជិក​នៃ​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​ភាគ​ច្រើន​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច​ដូច្នេះ​នោះ ភាព​ស្រប​ច្បាប់​នៃ​ក្រុម​ប្រឹក្សា​នេះ​ក៏​មាន​ការ​ខ្វះ​ខាត​ផង​ដែរ។ លោក​សង្កេត​ឃើញ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​សូវ​ជំទាស់​រាល់​ច្បាប់​ទាំង​ឡាយ​ណា​ដែល​រដ្ឋាភិបាល ឬ​រដ្ឋសភា​ស្នើ​ឲ្យ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នោះ​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ ៖ «រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ឃើញ​ករណី Ok នេះ ច្រើន​ជាង​មិន OK ហើយ​ករណី​ដែល​ជំទាស់​នេះ​វា​តិច​ណាស់ តាម​មើល​ទៅ។ អា​ហ្នឹង​អាច​ធ្វើ​ឲ្យ​គេ​ចោទ​ប្រកាន់​បាន​ថា ស្ថាប័ន​នេះ មិន​មាន​និត្យានុកូលភាព​ពេញ​លេញ ដោយសារ​សមាជិក​ភាគ​ច្រើន​ចេញ​ពី​គណបក្ស​តែ​មួយ គឺ​គណបក្ស​កាន់​អំណាច។ ម្យ៉ាង​ទៀត សមាជិក​នឹង​មាន​និន្នាការ ដែល​គេ​ពិបាក​ទុក​ចិត្ត​ថា​វា មាន​ភាពឯករាជ»។

ជា​គោលការណ៍ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​អាច​លើក​យក​បញ្ហា​ណា​មួយ​មក​ពិនិត្យ​ ដោយ​ខ្លួន​ឯង​បាន​ឡើយ។ មាន​តែ​ព្រះ​មហាក្សត្រ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី សមាជិក​សភា​មួយ​ភាគ​បួន និង​តំណាង​រាស្ត្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​បាន។

ពលរដ្ឋ​ស៊ីវិល ក៏​អាច​លើក​ឡើង​ប្ដឹង​ទៅ​តុលាការ​អំពី​បញ្ហា​ធម្មនុញ្ញភាព​នៃ​ច្បាប់ ឬ​សេចក្ដី​សម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូច​ជា ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង​សេចក្ដី​សម្រេច​រដ្ឋបាល​ផ្សេងៗ តាម​រយៈ​រឿង​ក្តី​របស់​ខ្លួន​ទៅ​តុលាការ។

តុលាការ​ថ្នាក់​ក្រោម​ត្រូវ​បញ្ជូន​ពាក្យ​បណ្ដឹង​ខាង​លើ​នេះ ទៅ​តុលាការ​កំពូល ហើយ​តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នេះ បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រសិន​តុលាការ​កំពូល​យល់​ឃើញ​ថា សម​ហេតុ​ផល។ ពាក្យ​ថា ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់ មាន​ន័យ​ថា ការ​ពិនិត្យ និង​បក​ស្រាយ​ច្បាប់​នានា ថា​តើ​ច្បាប់​ទាំង​នោះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​នៃ​រដ្ឋ​ដែរ​ទេ។

តំណាង​រាស្ត្រ​គណបក្ស សម រង្សី លោក សុន ឆៃ មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស ដែល​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ។ តែ​តាម​ធាតុ​ពិត​គណបក្ស​ប្រជាជន​កម្ពុជា​ក្ដោប​ក្ដាប់​ស្ថាប័ន​ជាតិ​ទាំង​អស់ ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រដ្ឋសភា ព្រឹទ្ធសភា តុលាការ រដ្ឋបាល កងទ័ព មន្ត្រី​រាជការ ទាំង​ នគរបាល គឺ​ជា​កម្មសិទ្ធិ​ដាច់​ថ្លៃ​របស់​គណបក្ស​កាន់​អំណាច។

លោក សុន ឆៃ ៖ «រឿង​ដែល​សំខាន់​របស់​ស្ថាប័ន​នេះ គឺ​បម្រើ​ដាច់​ថ្លៃ​ឲ្យ​គណបក្ស​របស់​ខ្លួន ហើយ​យើង​ឃើញ​កំហុស​ឆ្គង​តាំង​ពី​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​បន្ថែម​ កាល​ពី​មាន​បញ្ហា​គាំង​ស្ទះ​នយោបាយ​ក្នុង​ឆ្នាំ ២០០៣។ គេ​ឃើញ​ដូច​ជា​មាន​ការ​បន្ថែម​អត្ថបទ​លើ​រដ្ឋធម្មនុញ្ញ ដូច​ជា​ការ​បោះ​ឆ្នោត​កញ្ចប់​រដ្ឋសភា និង​ព្រឹទ្ធសភា​ជា​ដើម​ហ្នឹង គឺ​សុទ្ធតែ​ជា​ការ​ធ្វើ​ផ្ទុយ​អំពី​គោលការណ៍​ដើម​ នៃ​រដ្ឋធម្មនុញ្ញ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចេះ​តែ​ថា ស្រប​តាម​រដ្ឋធម្មនុញ្ញ មិន​ដែល​ចេះ​ជំទាស់​អី​ទេ»។

មាត្រា ១៣៩ ថ្មី​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ចែង​ថា សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​អាច​ជា​សមាជិក​ព្រឹទ្ធសភា សមាជិក​សភា ចៅក្រម សមាជិក​របស់​រដ្ឋាភិបាល ជា​ប្រធាន ឬ​អនុប្រធាន​គណបក្ស ឬ​ជា​ប្រធាន ឬ​អនុប្រធាន​សហជីព​នោះ​ឡើយ។

លោក សុន ឆៃ មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​ជ្រើស​រើស​មនុស្ស​ឲ្យ​មក​បំពេញ​កិច្ចការ​ក្នុង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ជា​មនុស្ស​ប្រកប​ដោយ​គោលការណ៍ ដែល​ធ្វើ​កិច្ចការ​មិន​ស្ថិត​ក្រោម​ការ​គាប​សង្កត់​របស់​បក្ស ឬ​ទៅ​តាម​លាភ​សក្ការ​ផ្ទាល់​ខ្លួន​ជា​ដើម។

លោក សុន ឆៃ ៖ «ច្បាប់​យើង និង​នីតិវិធី​នៃ​ការ​ជ្រើស​រើស ឬ​តែង​តាំង ក៏​ដូច​ជា​ការ​ដក​ហូត​ដំណែង​នោះ មាន​ភាព​ធូរ​រលង់​ណាស់ ដោយ​ឥទ្ធិពល​របស់​បក្ស ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​ហ្នឹង​នៅ​តែ​មាន​លើ​ការ​តែង​តាំង ឬ​ដក​ហូត​មន្ត្រី ដែល​ត្រូវ​ទទួល​តំណែង​ក្នុង​ក្រប​ខណ្ឌ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ។ ឧទាហរណ៍ ដូច​ជា មន្ត្រី​ខ្លះ​ដែល​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ​ក្ដី​ក៏​អាច​មាន​ការ​គាប​សង្កត់ ឬ​ក៏​មាន​ចំនួន​មិន​គ្រប់​គ្រាន់​ក្នុង​ការ​សំដែង​ក្នុង​ក្រុម​ប្រឹក្សា​នោះ​ដែរ ហើយ​ចំណែក​អ្នក​ដែល​តែង​តាំង​ដោយ​បក្ស​កាន់​អំណាច​ក្តី ក៏​ងាយ​ស្រួល​ដក​ហូត​ទៅ​វិញ​តាម​រយៈ​នៃ​ការ​ដែល​គេ​តែង​តាំង​នោះ​ដែរ»។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​រិះគន់​ខាង​លើ លោក ប៉ែន ថុល សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា ស្ថាប័ន​របស់​លោក ជា​ស្ថាប័ន​មួយ ដែល​គោរព​ច្បាប់​យ៉ាង​ត្រឹម​ត្រូវ​ជា​ទី​បំផុត។

លោក ប៉ែន ថុល ៖ «ខ្ញុំ​អត់​មាន​រឿង​អី​និយាយ​អំពី​កន្លែង​ខ្ញុំ​នោះ​ទេ។ ព្រោះ​កន្លែង​នេះ​ជា​កន្លែង​មើល​ច្បាប់​ រដ្ឋធម្មនុញ្ញ​ទាំង​អស់ ហើយ​ក្មួយ​និយាយ​អម្បាញ់មិញ​ហ្នឹង។ ប៉ុន្មាន​នាក់​ហ្នឹង គឺ​មក​ពី​បី​កន្លែង យ៉ាង​ហោច​ណាស់​ក៏​បី​នាក់​មក​ពី​ខាង​ព្រះ​មហាក្សត្រ​ដែរ។ ប៉ុន្តែ ខ្ញុំ​មិន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ពី​កន្លែង​ខ្ញុំ​ទេ។ ប៉ុន្តែ គ្រាន់​តែ​ថា យើង​គោរព​ច្បាប់​ទាំង​អស់ ហើយ​បើ​លោក​និយាយ​អ្វី​ក្រៅ​ពី​រឿង​ហ្នឹង ខ្ញុំ​អត់​មាន​យោបល់​អ្វី​ទៀត​ទេ។ អ្នក​ទាំង​អស់​ហ្នឹង​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ជ្រើស​តាំង​ដោយ​សភា និង​ជ្រើស​តាំង​ដោយ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ខ្ញុំ​អត់​និយាយ​អំពី​រឿង​លំអៀង ឬ​មិន​លំអៀង​ទេ​ខ្ញុំ​សូម​ជម្រាប​ថា​ពួក​យើង​ជា​អ្នក​គោរព​ច្បាប់ ហើយ​ធ្វើ​តាម​ទាំង​អស់។ បើ​លោក​អ្នក​ណា​យល់​យ៉ាង​ម៉េច ជា​សិទ្ធិ​របស់​គេ»។

លោក ព្រហ្ម ញាណវិចិត្រ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មួយ​រូប​ទៀត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ជ្រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ធ្វើ​ឡើង​ប្រកប​ទៅ​ដោយ​តម្លាភាព។
លោក ព្រហ្ម ញាណវិចិត្រ ៖ «អ្នក​ដែល​ស្ថិត​ក្នុង​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​មែន​ជា​មនុស្ស​របស់​ខាង​ណាៗ នោះ​ទេ។ ពេល​ហ្នឹង​គេ​មាន​ប្រកាស​ឲ្យ​ដាក់​ពាក្យ​ត្រឹម​ត្រូវ។ បើ​ខាង​សភាៗ គេ​ប្រកាស​ឲ្យ​ដាក់​ពាក្យ ហើយ​ខាង​ចៅក្រម​ក៏​គេ​ប្រកាស។ រី​ឯ​ខាង​ព្រះ​មហាក្សត្រ លោក​ជា​អ្នក​តែង​តាំង»។

ប្រធាន​អង្គការ​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុខ សំអឿន មាន​ប្រសាសន៍​ថា រដ្ឋសភា​កម្ពុជា​គួរ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​មាន​ស្វ័យ​អំណាច​ក្នុង​ការ​ត្រួត​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ ដែល​កំពុង​រិត​ត្បិត​ដល់​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម។

​មេធាវី សុខ សំអឿន ៖ «យើង​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម មិន​គ្រាន់​តែ​ជា​សេរីភាព​ទេ តែ​ជា​សិទ្ធិ​ទៅ​ទៀត។ ក៏​ប៉ុន្តែ​សិទ្ធិ​នេះ​ត្រូវ​ចែង​ក្នុង​ច្បាប់​មួយ។ ដូច្នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ឃើញ​ថា ឱ្យ​តែ​ច្បាប់​ហ្នឹង​សរសេរ​យ៉ាង​ម៉េច គឺ​វា​អ៊ីចឹង​ហើយ។ អត់​យក​អត់​ប្រកាន់​គោល​ការណ៍​ណា​មួយ​ទេ»។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ប្រសិន​បើ​ច្បាប់​មួយ​ចំនួន ដែល​ផ្ទុយ​ពី​ឆន្ទៈ និង​ស្មារតី​របស់​រដ្ឋធម្មនុញ្ញ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​អាច​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នោះ ដោយ​សារ​គ្មាន​ការ​ស្នើ​ពី​ស្ថាប័ន​កំពូលៗ របស់​រដ្ឋ តើ​ពេល​ណា​ទើប​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ធានា ហើយ​តើ​ពេល​ណា​ទើប​ច្បាប់​របស់​កម្ពុជា​មាន​ស្តង់ដារ​ល្អ ដែល​ផ្អែក​លើ​គោល​ការណ៍​សិទ្ធិមនុស្ស​នោះ?

អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក សឿន សុប៊ែរត៍ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ពេញ​លេញ និង​មាន​សមត្ថកិច្ច​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ កម្ពុជា​គួរ​ពង្រីក​វិសាលភាព​នៃ​ស្ថាប័ន​មួយ​នេះ​ឲ្យ​ទូលំ​ទូលាយ​ជាង​មុន។

លោក សឿន សុប៊ែរត៍ ៖ «បើ​ចង់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សមត្ថភាព ធ្វើ​ការ​ឲ្យ​បាន​ពេញ​លេញ ធ្វើ​ការ​ឲ្យ​បាន​ច្រើន ជាង​ហ្នឹង​មាន​តែ​កែ​ច្បាប់​ហ្នឹង​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​ពិនិត្យ​បណ្ដឹង​ផ្ទាល់​ពី​ប្រជា​ពលរដ្ឋ ឬ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហ្នឹង​អាច​ពិនិត្យ​ច្បាប់​ឯ​ទៀតៗ ដែល​គេ​យល់​ថា រំលោភ​រដ្ឋ​ធម្មនុញ្ញ។ ជាពិសេស ច្បាប់​សារព័ត៌មាន​ហ្នឹង»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ច្បាប់​របស់​កម្ពុជា​ហាក់​មាន​ភាព​ប្រទាញ​ប្រទង់​រវាង​សិទ្ធិ​របស់​ពលរដ្ឋ និង​អំណាច​របស់​រដ្ឋាភិបាល។ គេ​សង្កេត​ឃើញ​ច្បាប់ និង​លិខិត​បទដ្ឋាន​ផ្សេងៗ របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន មាន​ភាព​រឹតត្បិត​ដល់​សេរីភាព​របស់​ពលរដ្ឋ ដូចជា ច្បាប់​បាតុកម្ម ក្រម​ព្រហ្មទណ្ឌ ឬ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ដើម៕