កិច្ច​ប្រជុំ​បញ្ហា​ព្រំដែន​ខ្មែរ-​ថៃ​នៅ​ឥណ្ឌូណេស៊ី​បរាជ័យ

មន្រ្តី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ប្រទេស​ឥណ្ឌូណេស៊ី រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ បាន​បរាជ័យ​ហើយ។

ការ​បរាជ័យ​ក្នុង​ការ​សម្របសម្រួល​បញ្ហា​ព្រំដែន​នេះ បណ្ដាល​មក​ពី​ភាគី​ថៃ បដិសេធ​មិន​ព្រម​ឲ្យ​មាន​ដំណើរការ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក កុយ គួង បាន​ប្រកាស​ថា កម្ពុជា​នឹង​ស្វែង​រក​ការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​បញ្ចប់​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ ក្រោយ​ពេល​កិច្ច​ប្រជុំ​ព្រំដែន​នៅ​ឥណ្ឌូណេស៊ី បាន​ជួប​ភាព​ទាល់ច្រក​សា​ជា​ថ្មី​ម្ដង​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​តុលាការ​ដែល​មាន​ការ​គាំទ្រ​ភាគ​ច្រើន កាល​ពី​ថ្ងៃ​ទី​១៥ ​មិថុនា ឆ្នាំ​១៩៦២ បាន​កំណត់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា ហើយ​ក៏​​បាន​បញ្ជា​ឲ្យ​ថៃ ដក​កងទ័ព ឬ​ក៏​ប៉ូលិស​ខ្លួន ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ​ដែរ។

សូម​លោក​អ្នក​នាង​ស្ដាប់​ការ​ពន្យល់​របស់​លោក កុយ គួង ទាក់​ទង​នឹង​លទ្ធផល​នៃ​កិច្ចប្រជុំ​ព្រំដែន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដូច​តទៅ ៖