តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាមទារ​យុត្តិធម៌​ជូន​ខ្មែរ​ក្រោម​ត្រូវ​វៀតណាម​សម្លាប់

ការ​ស្លាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​២​នាក់ នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១០ មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ ដោយ​អាជ្ញាធរ​វៀតណាម។

0:00 / 0:00

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​វៀតណាម ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ចាប់​ខ្លួន​ជន​សង្ស័យ ឬ​ឃាតក​ដែល​បាន​ព្រួត​គ្នា​វាយ​សម្លាប់​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​២​នាក់ និង​១១​នាក់​ទៀត​រង​របួស កាល​ពី​ដើម​ខែ​កញ្ញា​ថ្មីៗនេះ ដោយ​ក្រុម​អ្នក​ភូមិ​វៀតណាម នៅ​ក្នុង​ខេត្ត​រោងដំរី ឬ​ខេត្ត​តៃនិញ ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

លិខិត​របស់​លោក យន្ត ថារូ បាន​សរសេរ​ទៅ​លោក សឺង សុង​សើង ជា​សមាជិក​មជ្ឈិម​បក្ស និង​ជា​អនុ​ប្រធាន​ចង្អុល​ទិស​ភាគ​និរតី​នៃ​ប្រទេស​វៀតណាម គឺ​បាន​ផ្ញើ​ជូន​តាម​រយៈ​ស្ថាន​ទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​បាន​ចេញ​មក​ទទួល​លិខិត​នោះ​ទេ។

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង សម រង្ស៊ី លោក យន្ត ថារូ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ថា ៖ «សុំ​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​រង​គ្រោះ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ពួក​គាត់​ផង។ ពី​ព្រោះ​ជន​រង​គ្រោះ​ដែល​ជា​ខ្មែរ​កម្ពុជា​ក្រោម​រយៈ​ពេល​រហូត​ដល់​ពេល​នេះ ជាង​កន្លះ​ខែ​ហើយ។ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ»

ព្រឹត្តិការណ៍​វាយ​សម្លាប់​នោះ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​តំបន់​ចម្ការ​កៅស៊ូ​របស់​វៀតណាម នៅ​ក្នុង​ខេត្ត​រោង​ដំរី ឬ​ខេត្ត​តៃនិញ ដែល​ប្រភព​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ជម្លោះ​នោះ​គឺ​បណ្ដាល​មក​ពី​ការ​រើសអើង​ជាតិ​សាសន៍។ អ្នក​ភូមិ​វៀតណាម​រាប់​សិប​នាក់​បាន​ប្រើប្រាស់​ដំបង និង​កាំបិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ ចៅ ណែត អាយុ​២២​ឆ្នាំ គឺ​មាន​ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​រលាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន​យ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ និង​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត ដែល​បាន​ស្លាប់​នោះ​ដែរ គឺ​មាន​ឈ្មោះ ចៅ ផាត មាន​ស្រុក​កំណើត​នៅ​ក្នុង​ឃុំ​បន្ទាយ​ស្វាយ ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន​យ៉ាង។

មន្ត្រី​នៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចេះ​និយាយ​ភាសា​ខែ្មរ បាន​មាន​ប្រសាសន៍​ខ្លី​ថា លោក​បាន​ឮ​ព័ត៌មាន​អំពី​លិខិត​តវ៉ា​ខាង​លើ​នេះ​ដែរ ៖ «អត់​មាន​បាន​ទទួល​បាន​ទេ។ ព័ត៌មាន​ឮ​អ៊ីចឹង​តែ​ធាតុ​ពិត​ស្ថានទូត​មិន​ទាន់​បាន​ទទួល​បាន​ឯណា»

ឪពុក​របស់​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ ចៅ ណែត ដែល​បាន​ស្លាប់ នៅ​ក្នុង​ឃុំ​ចៅ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក បាន​ឲ្យ​ដឹង​ថា លោក​ទាម​ទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត ៦០​លាន​ដុង ស្មើ​នឹង​ជាង ៣០០០​ដុល្លារ​អាមេរិក និង​ទាម​ទារ​ឲ្យ​សមត្ថកិច្ច​វៀតណាម​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទា​ទោស ៖ «ឥឡូវ​ថា​គេ​ប្ដឹង​ផ្ដល់។ គេ​ឲ្យ​ប្ដឹង​អ៊ីចឹង​ណា។ ប្ដឹង​ឡើង​ទៅ​ក្រោម​ទៀត​ណា ដើម្បី​ឲ្យ​ពួក​កន​ដែល​សម្លាប់​ហ្នឹង ឲ្យ​សង​យ៉ាង​ម៉េច​ណោះ»

ឪពុក​របស់ ចៅ ណែត ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បាន​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​កំណត់​ហេតុ​ និង​ពាក្យ​បណ្ដឹង​ជុំវិញ​ឃាតកម្ម​កន្លង​មក​នេះ៕