ពលរដ្ឋខ្មែរ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សឺណែវ

ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​ខ្មែរ​ជាង​១០០​នាក់ ពី​សហរដ្ឋ​អាមេរិក​និង​ពី​តាម​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប បាន​រួម​គ្នា​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​៤ ធ្នូ នៅ​ឯ​ទីលាន​មួយ​នៅ​មុខ​អគារ​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដើម្បី​ទាម​ទារ​ឲ្យ​ពិភពលោក​ជួយ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​កម្ពុជា។

លោក ហាស់ សាន អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ទៅ​យក​ព័ត៌មាន​ដល់​ទី​នោះ រាយ​ការណ៍​បន្ថែម​អំពី​បាតុកម្ម​របស់​ខ្មែរៗ​ទាំង​នោះ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០០៩ នេះ។

ហាស់ សាន ៖ មាន​ខ្មែរ​ជាង​១០០​នាក់​មក​ពី​ទី​ជិត​ឆ្ងាយ មាន​ពី​សហរដ្ឋ​អាមេរិក រដ្ឋ​ចចា រដ្ឋ​មីនីសូតា រដ្ឋ​កាលីហ្វ័រញ៉ា និង​ខ្មែរ​ពី​ប្រទេស​បារាំង មក​ពី​ខេត្ត​លីយ៉ុង មក​ពី​ក្រុង​ប៉ារីស នៅ​ស្រុក​ស្វ៊ីស​នេះ​មក​ពី​ទីក្រុង​ហ្សូរិក និង​ទីក្រុង​ហ្សឺណែវ​ផ្ទាល់​នេះ​ក៏​មាន​ដែរ មាន​ទាំង​ព្រះសង្ឃ​ចៅ​អធិការ​វត្ត​ក្រុង​ហ្សូរិក ប្រទេស​ស្វ៊ីស​ក៏​ចូល​រួម​ដែរ ចៅ​អធិការ​និមន្ត​មក​ពី​វត្ត​នៅ​ក្រុង​ហ្សឺវរ៉ង់ ប្រទេស​បារាំង និង​ចៅ​អធិការ​វត្ត​នៅ​ខេត្ត​លីយ៉ុង ក៏​មក​ចូល​រួម​ដែរ។
ការ​មក​ចូល​រួម​នេះ គឺ​ដើម្បី​សម្ដែង​មតិ ដែល​ខ្ញុំ​បាន​សាក​សួរ​ទាំង​អស់​ទៅ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ​មិន​ទាន់​ស្មើ​គ្នា​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​បាន​ជា​មក​សម្ដែង​មតិ ជួន​ពេល​នឹង​មាន​ការ​ជួប​ប្រជុំ​គណៈកម្មការUPR ហ្នឹង បាន​អញ្ជើញ​រដ្ឋាភិបាល​ឲ្យ​មក​បំភ្លឺ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៦​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​អង្គារ ទី​១ និង​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​ធ្នូ​នេះ។

មន្ត្រី​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​ពី​ប្រទេស​បារាំង ក៏​បាន​អញ្ជើញ​ទៅ​ចូល​រួម​លើក​ទឹក​ចិត្ត​បាតុករ​ទាំង​នោះ​ដែរ។

បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ រួម​មាន​ទាំង​ការ​កាន់​បដា និង​រួម​គ្នា​សូត្រ​កំណាព្យ​បទ​ស្នេហា​ជាតិ ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​គ្រា​ដែល​អាកាសធាតុ​នៅ​ទី​នោះ​មាន​ភាព​ត្រជាក់​រងា​ខ្លាំង។

សូម​ស្តាប់​សេចក្តី​រាយការណ៍​ពិស្ដារ​អំពី​បាតុកម្ម​នេះ​បន្ថែម​ទៀត ៖ ស្ដាប់​សំឡេង