ក្រសួងការបរទេសកម្ពុជាបានថ្កោលទោសចំពោះការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលនៅតែកើតមានជាបន្តបន្ទាប់។ រដ្ឋាភិបាលកម្ពុជាបានហៅការបាញ់ប្រហារនេះថាជាអំពើអមនុស្សធម៌ និងព្រៃផ្សៃ និងបានរំលោភលើស្មារតីចំណុចលេខ៧៧ នៃកំណត់ហេតុពិភាក្សាលើកទី៦ របស់គណៈកម្មាធិការចម្រុះ សហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងថៃ នៅខែសីហា ឆ្នាំ២០០៩ កន្លងទៅ។
គោលការណ៍នោះ គឺបានហាមឃាត់មិនឲ្យភាគីកម្ពុជា និងថៃ បាញ់សម្លាប់ប្រជាពលរដ្ឋនៃភាគីណាមួយ ដែលបានឆ្លងចូលទឹកដីខុសច្បាប់ ឬប្រព្រឹត្តិអំពើខុសច្បាប់ណាមួយ។
ប្រតិកម្មជាផ្លូវការនេះ គឺធ្វើឡើងក្រោយពីទាហានថៃបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់ទៀតឈ្មោះ សំរៀម អាយុ៣១ឆ្នាំ ភេទប្រុស នៅពេលដែលគាត់បានឆ្លងចូលទឹកដីថៃនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីរកការងារធ្វើនៅខេត្តសាកែវ (Sakeo) ប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី៤ ខែឧសភា ថាការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរបែបនេះ គឺផ្ទុយនឹងគោលការណ៍ច្បាប់អន្តរជាតិស្ដីពីមនុស្សធម៌ ៖ "យើងទាមទារឲ្យយកជនដៃដល់ យកទៅកាត់ទោស។ ទាមទារឲ្យអាជ្ញាធរទប់ស្កាត់។ អាជ្ញាធរថៃពាក់ព័ន្ធទប់ស្កាត់កុំឲ្យមានការបាញ់បោះហ្នឹងទៀត។ ហើយបើគាត់ខុសអ្វីឲ្យចាប់យកទៅផ្ដន្ទាទោសចុះ។ យើងតែងតែរកមេធាវីឯករាជ្យការពារគាត់ ធ្វើយ៉ាងម៉េចឲ្យគាត់ទទួលបានយុត្តិធម៌ទៅតាមច្បាប់ប្រទេសនោះ"។
ភាគីថៃនៅមិនទាន់បានឆ្លើយតបនៅឡើយទេចំពោះកំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជានេះ។ ចំណែកឯសាកសពរបស់ប្រជាពលរដ្ឋខ្មែរឈ្មោះ សំ រៀម នោះ ត្រូវបានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ បានជួយសម្រួលដឹកមកឲ្យគ្រួសារធ្វើបុណ្យសពរួចហើយ តាមច្រកព្រំដែនបឹងត្រកួន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ក្រសួងការបរទេសកម្ពុជាគប្បីឆ្លើយតប និងដោះស្រាយបញ្ហាឲ្យបានម៉ឺងម៉ាត់ជាងនេះទៀត ៖ "កាលណារឿងហ្នឹងវាទៅជារឿងច្រើនដង យើងត្រូវតែឆ្លើយតបយ៉ាងត្រឹមត្រូវមួយ តាមលក្ខណៈការទូត ឬក៏យើងត្រូវផ្ដាច់ទំនាក់ទំនង ឬក៏យើងត្រូវតែផ្អាក ឬក៏បង្កកទំនាក់ទំនងរវាងប្រទេសទាំងពីរ ពីព្រោះយើងជាសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ...នៅឆ្នាំ២០១៥ យើងគ្មានរនាំងព្រំដែនផង ចុះយើងជាសហគមន៍តែមួយ ធ្វើបែបហ្នឹង តើយើងអាចធ្វើសហគមន៍បានដែរ ឬទេ"។
ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរថ្មីៗ នេះ គឺមិនយូរប៉ុន្មានក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក យ៉ុងយុទ្ធ វីឆៃឌីត (Yongyoot Wichaidit) បានចុះហត្ថលេខាទ្វេភាគីនៅឯវិមានសន្តិភាព ទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ ដើម្បីរក្សាសន្តិសុខនៅតាមព្រំដែនកម្ពុជា និងថៃ។
ភាគីទាំងពីរក៏បានឯកភាពគ្នាដោះស្រាយបញ្ហាកម្មករខ្មែរចូលទឹកដីថៃខុសច្បាប់នោះដោយសន្តិវិធី។
តាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង និងប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អ៊ំ សំអាត បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរចំនួន ១០នាក់ហើយ ត្រូវបានទាហានថៃបាញ់សម្លាប់ក្នុងរយៈពេល ៤ខែ ឆ្នាំ២០១២ កន្លងមកនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។