លោក កឹម សុខា៖ បក្ស​សង្គ្រោះ​ជាតិ​នឹង​ទាម​ទារ​កោះ​ត្រល់​ជា​សម្បត្តិ​ខ្មែរ​វិញ

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា នឹង​ទាម​ទារ​កោះ​ត្រល់​ពី​វៀតណាម មក​ជា​កម្មសិទ្ធិ​ខ្មែរ​វិញ បើ​គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។
ដោយ ដែន អយុធ្យា
2012-09-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពិធី​ប្រគល់​រថយន្ត​ដឹក​អ្នក​ជំងឺ និង​សម្ភារៈ​ការិយាល័យ​ជូន​ពលរដ្ឋ នៅ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ចន្ទ ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Uon Chhin

ការ​អះអាង​នេះ កើត​មាន​បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពត សួរ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​កោះ​ត្រល់ បាត់​បង់​ទៅ​ឲ្យ​វៀតណាម។ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ថា ការ​និយាយ​របស់​លោក កឹម សុខា ជា​ការ​បោកប្រាស់ ឬ​ភូត​កុហក​ម្ចាស់​ឆ្នោត។

ការ​លើក​យក​រឿង​ព្រំដែន​គោក ទឹក ជាមួយ​ប្រទេស​ជិត​ខាង​មក​និយាយ​របស់​អ្នក​នយោបាយ តែង​តែ​កើត​មាន​នៅ​ពេល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់។ ការ​និយាយ​រឿង​ព្រំដែន​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ និង​ដើម្បី​បង្ហាញ​ថា អ្នក​នយោបាយ​មាន​ស្មារតី​ស្នេហា​ជាតិ ការពារ​ទឹក​ដី។

លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ ទី២៤ ខែ​កញ្ញា ដោយ​សន្យា​ថា នឹង​ទាម​ទារ​កោះ​ត្រល់​ពី​វៀតណាម មក​ជា​សម្បត្តិ​ខ្មែរ​វិញ បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣។

លោក​បាន​រិះគន់​ថ្នាក់​ដឹកនាំ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ថា គ្មាន​ឆន្ទៈ និង​គ្មាន​លទ្ធភាព​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​បាន។ ការ​ថ្លែង​របស់​លោក កឹម សុខា កើត​មាន​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ចោទ​សួរ​លើ​បញ្ហា​បាត់​បង់​កោះ​ត្រល់ និង​ប្រជុំ​កោះ​ជាច្រើន​ទៀត​របស់​ខ្មែរ​ទៅ​ឲ្យ​វៀតណាម។

កញ្ញា មុំ ម៉ារី មាន​អាយុ ១៧ឆ្នាំ មាន​លំនៅឋាន​នៅ​ខេត្ត​កែប បាន​សោកស្ដាយ​ដែល​កោះ​ត្រល់ ជា​កោះ​របស់​សម្បត្តិ​ខ្មែរ ត្រូវ​ធ្លាក់​ក្នុង​ដៃ​វៀតណាម គ្រប់គ្រង។ យុវតី​រូប​នេះ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ថ្នាក់​ដឹកនាំ​ខ្មែរ​មិន​អាច​រក្សា​ប្រជុំ​កោះ​ជា​កម្មសិទ្ធិ​ខ្មែរ មាន​កោះ​ត្រល់ ជាដើម ឲ្យ​គង់វង្ស​បាន។

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សម ថា ដែល​ធ្លាប់​ធ្វើ​ជំនួញ​នៅ​លើ​កោះ​ត្រល់ ឆ្នាំ​១៩៧៥ ហើយ​បច្ចុប្បន្ន​រស់នៅ​ខេត្ត​កែប ក៏​សោកស្ដាយ​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មិន​មាន​លទ្ធភាព​ថែ​រក្សា​កោះ​ត្រល់ ឬ​ប្រជុំ​កោះ​ផ្សេង​ទៀត​បាន។

ទោះ​យ៉ាង​ណា លោកស្រី​បញ្ជាក់​ថា បើ​កោះ​ត្រល់ ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ម៉្លោះ​មិន​មាន​ការ​អភិវឌ្ឍ​ដូច​វៀតណាម គ្រប់គ្រង​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សង់​លំនៅឋាន​លើ​កោះ​ទេ ព្រោះ​ថា រដ្ឋាភិបាល​នឹង​វិនិយោគ​កោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ ហើយ​អាច​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដូច​សព្វថ្ងៃ​នេះ​ក៏​ថា​បាន។

ចំណែក​មនុស្ស​វ័យ​ចំណាស់​ឈ្មោះ ស៊ុំ ស្រេង រស់នៅ​ខេត្ត​កំពត បាន​សោកស្ដាយ​ដែល​ថ្នាក់​ដឹកនាំ​ខ្មែរ​ខ្វះ​លទ្ធភាព​ថែ​រក្សា​កោះ​ត្រល់ ឲ្យ​បាន​គង់វង្ស។ លោក​គ្មាន​ជំនឿ​ថា ថ្នាក់​ដឹកនាំ​ខ្មែរ​ជំនាន់​មុខ​អាច​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម មក​ជា​សម្បត្តិ​ខ្មែរ​បាន​ទេ ព្រោះ​យល់​ថា ពលរដ្ឋ​មិន​ចេះ​រួប​រួម និង​គ្មាន​ឆន្ទៈ​ស្នេហា​ជាតិ។

កោះ​ត្រល់ មាន​ផ្ទៃ​ដី​សរុប ៥៤០​គីឡូ​ម៉ែត្រ​ក្រឡា។ កោះ​នេះ​មាន​ទំហំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore) ដែល​មាន​ផ្ទៃដី​សរុប ៥៨១​គីឡូ​ម៉ែត្រ​ក្រឡា។

លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​បាន​ប្រតិកម្ម និង​រិះគន់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា បើ​បក្ស​នេះ​ជាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ នឹង​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម វិញ ថា​ជា​ការ​បោក​បញ្ឆោត​ម្ចាស់​ឆ្នោត។

យ៉ាង​នេះ​ក្តី លោក កឹម សុខា បាន​ពញ្ញាក់​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ចូល​រួម​ការពារ​បូរណភាព​ទឹកដី ឬ​ដែន​កោះ ដូច​ជា​កោះ​ត្រល់ ជាដើម ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ឆ្នាំ​២០១៣ ឲ្យ​បាន​គ្រប់​គ្នា។

ទោះ​យ៉ាង​ណា លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​សេដ្ឋកិច្ច​ឯករាជ្យ បញ្ចេញ​ទស្សនៈ​ថា តាម​ផ្លូវ​ច្បាប់ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ចង់​ទាម​ទារ​កោះ​ត្រល់ ពី​វៀតណាម វិញ មិន​ទាន់​ហួស​ពេល​ទេ។ លោក​ថា ការ​ទាម​ទារ​កោះ​ត្រល់​មក​ជា​សម្បត្តិ​ខ្មែរ​វិញ អាច​ធ្វើ​ឡើង​តាម​រយៈ​ទ្វេភាគី ឬ​តាម​លក្ខណៈ​អន្តរជាតិ ដោយ​ត្រូវ​ពិនិត្យ​សើរើ​កិច្ច​ព្រមព្រៀង ឬ​សន្ធិ​សញ្ញា​រវាង​កម្ពុជា និង​វៀតណាម កន្លង​មក។ លោក​បន្ថែម​ថា ករណី​កោះ​ត្រល់ បើ​ទោះ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន មិន​ហ៊ាន​ចេញ​មុខ​ទាម​ទារ​មក​ជា​សម្បត្តិ​ខ្មែរ​ក៏ដោយ ប៉ុន្តែ រដ្ឋាភិបាល​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​ជំនាន់​ថ្មី ឬ​ជំនាន់​ក្មេងៗ​ស្រករ​ក្រោយ ក៏​អាច​ទាម​ទារ​តាម​ផ្លូវ​ច្បាប់​យក​កោះ​ត្រល់ ពី​វៀតណាម បាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (52)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

sith

ពី khampong thom

ក្នុងនាមខ្ញំុជាកូនខ្មែរម្នាក់សំុសួរថា
តើយើងអាចយកកោះត្រល់មកវិញទេ?
ខ្ញំុសោកស្ដាយណាស់ដែលបាត់បង់កោះត្រល់

Feb 21, 2015 12:17 AM

ពុទ្ធី

ពី ភ្នំពេញ

អ្នកណាក៏ដឹងថាកោះត្រល់ជារបស់ខ្មែដែរ លើកលែងតែរដ្ឋាភិបាលលោកហ៊ុន សែនប៉ុណ្ណោះដែលថាកោះត្រល់ជារបស់យួន
ខ្ញុំពិតជាស្តាយណាស់ដែលមានមេដឹកនាំបែបនេះ

Sep 15, 2013 04:42 AM

កុលបុត្រខែ្មរ

ពី phnom penh

តើពេលណាទើបខែ្មរទទួលបានយុត្តិធម​?

Apr 03, 2013 07:19 AM

អ្នក​អាន​អនាមិក

ពី kampot

តើយើងជាកូនខ្មែរពេលណាអាចទទូលបានទឹកដីកម្ពុជាក្រោមមកវិញ?

Dec 29, 2012 01:44 AM

អ្នក​អាន​អនាមិក

ខ្ញុំសូមចូលរួមជាមួយលោក កឹម សុខា

Nov 21, 2012 10:17 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល