មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ដែលបានប្តឹងចាងហ្វាងកាសែតខ្មែរអមតៈ ក្រោមបទផ្សាយព័ត៌មានមិនពិត នឹងបរិហារកេរ្តិ៍កន្លងមកនោះ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗ នេះថា លោកប្រកាន់ជំហរបន្តប្ដឹងកាសែតនេះ ដោយមិនព្រមដកពាក្យបណ្ដឹងវិញទេ គឺទុកឲ្យតុលាការក្រុងភ្នំពេញជាអ្នកកាត់ក្តី។
ព្រះរាជអាជ្ញារង លោក មាស ចាន់ពិសិទ្ធិ បានចេញដីកាលើកទី២ ចុះថៃ្ងទី៧ ខែកក្កដាថ្មីៗនេះ ឲ្យចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា ចូលខ្លួនទៅតុលាការនៅថ្ងៃទី៣ ខែសីហាខាងមុខនេះ។ លោក ប៊ុន ថា បានផ្ញើលិខិតមួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីដើមសប្ដាហ៍ថ្មីៗនេះ ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យដើមបណ្ដឹងដកពាក្យបណ្ដឹងនោះវិញ ប៉ុន្តែគេនៅមិនទាន់បានទទួលចម្លើយវិជ្ជមានណាមួយនៅឡើយទេ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន និងជានាយកសាកលវិទ្យាល័យកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ ជាដើមបណ្ដឹងនៃសំណុំរឿងនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៤ ខែកក្កដាថ្មីៗនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ៖ «អាហ្នឹងខ្ញុំឲ្យតុលាការធ្វើហើយ។ ខ្ញុំឲ្យគាត់ដោះស្រាយយូរហើយ គាត់អត់ដោះស្រាយ។ ខ្ញុំសុំអង្វរគាត់យូរហើយ ឲ្យគាត់សរសេរកែតម្រូវ។ ខ្ញុំអង្វរគាត់ប៉ុន្មានលើក ប៉ុន្មានសារហើយ គាត់មិនព្រមកែតម្រូវ។ អត់មានច្រកណាទៀតទេ មានតែផ្លូវតុលាការ»។
លោកបានប្ដឹងលោក ប៊ុន ថា ចាងហ្វាងកាសែតខ្មែរអមតៈ តាមមាត្រាទី១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន និងមាត្រាទី៦៣ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលសម័យ UNTAC ក្រោមបទផ្សាយព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍។
មូលហេតុដែលនាំឲ្យលោក ប៊ុន ថា កំពុងតែរងការប្ដឹងនោះ គឺដោយសារតែលោកបានចុះផ្សាយព័ត៌មានមួយចំនួន កាលពីខែកញ្ញា ឆ្នាំ២០០៩ កន្លងទៅ អំពីសាកលវិទ្យាល័យកម្ពុជា បានលក់ពាក្យសុំប្រឡងយកអាហារូបករណ៍ក្នុងតម្លៃថ្លៃជាង២ម៉ឺនរៀល ក្នុងសិស្សម្នាក់ៗ នៅក្នុងចំណោមសិស្សជាច្រើនពាន់នាក់។
លោក ប៊ុន ថា ចាងហ្វាងកាសែតខ្មែរអមតៈបានមានប្រសាសន៍នៅថៃ្ងទី២៥ ខែកក្កដានេះថា លោកគ្មានផែនការរត់គេចខ្លួនទេ គឺនឹងទៅតទល់ក្តីនេះនៅឯតុលាការ ៖ «យើងមានមេធាវីរៀងខ្លួនហើយ។ យោងតាមប្រភពសិស្សមកប្រាប់ផ្ទាល់ផង តេតាមទូរស័ព្ទផង ហើយប្រភពមួយទៀត គឺកន្លែង photo copy ផង»។
ភាគីដើមចោទ គឺលោក កៅ គឹមហួន មានមេធាវីឈ្មោះ សុខ ចាន់ និងភាគីចុងចោទ គឺលោក ប៊ុន ថា មានលោក សំ សុគង់ ជាមេធាវីការពារក្ដីរៀងៗខ្លួន។
ប្រធានសមាគមមិត្តអ្នកសារព័ត៌មានកម្ពុជា លោក ឳម ច័ន្ទដារ៉ា បានមានប្រសាសន៍ថា ៖ «អ្វីដែលខ្ញុំចង់ឃើញ ទី១ គឺយើងចង់ឃើញនូវការសម្រួលគ្នា ទោះបីទៅដល់តុលាការក៏ដោយ។ យើងត្រូវតែរកចំណុចកណ្ដាលមួយ គឺថាសម្រួលគ្នា ទោះបីទៅដល់តុលាការក៏ដោយ។ យើងអាចសម្រួលគ្នាបានទេ»។
ឯកសារតាមដាន និងប្រភពមួយចំនួនបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩ មក មានការប្ដឹងអ្នកកាសែតចំនួនជាង ១០ករណីមកហើយ ក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ដែលបានប្ដឹងដោយមន្ត្រីរដ្ឋាភិបាល នៅក្នុងនោះ មានកាសែតមនសិការខ្មែរ កាសែតខ្មែរម្ចាស់ស្រុក កាសែតខ្មែរអមតៈ កាសែតមាតុភូមិ កាសែតកម្ពុជាថ្មី និងកាសែតរស្មីកម្ពុជា ជាដើម ប៉ុន្តែកាសែតមួយចំនួននោះ ត្រូវបានដោះស្រាយគ្នា នៅក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់សំណុំរឿង៕
