មន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានស្ដីបន្ទោសភាគីថៃ ថាមិនមានសុឆន្ទៈក្នុងការគោរពស្មារតីនៃការព្រមព្រៀងគ្នាទ្វេភាគីលើការឈប់បាញ់ និងឱ្យមានការបើកច្រកព្រំដែនអន្តរជាតិឡើងវិញ ដូចនៅក្នុងការព្រមព្រៀងនៃជំនួបចរចាគ្នារវាងថ្នាក់យោធភូមិភាគនៃប្រទេសទាំងពីរដែលបានធ្វើឡើងកាលពី ២ ថ្ងៃមុនកន្លងទៅនោះទេ។
ប្រតិកម្មរបស់មន្ត្រីក្រសួងការពារជាតិកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កងទាហានថៃនៅតែបន្តបាញ់អាវុធដាក់កងទ័ពកម្ពុជានៅឡើយ កាលពីរាត្រីថ្ងៃសុក្រទី ២៩ រហូតដល់ទៀបភ្លឺថ្ងៃសៅរ៍ទី ៣០ ខែមេសានេះ បើទោះបីជាមេបញ្ជាការសមរភូមិថ្នាក់យោធភូមិភាគនៃប្រទេសទាំងពីរ ធ្លាប់បានជួបចរចាគ្នា ចំនួន ២ លើកជាប់ៗ គ្នា កាលពីថ្ងៃទី ២៨ និង ២៩ ខែមេសា ហើយបានព្រមព្រៀងឈប់បាញ់ និងហាមចល័តកងទ័ពក៏ដោយ។
លោកឧត្តមសេនីយ៏ឯក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា មានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ទី ៣០ ខែមេសាថា៖ ទាហានថៃនៅតែបង្កការផ្ទុះអាវុធលបលួចវាយឆ្មក់មកលើទាហានខ្មែរ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី តែក្នុងរយៈពេលជាង ៨ ម៉ោងបន្ទាប់ពីការជួបចរចាគ្នារវាងមេបញ្ជាការយោធាសមរភូមិទាំងសងខាង ដែលបានព្រមព្រៀងលើការឈប់បាញ់គ្នានោះ។
លោក ឈុំ សុជាត «យប់មិញ (ថ្ងៃសុក្រ) វេលាម៉ោង ៨ យប់រហូតដល់ម៉ោង ៨ និង ៣០ នាទីម្តង។ គេបាញ់កាំភ្លើងត្បាល់ ៦០, ៨០,១២០ (មីលីម៉ែត្រ) ហើយនិង M79 នៅតាក្របី ហើយវេលាម៉ោង ៥ និង ៥ នាទីរហូតដល់ម៉ោង ៦ និង ៧ នាទី។ មួយម៉ោងហ្នឹងបាញ់កាំភ្លើងដូចគ្នាដែរ M79, ៦០, ៨០, ១២០ (មីល្លីម៉ែត្រ) មកលើតាមាន់ និងតាក្របី បាញ់ ២ លើក»។
ចំណែកកាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឲ្យដឹងថា ការប្រយុទ្ធគ្នាជាថ្មីនៅយប់ថ្ងៃសុក្រទី២៩ រហូតដល់ម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃសៅរ៍ខែមេសាទាហានថៃចំនួន ១០ នាក់បានរងរបួស ក្នុងនោះមាន ២ នាក់របួសធ្ងន់។
បញ្ហាព្រំដែននេះដែរ មន្ត្រីច្រកទ្វារព្រំដែន បានឱ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិខ្មែរ-ថៃចំនួន ២ ដែលថៃបានបិទជាឯកតោភាគី ហើយត្រូវបានភាគីខ្មែរ-ថៃបានព្រមព្រៀងគ្នាថា បើកឡើងវិញនោះ គឺមិនទាន់បានបើកនៅឡើយទេ។
លោក ង៉ុយ ជាង អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នៃទឹកដីក្រុងសំរោង ខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ច្រកទ្វារព្រំដែនដែលភាគីថៃបានបិទតាំងពីថ្ងៃទី ២២ ខែមេសាមកនោះ នៅតែបន្តបិទដដែល។
លោក ង៉ុយ ជាង ៖ «ខ្ញុំនៅមាត់ច្រកនេះអត់មានបើកទេបង នៅបិទជិតឈឹងដដែលបង។ តាំងពីថ្ងៃប្រជុំមកថាបើក ហើយព្រឹកឡើងក៏ប៉ះគ្នានៅតាមាន់តាអីមក វាអត់បើកទៀត ហើយថ្មើរនេះក៏អត់មានបើកដែរស្ងាត់ឈឹង»។
ចំណែកលោក នេត្រ តារា ប្រធានច្រកទ្វារព្រំដែនជាំសាង៉ាំ ស្រុកអន្លង់វែងមានប្រសាសន៍ថា ច្រកទ្វារព្រំដែន ដែលភាគីថៃបិទ កាលពីថ្ងៃទី ២២ ខែមេសា និងនៅថ្ងៃទី ២៤ បើកមួយភ្លែតក៏បិទទៅវិញ ហើយបន្តបិទរហូតមកដល់ពេលនេះ ដោយភាគីថៃមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ៕