ក្នុងចំណោមស្ត្រីខ្មែរចេញទៅធ្វើការបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី មាននារីលើសពី ៥០% បានរងគ្រោះដោយកាយាយីផ្លូវភេទពីសំណាក់ថៅកែ ឬម្ចាស់ផ្ទះ និងមិនបានទទួលប្រាក់ឈ្នួល។
ថ្លែងនៅក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់តាមវីដេអូ ឬហៅថា វីដេអូ ខនហ្វើរិន (Video Conference) ក្នុងទីស្នាក់ការគណបក្ស សម រង្ស៊ី នៅថ្ងៃទី២៥ ខែសីហា នាយិកាអង្គការ តេនាហ្គានីតា (Tenaganita) មានទីស្នាក់ការនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកស្រី ស្រ៊ី ដារៀន (Srie Dharan) បានឲ្យដឹងថា ក្នុងឆ្នាំ២០១១នេះ លោកស្រីបានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៥៤នាក់រួចមកហើយដែលបានរងគ្រោះនៅប្រទេសនេះ។
លោកស្រីបន្តថា ស្ត្រីខ្មែរដែលទៅធ្វើការបម្រើតាមផ្ទះបានទទួលរងការបង្ខំទាំងផ្លូវចិត្ត និងផ្លូវកាយ បំបិទសិទ្ធិសេរីភាព ហើយត្រូវបានគេដកយកឯកសារសម្គាល់ខ្លួនផ្សេងៗ និងលិខិតឆ្លងដែនជាដើម។ ក្រៅពីនោះ ពួកគេធ្វើការពេញ១សប្ដាហ៍ ហើយមិនបានចុះកិច្ចសន្យាការងារនោះទេ។
ស្ត្រីពលករឈ្មោះ ស្រី ម៉ៅ អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដែលបានជួយសង្គ្រោះមកដល់មណ្ឌលស្ដារនីតិសម្បទា បានឲ្យដឹងតាមរយៈវីដេអូផ្សាយផ្ទាល់ពីប្រទេសម៉ាឡេស៊ី ថា នាងទៅធ្វើការនៅប្រទេសនេះចំនួន ៥ឆ្នាំហើយ ដែលនាងបានរងគ្រោះដោយម្ចាស់ផ្ទះវាយធ្វើបាប និងមិនបានទទួលប្រាក់ឈ្នួលសោះរហូតមកដល់ពេលនេះ។
អ្នកស្រី ម៉ម ប៉ិច ពលរដ្ឋនៅខេត្តក្រចេះ បានដាក់ពាក្យប្ដឹងក្រុមហ៊ុននាំពលករ ធី អេន ភី (T&P) ទៅអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានថ្លែងថា កូនស្រីរបស់អ្នកស្រីបានបាត់ដំណឹងជាង ៣ឆ្នាំមកហើយនៅប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនបញ្ជូនពលករពុំមានការទទួលខុសត្រូវពីក្រុមហ៊ុននោះទេ។
ឆ្លើយតបបញ្ហានេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កាលពីថ្ងៃទី១៧ ខែសីហា រដ្ឋាភិបាលទើបបានអនុម័តអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន ជាចំណែកមួយក្នុងការលើកកម្ពស់សិទ្ធិពលករ។ ប៉ុន្តែលោកស្រីសុំឲ្យមានកិច្ចសហការល្អពីក្រុមសង្គមស៊ីវិល។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រមណ្ឌលកំពត គណបក្ស សម រង្ស៊ី បានមានមតិថា អនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន ដែលរដ្ឋាភិបាលទើបបានអនុម័តកាលពីថ្ងៃទី១៧ ខែសីហា នោះ នៅមានភាពខ្វះចន្លោះចំណុចមួយចំនួន ដែលនៅក្នុងអនុក្រឹត្យនេះមិនបាននិយាយអំពីការផ្ដន្ទាទោសដល់ភាគីក្រុមហ៊ុននោះទេ។
លោកស្រី មូរ សុខហួរ បានសម្ដែងក្ដីបារម្ភចំពោះស្ត្រីខ្មែរប្រមាណ ៣ម៉ឺននាក់នៅឆ្នាំ២០១១នេះ បានចំណាកស្រុកទៅធ្វើការបម្រើតាមផ្ទះ។ ចំនួននេះក្រុមអង្គការសង្គមស៊ីវិលកំពុងមានកង្វល់ដែរ ថា ជាចំនួនដ៏ច្រើនដែលស្ត្រីខ្មែរចេញទៅទាំងប្រថុយប្រថាន និងតែងតែរងគ្រោះ៕