នោះគឺជាពិធីបុណ្យរំលឹកថ្ងៃបង្កើតពហុវប្បធម៌នៃប្រទេសអូស្ត្រាលី។
លោក ដាញ់ ក្វាង ប្រធានសមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅប្រទេសអូស្ត្រាលី បានលើកឡើងថា នៅថ្ងៃទី២៦ មករា ឆ្នាំ២០១១ នេះ គ្រប់ជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី បានចូលរួមបង្ហាញនូវវប្បធម៌ ប្រពៃណីរបស់ខ្លួន ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៦ ខែមករា ៖ "យើងបានបង្ហាញទំនៀមទម្លាប់ប្រពៃណីយើង ដូចជាច្រៀង រាំ របាំ ឆៃយ៉ាំ ដល់សភាអូស្ត្រាលីគាត់មើល ហើយនិងជួយយើង ក្រៅពីបង្ហាញប្រពៃណីហ្នឹង រដ្ឋាភិបាលអូស្ត្រាលីបានធ្វើព្យុហយាត្រា មានដូចជាយន្តហោះចម្បាំង បាញ់កាំជ្រួច និងបង្ហាញពីទំនៀមទម្លាប់អូស្ត្រាលី ដើម្បីបង្ហាញដល់គ្រប់ជនជាតិទាំងអស់មើល"។
លោក ដាញ់ ក្វាង បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ១៩៩០ មក ដែលមកដល់បច្ចុប្បន្នមានប្រមាណជា ២០០នាក់ កំពុងរស់នៅទីនោះ។
លោក ដាញ់ ក្វាង បានឲ្យដឹងទៀតថា ជនជាតិខ្មែរកម្ពុជាក្រោម មានសិទ្ធិបានទៅរស់នៅប្រទេសអូស្ត្រាលីនោះ តាមរយៈអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ហើយការរស់នៅរបស់ពួកគេសព្វថ្ងៃ មានការយកចិត្តទុកដាក់ និងផ្ដល់សិទ្ធិសេរីភាពពេញលេញពីរដ្ឋាភិបាលអូស្ត្រាលី គឺមិនមានការគាបសង្កត់ផ្នែកសេរីភាពដូចដែលពួកគេធ្លាប់បានរស់នៅក្នុងទឹកដីកំណើត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមនោះឡើយ៕