តើមូលហេតុអ្វីបានពលរដ្ឋខ្មែរ និងសង្គមស៊ីវិលមួយចំនួន ដាច់ចិត្តបើកកកាយរឿងរ៉ាវក្នុងផ្ទះខ្លួនឯង ឲ្យបរទេសគេដឹងឮ និងទាមទារឲ្យជួយរកដំណោះស្រាយបែបនេះ?
មន្ត្រីសង្គមស៊ីវិលបានសង្កេតឃើញថា ពលរដ្ឋខ្មែរដែលកំពុងជាប់ផុងក្នុងវិបត្តិដីធ្លី តុលាការ ព្រមទាំងរងនូវការរំលោភបំពាននានាក្នុងពេលបច្ចុប្បន្ននេះ គឺប្រៀបបាននឹងសត្វដែលកំពុងលង់ទឹក ហើយចាំបាច់ត្រូវរកអ្នកជួយសង្គ្រោះជាបន្ទាន់។
ប្រជាពលរដ្ឋដែលកំពុងមានទុក្ខ បានព្យាយាមស្វែងរកឱកាសជួបអ្នកទី២ ឬទី៣ ដើម្បីជួយពួកគាត់ ហើយពួកគាត់បានចាត់ទុកឱកាសដែលមេដឹកនាំប្រទេសនៅក្នុងតំបន់ និងប្រទេសមហាអំណាច ចូលមកទស្សនកិច្ចនេះ ជាឱកាសមួយសម្រាប់ជួយសម្របសម្រួលបញ្ហាដែលជាប់គាំងជាច្រើនឆ្នាំមកហើយ។
រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់ និងអង្គការជាតិ និងអន្តរជាតិ ប្រមាណជាង ៥០០ស្ថាប័នផ្សេងទៀត បានព្យាយាមជួបប្រជុំដាច់ដោយឡែកពីគ្នា ដើម្បីធ្វើញត្តិ និងសេចក្តីថ្លែងការណ៍រួម ដាក់ទៅមេដឹកនាំពិភពលោក បើទោះបីជាការជួបប្រជុំនោះត្រូវអាជ្ញាធររដ្ឋាភិបាលបង្កការលំបាក និងរារាំងយ៉ាងណាក្តី។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោកមានប្រសាសន៍ថា នេះជាការរួមគ្នាមួយ ដើម្បីឆ្ពោះទៅរកភាពជោគជ័យទៅតាមអ្វីដែលពួកគាត់ចង់បាន ហើយម្យ៉ាងទៀត ប្រទេសកម្ពុជា បានរួមបញ្ចូលគ្នាជាសហគមន៍តែមួយ ដូចជាសហគមន៍អាស៊ានជាដើម។ ដូច្នេះ ពលរដ្ឋនៅក្នុងសហគមន៍ត្រូវតែចូលរួមជួយគ្នា ប្រមូលផ្តុំឲ្យមានសំឡេងខ្លាំងតែមួយ ទាមទារទៅថ្នាក់ដឹកនាំធំនៅលើពិភពលោក ពិចារណាជួយរកដំណោះស្រាយ។
លោក សៀ ភារម្យ៖ «កាលណាគាត់ស្រែកតែនៅក្នុងស្រុក ពួកគាត់អ្នកតវ៉ាអត់មានឥទ្ធិពលទេ ហើយបើសិនជាមានការគាំទ្រពីមិត្តភ័ក្ដិរបស់គាត់នៅក្នុងសហគមន៍អាស៊ាននោះ នឹងមានកម្លាំងកាន់តែខ្លាំង កាន់តែច្រើន។ អ៊ីចឹង វាមានឥទ្ធិពលខ្លាំងទៅថ្នាក់ដឹកនាំពិភពលោក ត្រូវធ្វើការពិចារណារកវិធីសាស្ត្រ ដើម្បីជួយពន្យល់ទៅដល់រដ្ឋាភិបាលយើងហ្នឹង ឲ្យគាត់ធ្វើតែអំពើល្អ គោរពសិទ្ធិមនុស្ស អាហ្នឹងវាមើលឃើញនូវសារប្រយោជន៍សម្រាប់ពួកគាត់អ៊ីចឹង»។
លោកបន្តថា បញ្ហានេះបើសិនមិនមានវិធានការដោះស្រាយទេ វាអាចនឹងធ្វើឲ្យរដ្ឋាភិបាលបាក់មុខដែរ នៅពេលដែលភ្ញៀវមកលេងផ្ទះ ហើយមានកូនយំឡាំប៉ាទាមទារឲ្យដំណោះស្រាយគ្រប់រឿងយ៉ាងដូច្នេះ។
បញ្ហាដែលប្រជាពលរដ្ឋទាមទារឲ្យមេដឹកនាំប្រទេសអាស៊ាន និងថ្នាក់ដឹកនាំធំៗនៅលើពិភពលោកជួយដោះស្រាយនោះ រួមមានការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ដោយពុំមានសំណងសមរម្យ បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាតុលាការមិនឯករាជ្យជាដើម។
សម្រាប់អ្នកសិក្សាស្រាវជ្រាវលើការអភិវឌ្ឍសង្គម លោក កែម ឡី វិញ មើលឃើញថា ជាការឆ្លុះបញ្ចាំងពីភាពមិនទទួលខុសត្រូវរបស់អ្នកដឹកនាំ ធ្វើឲ្យពលរដ្ឋបាត់ទំនុកចិត្ត។ ការដោះស្រាយបញ្ហាទាំងក្នុងប្រព័ន្ធតុលាការ និងខាងក្រៅប្រព័ន្ធតុលាការ មិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។ បញ្ហាផ្ទៃក្នុងនេះ និងបញ្ហាចាត់ចែងក្នុងកិច្ចប្រជុំអាស៊ានកន្លងមក ដែលមានការយឺតយ៉ាវក្នុងការចេញសេចក្តីថ្លែងការណ៍រួមនោះផង អាចធ្វើមានការកត់សម្គាល់លើសមត្ថភាពគ្រប់គ្រងរបស់កម្ពុជា និងធ្វើឲ្យមានការមើលស្រាលពីប្រទេសជាសមាជិក។
លោក កែម ឡី៖ «ចំណុចទី២ ឆ្លុះបញ្ចាំងនូវរូបភាពថា នៅស្រុកខ្មែរយើងហ្នឹង មានបញ្ហាច្រើនដែលយើងមិនអាចដោះស្រាយបាន សូម្បីតែគណៈកម្មាធិការយុវជន គណៈកម្មការសង្គមស៊ីវិលអាស៊ានអីហ្នឹង ក៏មានការលំបាក ហើយរូបភាពហ្នឹងវាមិនល្អទេ ហើយវាជះឥទ្ធិពលដល់ការឆ្លុះបញ្ចាំងនូវសមត្ថភាពខ្មែរយើងក្នុងការរៀបចំវេទិកាឲ្យរលូន»។
ទោះយ៉ាងណាក្តី មន្ត្រីរដ្ឋាភិបាលថាទាំងនេះជាសិទ្ធិរបស់ពលរដ្ឋ និងអង្គការជាតិ និងអន្តរជាតិ ប៉ុន្តែសូមកុំឲ្យការទាមទារនោះ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៃការអញ្ជើញមកដល់របស់ថ្នាក់ដឹកនាំពិភពលោក។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោកមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែបើកចំហផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ សង្គមស៊ីវិល តស៊ូមតិដោយអហិង្សា។ លោកយល់ថា បញ្ហានេះក៏ជាការបង្ហាញពីសេរីភាពនៃការតស៊ូមតិតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរចំទិសដៅ ហើយលោកគិតថា កម្ពុជា នឹងមិនត្រូវរងសម្ពាធពីខាងភាគីណាមួយនោះទេ៖ «គឺកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតីភាពរបស់ខ្លួន។ កម្ពុជា មិនស្ថិតនៅក្រោមអាណានិគមរបស់អ្នកណាទេ ហើយអ្វីដែលយើងបង្កើនវិញ គឺការយល់ដឹងរវាងកម្ពុជា និងប្រទេសដៃគូអភិវឌ្ឍន៍ ពង្រឹងលទ្ធិប្រជាធិបតេយ្យ បង្កើនការអភិវឌ្ឍនៅស្រុកខ្មែរបន្តទៀត»។
លោក កែម ឡី មើលឃើញដែរថា សកម្មភាពដាក់ញត្តិប្ដឹងទាមទារទៅមេដឹកនាំពិភពលោកនេះ គ្រាន់តែជាការបង្ហាញពីភាពអស់ជម្រើសរបស់ពលរដ្ឋ និងសង្គមស៊ីវិលដែលព្យាយាមតស៊ូមតិជាមួយរដ្ឋាភិបាល ដែលមិនទាន់បានផលល្អ។ ចំពោះលទ្ធផលធំដំនឹងមិនទាន់ទទួលបានភ្លាមនោះទេ ហើយក៏មិនមានសម្ពាធអ្វីធ្ងន់ធ្ងរដល់រដ្ឋាភិបាលដែរ៖ «យើងឃើញក្នុងធម្មនុញ្ញអាស៊ាន មានចង់ថាមិនជ្រៀតជ្រែកប្រទេសនីមួយៗ ហើយយើងឃើញមាននៅក្នុងមាត្រានៃសេចក្តីព្រាងសេចក្តីប្រកាសនៃសិទ្ធិមនុស្សអាស៊ាន មិនឲ្យជ្រៀតជ្រែកប្រទេសនីមួយៗ។ អ៊ីចឹង ពិបាកនឹងយកឥទ្ធិពលប្រទេសដទៃមកកែក្នុងប្រទេសយើងណាស់។ ក៏ប៉ុន្តែ បើយើងមិនដាក់ឲ្យគេឮ ឲ្យគេដឹង ក៏អ្នកទទួលធ្វើសេចក្តីសម្រេចចិត្តនោះ នឹងមិនបានរៀនសូត្រ មិនបានដឹងបញ្ហា ដើម្បីឲ្យមានឥទ្ធិពលទៅលើសេចក្តីសម្រេចចិត្តនោះបានដែរ»។
នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ ថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ថា មេដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ ៥០០ស្ថាប័ន នឹងជួបជជែកពិភាក្សាលើផែនការដាក់ញត្តិជូនមេដឹកនាំអាស៊ាន និងមេដឹកនាំនៃបណ្ដាប្រទេសមហាអំណាច មានសហរដ្ឋអាមេរិក ជាដើម ដែលនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។
អ្នកស្រីបន្តថា កិច្ចប្រជុំនោះនឹងលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាសំខាន់ ពីបញ្ហាសេចក្តីថ្លែងការណ៍ស្ដីពីសិទ្ធិមនុស្សអាស៊ាន បញ្ហាសិទ្ធិពលករចំណាកស្រុក បញ្ហាយន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលខ្វះការការពារជាដើម។
ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន១០ ផ្សេងទៀត ក៏នឹងត្រៀមចេញសារចំនួន ៣ចំណុចសំខាន់ដែរ សម្រាប់ដាក់ជូនប្រធានាធិបតីអាស៊ាន លោក បារ៉ាក់ អូបាម៉ា (Barack Obama) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ក្នុងនោះ ផ្ដោតទៅលើតួនាទីអង្គការសង្គមស៊ីវិល ហើយនិងអ្នកការពារសិទ្ធិមនុស្ស ដូចជាលោក ម៉ម សូណង់ដូ សកម្មជនសិទ្ធិមនុស្ស និងប្រជាពលរដ្ឋជាច្រើនទៀត ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ការដោះស្រាយបញ្ហាដីធ្លីដោយយុត្តិធម៌ ជំរុញកំណែទម្រង់ប្រព័ន្ធតុលាការ ដែលរដ្ឋាភិបាលសន្យាលើសមួយទសវត្សរ៍មកហើយ។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ទៀតថា សារដែលទាមទារទាំងនោះ តាមពិតត្រូវដាក់ទៅរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែដោយរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទទួលយកទៅដោះស្រាយ ទើបបានជាអង្គការបង្វែរយកសារទាំងនោះទៅឲ្យប្រទេសមហាអំណាច ក្នុងគោលបំណងជំរុញឲ្យការទាមទាររបស់ពួកគេមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។