សមាគម​អ្នក​កាសែត​សុំ​ឲ្យ​ចៅក្រម​ពិចារណា​ដោះលែង​អ្នក​កាសែត​ម្នាក់

សាលា​ឧទ្ធរណ៍​គ្រោង​បើក​ជំនុំ​ជម្រះ​ក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​អ្នក​កាសែត​ម្នាក់ គឺ​លោក រស់ សុឃិត នៅ​ថ្ងៃ​៣ កញ្ញា​ខាង​មុខ​នេះ ក្នុង​ពេល​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​១៧ សីហា ដោយ​អំពាវនាវ​ដល់​ចៅក្រម​សាលា​ឧទ្ធរណ៍​ឲ្យ​ពិចារណា​សម្រេច​សេចក្ដី​ដោះលែង​លោក រស់ សុឃិត ឲ្យ​រួច​​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព។

អគ្គលេខាធិការ​នៃ​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត (CAPJ) លោក នេត្រ ភក្រ្តា បាន​បញ្ជាក់​ពី​ហេតុ​ផល​ដែល​សមាគម​លោក​ស្នើសុំ​យ៉ាង​នេះ​ថា លោក រស់ សុឃិត បើ​ពិនិត្យ​ជា​ទូទៅ​ឃើញ​ថា ពុំ​មាន​ទោស​កំហុស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ទាក់ទង​នឹង​អ្វី​ដែល​បាន​ចោទ​ប្រកាន់​កន្លង​មក​នោះ ហើយ​ចាំបាច់​សូម​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍​ពិចារណា ក្នុង​ការ​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

មេធាវី​ការពារ​ក្តី​លោក រស់ សុឃិត គឺ​លោក សំ សុគង់ មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​នេះ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​កំពុង​សិក្សា​លើ​ព័ត៌មាន ដែល​លេច​ឮ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កន្លង​មក​ថា ដើម​បណ្ដឹង​របស់​កូន​ក្តី​លោក​កំពុង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុក​រលួយ គឺ​វា​ពិត​ដូច​ដែល​កូន​ក្តី​របស់​លោក​ធ្លាប់​បាន​បញ្ចេញ​ទស្សនៈ ក្នុង​នាម​ជា​អ្នក​កាសែត​កន្លង​មក។

លោក សយ សុភាព ដែល​ជា​ដើម​បណ្ដឹង ពុំ​អាច​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​តាម​ទូរស័ព្ទ ដោយ​មាន​អ្នក​លើក​ទូរស័ព្ទ​របស់​លោក​ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ករណី​លោក រស់ សុឃិត គឺ​ជា​រឿង​ចោទ​ប្រកាន់ មិនមែន​ជា​រឿង​វិជ្ជាជីវៈ​ឡើយ ដូច្នេះ​លោក​ថា គួរតែ​មាន​ការចរចា​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ ជាជាង​ការ​បន្ត​ប្ដឹងផ្ដល់​គ្នា។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា​កន្លង​ទៅ បាន​កាត់​ទោស និង​ដាក់​គុក​លោក រស់ សុឃិត ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទៅ​តាម​ច្បាប់​អ៊ុនតាក់ មាត្រា​ទី​៦២។ លោក រស់ សុឃិត មុន​នឹង​មាន​រឿង​នេះ បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ដោយ​ចោទ​សួរ​ទៅ​លោក សយ សុភាព ដែល​មាន​ខ្លឹមសារ​ថា "តើ​លោក សយ សុភាព ពិត​ជា​បាន​យក​លុយ​របស់​ស្ត្រី​ទំនើង​ឈ្មោះ ខៃ តារា នោះ​មែន​ឬ​ទេ? បើ​សិន​ជា​ដូច្នេះ​មែន​នោះ​គឺ​ជា​សកម្មភាព​ថោកទាប"។

កាល​ពី​ថ្ងៃ​ទី​១២ កក្កដា​កន្លង​ទៅ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ដក​ស្រង់​ប្រសាសន៍​របស់​លោកស្រី សៀង ចាន់ហេង ប្រធាន​ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ ដែល​ជា​អ្នក​ចេញ​លុយ​ចំណាយ​ឲ្យ​មជ្ឈមណ្ឌល ដើម​អម្ពិល ថា លោក សយ សុភាព បាន​ទទួល​លុយ​ចំនួន ៦​ម៉ឺន​ដុល្លារ​ពី​មនុស្ស​ចំនួន ១៥​ក្រុម ដោយ​មិន​ត្រឹមត្រូវ។ កាសែត​បាន​សរសេរ​ថា លោកស្រី សៀង ចាន់ហេង បាន​ចោទ​លោក សយ សុភាព ថា​បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ជំនួញ​ដោយ​មិន​ត្រឹមត្រូវ៕