ទាហាន​ថៃ​បន្ត​បាញ់​ចូល​មក​កម្ពុជា

ទាហាន​ថៃ បន្ត​​បាញ់​កាំភ្លើង​ធំ​ចូល​​មក​​តំបន់​មួយ​ចំនួន ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ ២០ និង ៤៥​នាទី ថ្ងៃ​ទី​២៧ មេសា ទាហាន​ថៃ បាន​ចាប់​ផ្ដើម​បាញ់​កាំភ្លើង​ធំ​មក​លើ​ទី​តាំង​កងយោធពលខេមរភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​នៅ​វេលា​ម៉ោង ២១ និង ២០​នាទី បាន​បាញ់​មក​លើ​ទីតាំង​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​នៅ​ប្រាសាទ​តាក្របី។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ម៉ោង ០៣ និង ៥៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត។ ទាហាន​ថៃ បាន​បាញ់​កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​មក​លើ​តំបន់​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី តំបន់​ថ្មដូន និង​តំបន់​អូរស្មាច់។

ប្រភព​ពី​កង​កម្លាំង​យោធា​កម្ពុជា នៅ​សមរភូមិ​ជួរ​មុខ​នា​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី អះអាង​ថា ការ​ប៉ុនប៉ង​វាយ​ប្រហារ​កាន់កាប់​ទីតាំង​ណា​មួយ​របស់​កម្ពុជា ពី​សំណាក់​ភាគី​ថៃ ដោយ​បាញ់​សន្ធាប់​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេសា​នេះ មិន​ទទួល​បាន​ជោគជ័យ​ទេ គឺ​ភាគី​កម្ពុជា​នៅ​រក្សា​បាន​ទីតាំង​ឈរ​ជើង​​របស់​ខ្លួន​មួយ​រយ​ភាគរយ។

ថៃ​បដិសេធ​ថា​មិន​បាន​លុប​កិច្ច​ចរចា​ឈប់​បាញ់​ជាមួយ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​បដិសេធ​នៅ​ថ្ងៃ​ពុធ ទី​២៧ មេសា ថា ថៃ​ពុំ​បាន​លុប​ចោល​កិច្ច​ចរចា​ឈប់​បាញ់​គ្នា​ជាមួយ​ភាគី​កម្ពុជា ដូច​ដែល​សេចក្ដី​រាយការណ៍​នានា បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នោះ​ឡើយ។

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) បាន​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី​ថៃ ដែល​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​កន្លែង​ទី​ជម្រក​ជន​ភៀស​ខ្លួន​ថៃ នៅ​ខេត្ត​សុរិន្ទ កាល​ពី​ថ្ងៃ​ពុធ បាន​ថ្លែង​ថា លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) គ្រោង​នឹង​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ដើម្បី​​ពិភាក្សា​គ្នា​ធ្វើ​​ឱ្យ​ស្ថានការណ៍​ព្រំដែន​នៃ​ប្រទេស​ទាំង​ពី​មាន​សភាព​ធម្មតា​ឡើង​វិញ នៅ​ពេល​ដែល​លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មេសា ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​ពុធ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​រវាង​កងទ័ព​ខ្មែរ និង​ថៃ នៅ​តំបន់​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រយុទ្ធ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​រយៈពេល ៦​ថ្ងៃ​ជាប់ៗ​គ្នា​មក។

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ថ្កោលទោស​ចំពោះ​សកម្មភាព​បញ្ឆេះ​សង្គ្រាម​របស់​រដ្ឋាភិបាល​ថៃ មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា តាម​រយៈ​ការ​គំរាម​ប្រើប្រាស់​កម្លាំង​យោធា​​​ទ្រង់ទ្រាយ ​ធំ ដើម្បី​ត្រួតត្រា​ ឬ​ចូល​ឈ្លានពាន​លើ​ទឹក​ដី​កម្ពុជា។

សហភាព​អឺរ៉ុប​បារម្ភ​ចំពោះ​មហន្តរាយ​ពី​ការ​ប្រយុទ្ធ​គ្នា

សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​មហន្តរាយ​ដែល​បណ្ដាល​មក​ពី​ការ​បាញ់​ប្រហារ​គ្នា​រវាង​ទាហាន​កម្ពុជា និង​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី ខាធើរីន អាស្ហតុន (Catherine Ashton) ប្រធាន​ផ្នែក​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ព្រមព្រៀង​គ្នា​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​គ្នា​ដោយ​អាវុធ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ រង​របួស និង​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​នៃ​ប្រទេស​ទាំង​ពីរ​រត់​ភៀស​ខ្លួន​ចេញ​ពី​ភូមិ​ករ ព្រម​ទាំង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ជាដើម។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ កន្លង​មក​នេះ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​ភាគី​កម្ពុជា-​ថៃ ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​សន្តិវិធី។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​រវាង​ទាហាន​ថៃ និង​កម្ពុជា ចាប់​ពី​ថ្ងៃ​សុក្រ​ទី​២២ ខែ​មេសា សប្ដាហ៍​មុន​មក មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៤​នាក់ និង​ជាង ៥០​នាក់​ត្រូវ​រង​របួស​នៃ​ភាគី​ជម្លោះ​ទាំង​សងខាង៕