មន្ត្រី​ខ្មែរ​ប្រតិកម្ម​នឹង​អគ្គលេខាធិការ​អាស៊ាន​ទាក់ទង​រឿង​សមយុទ្ធ​យោធា

មន្រ្តី​ការ​បរទេស​ខ្មែរ​បាន​ប្រតិកម្ម​ចំពោះ​អគ្គលេខាធិការ​អាស៊ាន​ដែល​ជា​ជនជាតិ​ថៃ​ថា មិន​គួរ​និយាយ​ទាក់ទង​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​កម្ពុជា​នោះ​ទេ។

មន្រ្តី​ការ​បរទេស​ខ្មែរ​បាន​មាន​ប្រតិកម្ម​នៅ​ថ្ងៃ​៦ កុម្ភៈ ចំពោះ​អគ្គលេខាធិការ​អាស៊ាន​ថា មិន​គួរ​និយាយ​ទាក់ទង​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​នៅ​ឯ​ខែត្រ​កំពង់ឆ្នាំង​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​កម្ពុជា​ទេ ព្រោះ​នោះ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែល​ជា​សមាជិក​អាស៊ាន​មួយ ហើយ​ថា​ការ​លើក​ឡើង​នោះ​គឺ​ជា​រឿង​ខុស​ឆ្គង​និង​ចម្លែក​មួយ។

លោក សូរិន ពិតសូវ៉ាន់ (Surin Pitsuwan) ជា​អគ្គលេខាធិការ​អាស៊ាន បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី​ឈ្មោះ The Bernamaនៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ថា អាស៊ាន​មាន​ការ​ភ័យ​ខ្លាច​ដែល​កម្ពុជា​អាច​បញ្ជូន​សញ្ញា​មិន​ត្រឹមត្រូវ​ទៅ​ពិភពលោក នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ធ្វើ​ការ​សាកល្បង​បាញ់​កាំ​ជ្រួច​ហ្វូង​កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ​កន្លង​ទៅ ខណៈ​ដែល​ប្រទេស​កម្ពុជា​មិន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ថៃ​នោះ។

លោក កុយ គួង ជា​មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ បាន​ចាត់ទុក​ការ​លើក​ឡើង​របស់​លោក សូរិន ពិតសូវ៉ាន់ គឺ​ជា​ការ​ខុស​ឆ្គង​ដែល​លោក​មិន​គួរ​លើក​អំពី​បញ្ហា​នេះ​ឡើយ ដោយ​លោក​បាន​អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​ជា​រឿង​មួយ​ធម្មតា​សម្រាប់​ប្រទេស​នីមួយៗ​នៅ​លើ​សាកលលោក​ក្នុង​រឿង​ការពារ​ទឹក​ដី​របស់​ខ្លួន។

លោក កុយ គួង បាន​បញ្ជាក់ថា ៖ «កន្លង​មក​ប្រទេស​ផ្សេងៗ​ក៏​គេ​បាន​ធ្វើ​សមយុទ្ធ​យោធា ហើយ​ជា​ពិសេស​ប្រទេស​ថៃ​និង​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​ឈ្មោះ​ថា ពស់​វែក​មាស​នោះ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ជា​រៀងរាល់​ឆ្នាំ​នោះ កម្ពុជា​មិន​មាន​ប្រតិកម្ម​អ្វី​ទេ។ ដូច្នេះ​ការ​លើក​ឡើងរ​បស់​បណ្ឌិត សូរិន ពិតសូវ៉ាន់ នេះ គឺ​ជា​រឿង​ចម្លែក​ណាស់! គាត់​មិន​គួរ​និយាយ​ដល់​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទេ!»

ប្រទេស​កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​កាំជ្រួច​ហ្វូង​សាកល្បង​ធុន BM21 ប្រមាណ ២០០​គ្រាប់ នៅ​ឯ​ព្រលាន​យន្តហោះ​ខែត្រ​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ​កន្លង​ទៅ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​ដាក់​អ្នក​ណា​ឡើយ។ ការ​ធ្វើ​សមយុទ្ធ​នេះ​ជា​ការ​ធ្វើ​សមយុទ្ធ​ធម្មតា​ទេ។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ៖ «ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា នេះ​មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​យោធា​ណា​មួយ​នោះ​ទេ ក៏​ប៉ុន្តែ​នេះ​ជា​សមយុទ្ធ​ធម្មតា និង​ត្រៀម​រៀបចំ​ខ្លួន​ការពារ​ជាតិ​ក្នុង​ករណី​មាន​ការ​ឈ្លានពាន ព្រោះ​ប្រទេស​ណា​ក៏​ដោយ​នៅ​លើ​ពិភពលោក​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ដែល​គ្មាន​អាវុធ ហើយ​ក៏​គ្មាន​ប្រទេស​ណា​មួយ​ដែល​គ្មាន​កង​ទ័ព​នោះ​ដែរ!»

នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ក៏​បាន​ថ្លែង​ដែរ​នៅ​ខណៈ​ដែល​កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​នោះ​ថា ថៃ​ពុំ​មាន​បញ្ហា​អ្វី​ជាមួយ​រឿង​សមយុទ្ធ​យោធា​កម្ពុជា​ទេ។ វា​ជា​រឿង​ធម្មតា​របស់​ប្រទេស​មួយ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​នោះ។

លោក កុយ គួង បាន​បញ្ជាក់​ទៀត​ថា កាល​ពី​ឆ្នាំ​២០០៨ ប្រទេស​ថៃ​បាន​ធ្វើ​សមយុទ្ធ​យោធា​នៅ​តាម​ព្រំដែន រហូត​ដល់​ធ្លាក់​គ្រាប់​ផ្លោង​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ទៀត ហើយ​លោក​អគ្គលេខាធិការ​អាស៊ាន សុរិន ពិតសូវ៉ាន់ ជនជាតិ​ថៃ​រូប​នេះ​មិន​មាន​ប្រតិកម្ម​អ្វី​ឡើយ​នៅ​ពេល​នោះ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​ដែល​កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បែរ​ជា​លោក​អគ្គលេធិការ​អាស៊ាន​រូប​នេះ​មាន​ប្រតិកម្ម​ទៅ​វិញ៕