សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម គឺលោកស្រី ជា លាង បានគូសបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ គឺត្រូវបានចោទចំពោះមេដឹកនាំខ្មែរក្រហមទាំង៥នាក់នោះ ៖ «ជាប់ទាំង ៥»។
លោក យូ ប៊ុនឡេង ចៅក្រមស៊ើបអង្កេតបានថ្លែងថា ក្រុមចៅក្រមកំពុងបន្តពិនិត្យសំណុំឯកសារនិងភស្តុតាងរបស់សហព្រះអាជ្ញាទាក់ទិននឹងការចោទថ្មីនោះ ៖ «ព្រះរាជអាជ្ញាគេចោទ ប៉ុន្តែអានេះជាសិទ្ធិអំណាចរបស់គេ»។
លោកចៅក្រម យូ ប៊ុនឡេង បានថ្លែងបន្តទៀតថា រហូតមកទល់បច្ចុប្បន្ននេះ កាំង ហ្កិចអ៊ាវ ហៅ ឌុច រួមទាំងអតីតមេខ្មែរក្រហម ៤នាក់ទៀត រងការចោទជាផ្លូវការ តែបទឧក្រិដ្ឋជាលក្ខណៈអន្តរជាតិ ចំនួន២ប៉ុណ្ណោះ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និង/ឬ ឧក្រិដ្ឋកម្មសង្គ្រាម។
លោកចៅក្រម យូ ប៊ុនឡេង មានប្រសាសន៍ដូច្នេះថា ៖ «ការអង្កេតលទ្ធផលរបស់យើងហ្នឹង យើងធ្វើនៅក្នុង ស២១ បញ្ជូនទៅហ្នឹង គឺយើងឃើញថា វាមានការសម្លាប់ វាមានស្អីៗអ៊ីចឹង វាទាក់ទិននឹងការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ២បទល្មើសទេ ប្រឆាំងមនុស្សជាតិ ហើយនិងបទឧក្រិដ្ឋកម្មសង្រ្គាម អ៊ីចឹងនៅក្នុងក្របខ័ណ្ឌនៃអង្គហេតុ ស២១។ ដោយឡែកអង្គហេតុ ទាក់ទិននឹងក្របខ័ណ្ឌទូទាំងប្រទេស នៅក្នុងសំណុំរឿងទី២ ជាមួយអ្នក ៤នាក់ទៀតនោះ អាហ្នឹងយើងអង្កេតផ្សេង ហើយការអង្កេតហ្នឹង បើសិនជាមានភស្តុតាង យើងធ្វើទៅតាមភស្តុតាង បើសិនជាអត់មានភស្តុតាងទេ អាហ្នឹងវាមានការលើកលែងចោទហ្នឹង»។
ជាមួយគ្នានេះ មន្ត្រីអន្តរជាតិមួយរូបនៃសាសាក្តីខ្មែរក្រហមបានថ្លែងឲ្យដឹងថា ក្រុមស៊ើបអង្កេតនៃសាលាក្តី កំពុងស្រាវជ្រាវបន្ថែមលើអង្គហេតុនៃការសម្លាប់ជនជាតិភាគតិចនានាក្នុងរបបខ្មែរក្រហម ដែលក្នុងនោះរួមមានទាំងការសម្លាប់ជនជាតិចាមផងដែរ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មជាលក្ខណៈអន្តរជាតិមួយ ដែលកម្រនឹងមានការចោទដោយសារមានការលំបាកក្នុងការកំណត់ធាតុផ្សំនិងចេតនាក្នុងការប្រព្រឹត្តបទល្មើស។
លោក ឆាំង យុ បានថ្លែងបន្តទៀតថា មជ្ឈមណ្ឌលបានរកឃើញឯកសារជាច្រើន ដែលជាមូលដ្ឋានសម្រាប់ចោទលើបទប្រល័យពូជសាសន៍ ៖ «តែចេតនា អាចគួបផ្សំនឹងសកម្មភាពនិងព័ត៌មានដទៃទៀត ដូចជាលិខិតឆ្លើយឆ្លង ការបំបែកជនជាតិភាគតិច ពីក្រុមមួយទៅក្រុមមួយ ការជម្លៀសអីហ្នឹង អាចគួបផ្សំគ្នា ហើយបង្កជាឯកសារមួយបង្ហាញពីចេតនាបានដែរ។ អ៊ីចឹង មជ្ឈមណ្ឌលឯកសារកម្ពុជាយើងបានមើលគ្រប់ជ្រុងជ្រោយអំពីអង្គហេតុទាំងអស់នោះ វាអាចធ្វើជាធាតុគួបផ្សំ។ ហើយជាក់ស្ដែង តាមបទសម្ភាសន៍ ដែលយើងធ្វើឡើងជាមួយជនជាតិចាមក្ដី ជាមួយព្រះសង្ឃក្ដី គឺខ្មែរក្រហមមានចេតនាក្នុងការប្រកាន់ពូជសាសន៍ទៅលើជនជាតិភាគតិចទាំងអស់នោះ»។
សូមជម្រាបថា ក្នុងឆ្នាំ១៩៧៩ អតីតមេដឹកនាំខ្មែរក្រហមពីររូបគឺ ប៉ុល ពត និង អៀង សារី រងការផ្តន្ទាទោសប្រហារជីវិតពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ដែលសវនាការនៅកម្ពុជានាពេលនោះ ត្រូវគេចាត់ទុកថា ជាសវនាការក្តីអំពើប្រល័យពូជសាសន៍ជាលើកដំបូង នៅលើសកលលោក៕