សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៨ មេសា ឆ្នាំ២០១១ បានឲ្យដឹងថា ជំនួបចរចារវាងលោកឧត្ដមសេនីយ៍ទោ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយលោកឧត្ដមសេនីយ៍ សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការយោធភូមិភាគទី២ និងលោកឧត្ដមសេនីយ៍ វ៉ាវ៉ាលីត មេបញ្ជាការកងពលថ្មើរជើងលេខ៦ ថៃ បានឯកភាពគ្នាលើ ៦ចំណុច។
ចំណុចទី១ បញ្ឈប់ការបាញ់គ្នាចាប់ពីពេលនេះតទៅ ទី២ កងទ័ពទាំងពីរភាគីឈរជើងនៅកន្លែងណា ត្រូវនៅកន្លែងនោះដោយមិនមានចល័តកម្លាំង ទី៣ ជំរុញឲ្យមេបញ្ជាការជួបមុខគ្នា និងបង្កើតឲ្យមានក្រុមទំនាក់ទំនងដើម្បីងាយស្រួលទាក់ទងពេលមានសភាពការណ៍។
ទី៤ ចំពោះបញ្ហាព្រំដែនទុកឲ្យគណៈកម្មការចម្រុះព្រំដែនរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរជាអ្នកដោះស្រាយ។ យោធាដោះស្រាយតែបញ្ហាទាក់ទងនឹងការឈប់បាញ់។ ទី៥ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋស៊ីវិលបានវិលត្រឡប់ទៅរស់នៅតាមភូមិឋានជាធម្មតាវិញ ដើម្បីបង្កើនការទុកចិត្តគ្នា និងចំណុចទី៦ គឺបើកច្រកព្រំដែនឡើងវិញ។
ការប្រយុទ្ធគ្នារវាងខ្មែរ និងថៃរយៈពេលមួយសប្ដាហ៍នេះ បណ្ដាលឱ្យប្រទេសទាំងពីរមានមានជនភៀសសឹករៀងៗខ្លួន។
របាយការណ៍ពីកាកបាទក្រហមកម្ពុជា បានបង្ហាញថា កម្ពុជាមានជនភៀសសឹកកើនឡើងដល់ជាង ៣៥.០០០នាក់ នៅស្រុកសំរោង បន្ទាយអំពិល និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ខាងប្រទេសថៃ មានជនភៀសសឹកចំនួន ៤៣.៩០០នាក់។
ការប្រយុទ្ធគ្នារហូតមកដល់ថ្ងៃនេះ ខាងកម្ពុជា មានអ្នកស្លាប់ចំនួន ៧នាក់ ហើយភាគីថៃស្លាប់ចំនួន ៧នាក់៕