រដ្ឋាភិបាល​ស្វាគមន៍​របាយការណ៍​អាមេរិក​ស្ដី​ពី​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១២

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១២ ស្តី​ពី​ស្ថានការណ៍ នៃ​អំពើ​ជួញ​ដូរ​មនុស្ស នៅ​ប្រទេស​កម្ពុជា​កន្លង​មក​នេះ។

0:00 / 0:00

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័ក្រ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១២ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កម្ពុជា​មិន​អាច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ត្រូវ​ការ​ចូល​រួម និង​កិច្ច​សហការ​ពី​ប្រទេស​ជិត​ខាង​មួយ​ចំនួន នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើ​ឲ្យ​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ជោគជ័យ និង​ដល់​ឫស​គល់។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ប្រឹង​ប្រែង​របស់​សមត្ថកិច្ច​កម្ពុជា​កន្លង​មក មិន​មែន​ដើម្បី​បំពេញ​ចិត្ត​សហរដ្ឋអាមេរិក ឬ​ចង់​បាន​ពិន្ទុ​ល្អ​នោះ​ទេ គឺ​ដើម្បី​សង្គម​ជាតិ​ទាំង​មូល៖ «ប្រទេស​ជិត​ខាង​ទាំង​អស់ ត្រូវ​តែ​សហការ​គ្នា។ យើង​បាន​ផ្ដាំ​ហើយ បើ​គ្មាន​ទីផ្សារ គ្មាន​ការ​ផ្គត់​ផ្គង់ សូម​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​បណ្ដា​ប្រទេស​ខ្លះ ដែល​គេ​បាន​ទទួល​នូវ​ពលករ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ស្វាគមន៍​នូវ​អ្វី​ដែល​និយាយ​រួម វា​មិន​ឡើង វា​មិន​ធ្លាក់ គឺ​ត្រូវ​តែ​ខំ ខំ​ត​ទៅ​ទៀត។ មិន​មែន​ខំ ដើម្បី​យក​លេខ​១ ឬ​លេខ​២ ទេ ខំ​ដើម្បី​សង្គម​ជាតិ​កម្ពុជា»

ប្រតិកម្ម​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ស្តី​ពី​ស្ថានការណ៍​ជួញ​ដូរ​មនុស្ស​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២។ សហរដ្ឋអាមេរិក ក៏​បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា (Cambodia) ប្រទេស​វៀតណាម (Vietnam) និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Burma/Myanmar) ក្នុង​លំដាប់​លេខ​២ ដូច​គ្នា​ដែរ។

របាយការណ៍​នោះ បាន​ឲ្យ​ដឹង​ថា លំដាប់​លេខ​២ នោះ គឺ​មាន​ន័យ​ថា ប្រទេស​កម្ពុជា បាន​ប្រឹង​ប្រែង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ល្អ​បង្គួរ​កន្លង​មក ប៉ុន្តែ​ការ​ប្រឹង​ប្រែង​នោះ មិន​ទាន់​បាន​ឈាន​ដល់​កម្រិត​ស្តង់ដារ​ជា​អតិបរិមា​នៅ​ឡើយ ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស។

របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ប្រចាំ​ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​ល្មើស​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ចំនួន ៦២​នាក់ នៅ​ឆ្នាំ​២០១២ ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ជន​ល្មើស​ចំនួន ២០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស។

របាយការណ៍​បន្ត​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រភព​នៃ​ការ​ជួញ​ដូរ​មនុស្ស កន្លែង​ឆ្លង​កាត់ និង​ជា​កន្លែង​គោលដៅ នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​តំបន់ ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​ថៃ (Thailand) ជាដើម។

ជន​រង​គ្រោះ​មាន​ដូច​ជា កុមារ បុរស និង​ស្ត្រី ត្រូវ​បាន​គេ​ជួញ​ដូរ​ឲ្យ​បម្រើ​ក្នុង​ការងារ​នេសាទ ការងារ​នៅ​តាម​ផ្ទះ ជួញ​ដូរ​ផ្លូវ​ភេទ ការងារ​សំណង់ ការងារ​កសិកម្ម និង​ការងារ​ឧស្សាហកម្ម​ជា​ដើម។

ទាក់​ទង​នឹង​របាយការណ៍​នេះ​ដែរ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ របស់​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​របាយការណ៍​នេះ​ដែរ ប៉ុន្តែ​លោក​យល់​ថា របាយការណ៍​នេះ​ហាក់​ដូច​ជា​ទុក​មុខ​មាត់​ឲ្យ​កម្ពុជា៖ «បើ​សិន​ជា​ប្រទេស​កម្ពុជា មិន​ប្រឹង​ប្រែង​ក្នុង​ការ​កែ​តម្រូវ​ក្នុង​ជ្រើស​រើស​ពលករ បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ខាង​ក្រៅ ហើយ​ជជែក​ជាមួយ​ប្រទេស​ដែល​ទទួល​ទាំង​អស់​នោះ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​មាន​ផល​ប៉ះពាល់​ច្រើន ពាក់​ព័ន្ធ​នឹង​រឿង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​ហ្នឹង»

ស្រប​ពេល​ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក អ្នក​ស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) បាន​ផ្តល់​រង្វាន់​កិត្តិយស​ដល់​អតីត​ជន​រង​គ្រោះ​ខ្មែរ​ម្នាក់ នៃ​ការ​ជួញ​ដូរ​មនុស្ស​កន្លង​មក ឈ្មោះ ព្រហ្ម វណ្ណៈអាណន្ត នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក (Washington/USA) ដើម្បី​លើក​ទឹក​ចិត្ត​ក្លាហាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កន្លង​មក។

រង្វាន់​នោះ បាន​ផ្តល់​ជន​សកម្មជន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ចំនួន ១០​ប្រទេស រាប់​ទាំង​កម្ពុជា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។