ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​ត្រូវ​វៀតណាម​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​​​ថៃ​វិញ

ក្រុម​នគរបាល​ប្រទេស​វៀតណាម ចំនួន​ប្រមាណ ៣០​នាក់ បាន​ចាប់​ក្រៀក និង​សែង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះ​នាម ថាច់ ​វាសនា ពី​ប្រលាន​យន្តហោះ ក្រុង​ព្រៃនគរ ចូល​ក្នុង​យន្ត​ហោះ​ពាណិជ្ជកម្ម​ថៃ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ។

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​បញ្ជូន​ចេញ​ពី​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ ប្រទេស​វៀត​ណាម ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​នោះ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​វត្ត​អារាម​មួយ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​ការ​ចាប់​បញ្ជូន​ថ្មីៗ​នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១ ខែ​មេសា​​ថ្មីៗ​នេះ ក្រុម​នគរបាល​ប្រទេស​វៀតណាម​ចំនួន​ប្រមាណ ៣០​នាក់ បាន​ចាប់​ក្រៀក និង​សែង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះ​នាម ថាច់ វាសនា ពី​ប្រលាន​យន្ត​ហោះ ក្រុង​ព្រៃនគរ ចូល​ក្នុង​យន្ត​ហោះ​ពាណិជ្ជកម្ម​ថៃ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ ក្រោយ​ពី​បាន​ឆែក​ឆេរ និង​ពិនិត្យ​លិខិត​ឆ្លង​ដែន​កម្ពុជា និង​អត្តសញ្ញាណ​ផ្សេងៗ តាម​ម៉ាស៊ីន​កុំព្យូទ័រ​ឲ្យ​សញ្ញា​ក្រហម។

ព្រះ​ភិក្ខុ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​នាម ថាច់ វាសនា មាន​ព្រះ​ជន្ម ២៩​ព្រះ​វស្សា ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​វត្ត​មួយ ក្នុង​ទីក្រុង​បាង​កក ប្រទេស​ថៃ បាន​មាន​ព្រះ​ថេរ​ដីកា​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «លុះ​ត្រា​ណា​បាន​ទៅ​ដល់​ស្រុក​កំណើត ទើប​អាត្មា​ត្រឡប់​មក​បាងកក​​វិញ ហើយ​ពេល​នោះ​ក៏​គេ​ចាប់​ផ្ដើម​មាន​កង​កម្លាំង​ជា​ច្រើន កង​កម្លាំង​ប៉ូលិស​សន្តិសុខ​នៅ​ប្រលាន​យន្ត​ហោះ​ហ្នឹង ប្រមាណ​ជាង ៣០​នាក់។ ក្នុង​នោះ មាន ២​នាក់ គឺ​គេ​យក​យាម​អាត្មា និង​កន្ទ្រាក់​យក​កាបូប​អាត្មា។ មាន ២​នាក់​ក្រៀក​ស្មា​អាត្មា​ពីរ​សង្ខាង ២​នាក់​ចាំ​តាម​រុញ​ពី​ក្រោយ។ ជាង ២០​នាក់ គឺ​អម​តាម​សង្ខាង​រហូត រុញ​អាត្មា​ចូល​ដល់​កៅ​អី​យន្ត​ហោះ​តែ​ម្ដង។ សព្វ​ថ្ងៃ​នេះ អាត្មា​កំពុង​លាក់​ខ្លួន​ក្នុង​ទី​ក្រុង​បាង​កក មិន​ទាន់​ទៅ​ដល់​វត្ត​ដែល​អាត្មា​គង់​នៅ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា។ អាត្មា​ដឹង​ថា​ សន្តិសុខ​មិន​សូវ​ល្អ​អ៊ីចឹង​ហើយ​អាត្មា​នៅ​លាក់​ខ្លួន​វត្ត​ផ្សេង​សិន»

ព្រះ​ភិក្ខុ​សង្ឃ ថាច់ វាសនា បាន​និមន្ត​ចាក​ចេញ​ពី​ទីក្រុង​បាងកក ទៅ​កាន់​ប្រទេស​វៀត​ណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មេសា​ថ្មីៗ​នេះ តាម​ជើង​យន្ត​ហោះ​ពាណិជ្ជកម្ម​ថៃ ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ នៅ​ក្នុង​ស្រុក​កំណើត ភូមិ​ជ្រៃ​តាសូ ឃុំ​ដើម​ជ្រៃ ស្រុក​មាត់​សមុទ្ទ ខេត្ត​ព្រះ​ត្រពាំង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​វៀត​ណាម។

ក្រុម​អាជ្ញាធរ​វៀតណាម បាន​ហាម​ឃាត់​មិន​ឲ្យ​ព្រះ​អង្គ​និមន្ត​ចាក​ចេញ​ពី​ប្រលាន​យន្ត​ហោះ​ទេ ក្រោយ​ពី​បាន​ពិនិត្យ​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ដែល​បាន​ចេញ​សញ្ញា​ក្រហម​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ណា​មួយ​ពី​មន្ត្រី​ស្ថានទូត​កម្ពុជា ឬ​មន្ត្រី​តំណាង​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា អំពី​រឿង​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «...មាន​បញ្ហា​លិខិត​ឆ្លង​ដែន​កម្ពុជា ឬ​យ៉ាង​ណា​នោះ គឺ​ថា​ព្រះ​អង្គ​អាច​ទាក់​ទង​ស្ថានទូត​ខ្មែរ​ដើម្បី​បញ្ជាក់​បញ្ហា​នេះ​បាន»

ប្រធាន​រដ្ឋបាលនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក ត្រឹង យ៉ាប បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​មក​ថា ៖ «សព្វ​ថ្ងៃ​ហ្នឹង លោក​បាន​ទៅ​រៀន​សូត្រ​នៅ​ប្រទេស​សៀម។ ពេល​ចូល​ឆ្នាំ​ហ្នឹង​ចង់​ទៅ​លេង​ជា​មួយ​ឪពុក​ម្ដាយ​បង​ប្អូន។ ពេល​លោក​និមន្ត​ទៅ​ពី​បាង​កក​ទៅ​ដល់​ព្រៃនគរ ប៉ូលិស​គយ​គេ​មិន​ឲ្យ​ចេញ»

តាម​ការ​អះអាង​ពី​ព្រះ​ភិក្ខុ​សង្ឃ ថាច់ វាសនា គឺ​ព្រះ​អង្គ​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​ពី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០៦ ហើយ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​១២​ ខែ​តុលា ឆ្នាំ​២០១១។

ព្រះ​អង្គ​បាន​ចូល​ក្នុង​ប្រទេស​វៀត​ណាម​នោះ ដើម្បី​យក​ទិដ្ឋាការ​នៅ​ឯ​ប្រលាន​យន្ត​ហោះ នៅ​ក្នុង​ក្រុង​ព្រៃនគរ ប្រទេស​វៀតណាម។

ព្រះ​អង្គ​បាន​ទាក់​ទង​តំណាង​ស្ថានទូត​កម្ពុជា នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​អំពី​រឿង​នេះ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ ដើម្បី​ដោះ​ស្រាយ​ទេ៕