មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៤ ខែតុលាថា ការជួបទល់មុខគ្នារវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅក្នុងទីក្រុងប្រ៊ូសែល (Brussels) ប្រទេសប៊ែលហ្សិកនោះ បានផ្ដោតលើការស្វែងរកដោះស្រាយលើបញ្ហាផ្សេងៗ ជាច្រើន ក្នុងនោះរួមមានបញ្ហាសម្រួលកងកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការស្ដារទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែរឹងមាំថែមទៀត។
កិច្ចចរចាទ្វេភាគីនោះ គឺធ្វើឡើងនៅវេលាម៉ោងជិត៥ល្ងាច នៅក្នុងប្រទេសប៊ែលហ្សិក ត្រូវនឹងម៉ោងជិត ១២យប់ នៅក្នុងប្រទេសកម្ពុជា គឺនៅក្រៅមហាសន្និបាតអាស៊ី-អឺរ៉ុប (ASEM) លើកទី៨ នៅក្នុងប្រទេសប៊ែលហ្សិកនោះ។
ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ជុំ កុសល បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែតុលាថា ការចរចាទ្វេភាគីនេះ គឺបានបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ពីកិច្ចចរចាទ្វេភាគីលើកដំបូង នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៖ «បញ្ហាសំខាន់ គឺការសម្រួលកងទ័ព នៅជុំវិញប្រាសាទព្រះវិហារហ្នឹង គឺបញ្ហាផ្ដោតសំខាន់។ ហើយនាយករដ្ឋមន្ត្រីថៃហ្នឹង ប្រហែលជានឹងផ្ដល់ចម្លើយជាក់លាក់មួយ ស្ដីអំពីរដ្ឋសភានៃប្រទេសថៃហ្នឹង និងអនុម័តលើកំណត់ហេតុប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលប្រមុខរដ្ឋាភិបាលលោកបានលើកឡើងនោះ។ ប្រហែលជាជម្រាបជូនដល់នាយករដ្ឋមន្ត្រីកម្ពុជាយើង អំពីកាលបរិច្ឆេទច្បាស់លាស់មួយ»។
តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី លោក យឹម សុវណ្ណ និងជាមន្ត្រីអ្នកនាំពាក្យបានមានប្រសាសន៍ប្រតិកម្មថា លោកមានជំនឿតិចតួចពីការចរចាទ្វេភាគីនេះ ៖ «ដូច្នេះ បើសិនជាយើងទៅដោះស្រាយនៅអន្តរជាតិ គឺយើងមានប្រៀប។ ពីព្រោះយើងមានក្របខ័ណ្ឌច្បាប់ សាលក្រមតុលាការក្រុងឡាអេ ហើយជឿថា អ្វីៗយើងនឹងអាចរកយុត្តិធម៌បាននៅក្នុងការចូលរួមរបស់អន្តរជាតិ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំប្រតិភូជាន់ខ្ពស់ មានដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ និងមន្ត្រីមួយចំនួនទៀតទៅចូលរួមនៅក្នុងមហាសន្និបាតអាស៊ី-អឺរ៉ុប លើទី៨ នៅក្នុងទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្សិក។
កាលពីថៃ្ងទី២៦ ខែលកញ្ញាកន្លងទៅនេះ រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន និងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា ការជួបចរចាទ្វេភាគីកម្ពុជា និងថៃ គឺជារឿងមួយ ហើយការងារដែលកម្ពុជាបានធ្វើជាមួយអង្គការសហប្រជាជាតិ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ក៏ជារឿងមួយផ្សេងទៀត ក្នុងការរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនេះ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ៕
