ក្នុងព្រះរាជសារផ្ទាល់ព្រះហស្តជាភាសាបារាំងនោះ ព្រះអង្គទ្រង់លិខិតថា ៖ ក្នុងអនាគតមិនយូរមិនឆាប់ខាងមុខនេះ រាជាធិបតេយ្យខ្មែរ មានឱកាសជាថ្មីម្តងទៀត ត្រូវគេទម្លាក់ ឬ រំលំរាជបល្ល័ង្ក ។
ក្នុងព្រះរាជសារដដែលនោះ អតីតព្រះរាជាខ្មែរទ្រង់បានស្រង់ព្រះរាជបន្ទូលព្រះមហាក្សត្រ គឺព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ដែលជាព្រះរាជបុត្រ ដែលមានសេចក្តីថា ៖ ព្រះបិតា តើព្រះបិតា មិនព្រួយព្រះទ័យចំពោះបុត្រទេឬ ! ខ្ញុំនឹងវិលទៅក្រុងប៉ារីសវិញ ដើម្បីគង់នៅទីនោះ ក្នុងបន្ទប់ស្ទូឌីយោមួយ មិនឆើតឆាយ ។
អតីតព្រះមហាក្សត្រ ក៏បានបញ្ជាក់អំពីព្រះរាជបំណង ចង់គង់នៅរបៀបនិរទេសព្រះកាយក្នុងស្រុក ដែលគេទទួលរាក់ទាក់ព្រះអង្គដែរ ។ ឆ្លើយតបនឹងកាសែតអូស្រ្តាលីនោះ ព្រះអង្គទ្រង់ធ្វើព្រះចំណារថា បស្ចិមប្រទេសនិងព្រះអង្គ មិនយល់គ្នាទេ តាំងពីទសវត្សរ៍ ១៩៥០មកម្ល៉េះ ។
សម្រាប់បស្ចិមប្រទេសនិងពិភពលោក ដែលថា សេរី នោះ ព្រះអង្គផ្ទាល់ គេស្អប់ខ្ពើមជាងអ្នកដឹកនាំឯទៀតៗ ហើយព្រះអង្គមានកំហុសគ្រប់បែបយ៉ាង ជាគំរូអាក្រក់ដល់មនុស្សជាតិ ។
កាសែតសរសេរថា អតីតព្រះមហាក្សត្រខ្មែរ ទ្រង់លិខិតដូច្នេះ នៅមុនពេលបោះឆ្នោតជាតិ ថ្ងៃ២៧ កក្កដា ៕