រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិត ភីរម្យ (Kasit Piromya) គ្រោងនឹងទៅចូលរួមនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្នុងទីក្រុងហ្សាកាតា (Jakarta) ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ សប្ដាហ៍ក្រោយនេះ តាមសំណើរបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) កំពុងស្ថិតនៅក្នុងវេនធ្វើជាប្រធានរបស់សមាគមអាស៊ាន នៅពេលនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា នៅក្នុងសន្និសីទកាសែតរយៈពេលជិត ២ម៉ោងនៅឯវិមានសន្តិភាពនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ បានមានប្រសាសន៍ថា ភាគីថៃ ត្រូវតែមានឆន្ទៈក្លាហានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាអនាចិន្ត្រៃយនេះ។
លោក ហ៊ុន សែន បានថ្លែងដូច្នេះ ៖ «មួយចោទថា មួយបាញ់មុន ខាងណេះចោទថា ខាងណោះ ខាងណោះចោទថា ខាងណេះ។ អ៊ីចឹងសុំកុំខ្លាចហៅអ្នកទី៣ មកពិនិត្យ។ ខ្ញុំប៉ាន់ស្មានទុកជាមុន ភាគីថៃ នឹងមិនព្រមលើចំណុចទី៤នេះទេ ប៉ុន្តែខ្ញុំសុំប្រកាសទុកមុនឲ្យហើយ បើភាគីថៃ មិនព្រមលើចំណុចទី៤ ឲ្យមានការត្រួតពិនិត្យបទឈប់បាញ់ដោយបណ្ដាប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្ដាប្រទេសអាស៊ាន មកនៅលើទឹកដីរបស់ខ្លួនតែម្នាក់ឯងជាឯកតោភាគី ដើម្បីឲ្យគេមកធ្វើជាប៉ូលិសត្រួតពិនិត្យកងទ័ពកម្ពុជា»។
កិច្ចព្រមព្រៀងនោះ គឺបានផ្ដួចផ្ដើមចេញពីភាគីកម្ពុជា ដែលមានចំណុចសំខាន់ៗចំនួន៤ ដូចតទៅ ៖
ទី១ ភាគីកម្ពុជា និងថៃ ព្រមព្រៀងគ្នាឈប់បាញ់ជាស្ថាពរ និងជាអចិន្ត្រៃយ៍ ទី២ រក្សាស្ថានភាពដដែលនៃទីតាំងឈរជើងរៀងៗខ្លួន មិនចល័តកងកម្លាំងយោធា គឺរង់ចាំដំណោះស្រាយនៃការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ ទី៣ ភាគីកម្ពុជា និងថៃ លើកទឹកចិត្តឲ្យមេបញ្ជាការយោធានៅសមរភូមិជួរមុខពិភាក្សា និងសហការគ្នា ដើម្បីរក្សាស្ថិរភាពនៅព្រំដែន និងទី៤ ភាគីកម្ពុជា និងថៃ ស្នើសុំឲ្យភាគីទី៣ មកត្រួតពិនិត្យបទឈប់បាញ់ ដែលមានតំណាងមកពីប្រទេសអាស៊ាន ជាស៊ីវិល ឬយោធា ឬនគរបាល ឬជាក្រុមចម្រុះ លើកលែងតែតំណាងប្រទេសមកពីកម្ពុជា និងថៃ ជាភាគីជម្លោះ។
អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោកពិបាកជឿលើភាគីថៃ ក្នុងការទទួលយកកិច្ចព្រមព្រៀងនេះ ៖ «ពីព្រោះយើងមិនដឹងថា តើអ្នកណាដែលនៅពីក្រោយទីក្រុងបាងកក ដែលជាអ្នកដោះស្រាយ។ យើងរកតួអង្គអត់ឃើញ ពីព្រោះយើងដឹងហើយថា អាភីស៊ិត និយាយទៅតាមអ្នកនយោបាយ ហើយអ្នកនៅពីក្រោយនោះគឺស្រមោលមួយដែលយើងពិបាកនិយាយ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កំពុងតែចងក្រងឯកសារ ហើយលោកបានផ្ញើសារនេះ តាមរយៈឧបនាយករដ្ឋមន្ត្រីថៃ លោក ត្រៃរុង ស៊ូវ៉ាន់គិរី (Trairong Suwankiri) ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈនេះ៕